ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​សិក្សា​សេចក្ដីព្រាងច្បាប់​ចំនួន​៣​សំខាន់​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​បាន​ពិនិត្យ​លើក សេចក្តីព្រាងច្បាប់​ចំនួន​៣ មាន​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​អេ​មី​រ៉េ​ត​ស្តី​ពី​ការ​ជំរុញ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​បាន​ពិនិត្យ​លើក សេចក្តីព្រាងច្បាប់​ចំនួន​៣ មាន​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​អេ​មី​រ៉េ​ត​ស្តី​ពី​ការ​ជំរុញ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​ត្រូវ​បាន​លើកយក​មក​ពិនិត្យ​សិក្សា រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា ។

សមាសភាព​ចូលរួម​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ទាំ​បី​ខាងលើ​នេះ ភាគី​គណៈកម្មការ​ជំនាញ​រដ្ឋសភា មាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ដឹកនាំ​ដោយ​លោក​ជា វ៉ា​ន់​ដេ​ត ប្រធាន​គណៈកម្មការ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​ដឹកនាំ​ដោយ លោក​ឈាង វុន ប្រធាន​គណៈកម្មការ ។

ចំណែក​តំណាង​រាជរដ្ឋាភិបាល​មាន​លោក​ជិន ប៊ុ​ន​ស៊ា​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។ លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។ តំណាង​រាជរដ្ឋាភិបាល​បាន​ជម្រាប​រដ្ឋសភា​ថា សេចក្តី​ព្រាង​ខាងលើ​មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​មិត្ត​អោយ​កាន់តែ​ទូលំទូលាយ​ឡើង​ព្រមទាំង ជា​យន្តការ​មួយ ដើម្បី​ទាក់ទង​ទៅ​នឹង​លំហូរ​ទុន​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​អន្តរជាតិ ។ សេចក្តី​ព្រាង​ទាំង​បី​នោះ​ក៏​នឹង​ផ្តល់​នូវ​ការ​ធានា​ផ្លូវច្បាប់​ដល់​ការ​វិនិយោគ​បរទេស​ដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្នក​វិនិយោគ​កម្ពុជា​ដែល​ចេញ​ទៅ​រកស៊ី​នៅ​ក្នុង​ប្រទេស​ដៃគូ ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

តំណាង​រាជរដ្ឋាភិបាល​បាន​ពន្យល់​ដល់​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បន្ថែម​ថា ភាគី​ជាប់កិច្ចសន្យា​ជា​ម្ចាស់ផ្ទះ​ក៏​មាន​ភារកិច្ច​ផ្តល់​នូវ​ប្រព្រឹត្តិកម្ម​ត្រឹមត្រូវ​ស្មើភាព ដើម្បី​អ្នក​វិនិយោគ​ដែល​កំពុង​វិនិយោគ​លើ​ទឹកដី​របស់​ខ្លួន​ទទួល​បាន​នូវ​ការ​ការពារ និង​សន្តិសុខ​ពេញលេញ ព្រមទាំង​មិន​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​ការ​គ្រប់គ្រង​ការ​ថែរក្សា ការ​ប្រើប្រាស់ ការ​ទទួលផល និង​ការ​ចាត់ចែង​ការ​វិនិយោគ​ដោយ​វិធានការ​មិន​សម​ហេតុផល ឬ​រើសអើង​ពី​ភាគី​ណាមួយ​ឡើយ ។

ក្រោយ​ពី​បាន​ស្ដាប់​ការ​ពន្យល់​របស់​តំណាង​រាជរដ្ឋាភិបាល​រួច​ហើយ​លោក​ជា វ៉ា​ន់​ដេ​ត ក៏​ដូច​ជា លោក​ឈាង វុន បាន​ឯកភាព​ទាំងស្រុង​លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំង​បី​ខាងលើ និង​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​តាក់តែង​សេចក្តីព្រាងច្បាប់​ទាំង​បី​នេះ​ឡើង ក៏​ដូច​ជា បាន​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត ដើម្បី​ចុះ​កិច្ចព្រមព្រៀង​នានា ក្នុង​ការ​ជំរុញ និង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ចូល​មក​កម្ពុជា​អោយ​កាន់​ច្រើន ។ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​បាន​បញ្ជាក់​ថា នឹង​បញ្ជូន​សេចក្ដីព្រាងច្បាប់​ទាំង​បី​ខាងលើ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា និង​អនុម័ត​នា​ពេល​ខាង​មុខ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ