ខេត្តកំពង់ធំ ៖ បុរសជាទណ្ឌិតម្នាក់បានស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ធំ កាលពីម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះឡាយ មិថុនា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ជនរងគ្រោះជាប់ចោទពីបទចាត់ចែងប្រើប្រាស់គ្រឿងញៀន និងត្រូវចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយកំពុងអនុវត្តទោស៣ឆ្នាំ ដោយចៅក្រមឈ្មោះ ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីពិរុទ្ធជនឈ្មោះ មួន សុផានី ភេទប្រុស អាយុ២៦ឆ្នាំ នៅបន្ទប់ឃុំឃាំងជាមួយជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះជាប្រធានបន្ទប់បានដាស់សមាជិកប្រជុំក្នុងបន្ទប់ ដើម្បីរៀនបទបញ្ជាផ្ទៃក្នុងពន្ធនាគារ បន្ទាប់មកទណ្ឌិតដែលជាប់ឃុំទាំងអស់បានចុះមកក្រោម រីឯជនរងគ្រោះនៅក្នុងបន្ទប់ទឹក ។
តាមប្រភពដដែលបានបន្តថា ពេលនោះគាត់ក៏ឮសូរសំឡេងធ្លាក់ប៊ីដុងទឹកយ៉ាងខ្លាំងប្រមាណជា២នាទី គាត់ក៏បានឡើងទៅផឹកទឹកនៅបន្ទប់ខាងលើ ហើយបានដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះដួលផ្ងារពោះនៅលើការ៉ូ ដោយជើងឆ្វេងគងលើខឿនចានបង្គន់ និងបញ្ឈរភ្នែក ។ ពេលឃើញសភាពបែបនេះ គាត់បានយកដៃទៅអង្រួនជនរងគ្រោះ នៅតែមិនដឹងខ្លួន ហើយក៏បានហៅទណ្ឌិតឯទៀតឡើងមកជួយមើល និងធ្វើចលនាដោយលាបប្រេងកូឡា ដើម្បីឱ្យជនរងគ្រោះដឹងខ្លួន តែនៅមិនដឹងខ្លួនទៀត ទើបអនុរក្សពន្ធនាគារបញ្ជូនជនរងគ្រោះទៅមន្ទីរ ពេទ្យខេត្តកំពង់ធំ លុះពេលទៅដល់មន្ទីរពេទ្យខេត្ត ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញខេត្តបានចុះទៅដល់កន្លែងកើតហេតុជាក់ស្តែង និងបានពិនិត្យសពនៅមន្ទីរពេទ្យខេត្ត ក្នុងការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។
តាមការការសន្និដ្ឋានរបស់វេជ្ជបណ្ឌិតបានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារដួលប៉ះពាល់ផ្នែកក្បាលខាងក្រោយ។ ក្រោយការពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ