សៀងហៃ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍មកកាលពីថ្ងៃអាទិត្យ ថាសិង្ហបុរីសង្ឃឹមថា ប្រទេសចិន និងសហរដ្ឋអាមេរិកអាចបង្កើតទំនាក់ទំនងមួយដែលអាចសហការគ្នាលើផ្នែកដែលមានអត្ថប្រយោជន៍ដល់ភាគីទាំងសងខាង ខណៈដែលកំពុងបន្តមានការប្រកួតប្រជែងគ្នាដដែល ។
ទាំងនេះត្រូវបានលើកឡើងដោយលោក Heng Swee Keat ដែលជាឧប្បនាយករដ្ឋមន្ត្រីសិង្ហបុរី ។ លោកបានបន្ថែមថា ការតានតឹងឡើងនៃជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរគឺពិតជាគួរឲ្យព្រួយបារម្ភណាស់។
លោកបានបន្តថា «ទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាទំនាក់ទំនងទ្វេភាគីដែលមានសារៈសំខាន់ជាងគេលើពិភពលោក ។ ការប្រកួតប្រជែងមិនអាចជៀសផុតបានទេព្រោះប្រទេសនីមួយៗព្យាយាមការពារអត្ថប្រយោជន៍របស់ខ្លួន និងបង្កើតជីវិតដែលកាន់តែល្អសម្រាប់ប្រជាជនខ្លួន»។
លោកបានបន្តទៀតថា «ការប្រកួតប្រជែងក៏អាចមានភាពស្ថាបនាដែរប្រសិនបើស្ថិតក្រោមការគ្រប់គ្រងបានល្អព្រោះវាអាចជំរុញដល់ការបង្កើតថ្មី និងការលូតលាស់ ។ ផ្ទុយមកវិញ ការប្រកួតប្រជែងអាចបង្កការខូចខាតប្រសិនបើវាត្រូវបានបង្កឲ្យក្លាយទៅជាជម្លោះ និងការប្រឆាំងគ្នា»។
លោក Heng បានកត់សម្គាល់ពីការផ្លាស់ប្តូរធំៗបីដែលមានដូចជា ការធ្លាក់ចុះនៃការគាំទ្រសកលភាវូបនីយកម្ម និងការងើបឡើងវិញនៃគំនិតការពារនិយមជុំវិញពិភពលោក ការលេចឡើងនៃទស្សនៈដែលគិតថាសកលភាវូបនីយកម្មមិនត្រូវបានចែករំលែកស្មើគ្នា ទំនើបកម្មបច្ចេកវិទ្យាដែលអាចនឹងធ្វើឲ្យប្រជាជនជាច្រើនបាត់បង់ការងារ និងការផ្លាស់ប្តូរផ្នែកប្រជាសាស្ត្រដូចជាកំណើនប្រជាជនដែលមានវ័យចំណាស់ជាដើម ។
លោកបានបន្តថា ការផ្លាស់ប្តូរនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ហើយឥទ្ធិពលមួយគឺការធ្លាក់ចុះនៃវិសមភាពរវាងប្រទេស ប៉ុន្តែកំណើនវិសមភាពតាមបណ្តាប្រទេសនីមួយៗ ។ ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរទាំងនេះ លោក Heng បានលើកឡើងពីគោលការណ៍អភិបាលកិច្ចចំនួនបីធំៗដែលយោងតាមតម្លៃរួមក្នុងសង្គម ។
លោក Heng បានបន្តថា «ក្នុងប្រទេសសិង្ហបុរី តម្លៃរួមមួយចំនួនរបស់ពួកយើងគឺការប្តេជ្ញាគាំទ្រការបើកទូលាយ ការគាំទ្រភាពចម្រុះនៃវប្បធម៌ ភាពចម្រុះនៃជាតិសាសន៍ ភាពចម្រុះនៃសាសនា និងភាពចុះសម្រុងគ្នា ស្មារតីនៃសិទ្ធិសម្រេចដោយខ្លួនឯង និងភាពរឹងមាំ បូរណភាព ព្រមទាំងការខ្វល់ខ្វាយពីគ្នាទៅវិញទៅមក និងទំទំនួលខុសត្រូវជាដើម ។ អ្នកដឹកនាំរបស់ប្រទេសមួយត្រូវតែរស់នៅយោងតាមតម្លៃរួមសង្គម និងលើកតម្កើងវាក្នុងសង្គម» ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ