ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពគាស់តូបលក់អីវ៉ាន់១កន្លែង លួចយកទូរស័ព្ទដៃជាច្រើនគ្រឿងរួចរត់គេចខ្លួន បានមួយយប់ តែត្រូវម្ចាស់ប្តឹង រួចនគរបាលធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានសំណុំរឿង កម្លាំងជំនាញបានទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យតាមកាម៉េរ៉ាសុវត្ថិភាព ហើយកំណត់មុខសញ្ញារួចរាល់ ចុះប្រតិបត្តិការចុះឃាត់ខ្លួនតែម្តង ។
តាមប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង៧យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ វណ្ណៈ ហៅថាអាប្លោក ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកម្ចាស់តូបឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីរាជការ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដោយមានបាត់សម្ភារៈកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។
សម្ភារៈដែលបានបាត់បង់រួមមាន ១-ទូរស័ព្ទដៃម៉ាក OPPO11 Pro ចំនួន៣គ្រឿង ២-ទូរស័ព្ទដៃម៉ាក OPPO F11 ចំនួន២គ្រឿង ៣-ទូរស័ព្ទដៃម៉ាក OPPO A3s ចំនួន២គ្រឿង ៤-ទូរស័ព្ទដៃម៉ាក HUAWEI P30 ចំនួន១គ្រឿង សរុបជាទឹកប្រាក់ចំនួន២.២៤៤ដុល្លារ។
ករណីខាងលើនេះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន និងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការស្រាវស៊ើបអង្គេតស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចូលតាមដំបូលតូប លួចទូរស័ព្ទដៃរបស់ជនរងគ្រោះសរុបចំនួន៨គ្រឿងពិតប្រាកដមែន ហើយសមត្ថកិច្ចបាននាំជនសង្ស័យទៅយកវត្ថុតាងដែលបានលាក់ទុកនៅពីក្រោយតូបនោះតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័នគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ