រាជធានីភ្នំពេញ ៖ ដើម្បីឲ្យកម្លាំងពលកម្មរីកចម្រើនចាំបាច់ណាស់ត្រូវតែមានការបណ្តុះប ណ្តាល ការអប់រំចំណេះដឹង និងបណ្តុះបណ្តាលផ្នែកបច្ចេកទេសបន្ថែមទៀត សម្រាប់តម្រូវការ ទីផ្សារនៅក្នុងស្រុក និងតំបន់ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការងារ ។
ថ្លែងក្នុងកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី«អនាគត់នៃការងារសម្រាប់ប្រទេសកម្ពុជា» នាព្រឹកថ្ងៃទី២៧ ខែឧសភា នៅសណ្ឋាគឡឺរ៉ូយ៉ាល់ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាមានអត្រាប្រជាជនអាយុក្រោម២៥ឆ្នាំ ចំនួន៤៩,៥% នៃប្រជាជនសរុប ហើយមានអត្រាយុវជន (អាយុ១៥ ដល់២៤ឆ្នាំ) ចំនួន២៨,៩% នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ១៥ ដល់៦៤ឆ្នាំ) ដែលអត្រានេះបានធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជា «ប្រទេសដែលមានប្រជាជនវ័យក្មេង» ។
លោកបន្តថា រចនាសម្ព័ន្ធប្រជាសាស្ត្រវ័យក្មេងបែបនេះបានធ្វើឱ្យប្រទេសកម្ពុជាកំពុងទទួលផលចំណេញពីភាគលាភប្រជាសាស្ត្រដែលជាកាលានុវត្តភាពសម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ប៉ុន្តែផលចំណេញនេះនឹងមិនអាចត្រូវបានសម្រេចនោះទេ ប្រសិនបើប្រជាជនវ័យក្មេងទាំងនេះមិនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ។ លោកបញ្ជាក់ថា«ក្នុងន័យនេះកម្លាំងពលកម្មជាពិសេសយុវជនចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួលបានជំនាញមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់» ។
ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជាកំពុងជួបប្រទះនូវបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្តុះបណ្តាល នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំង ពលកម្មដែលកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ។ ជាងនេះទៅទៀតការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហ កម្មទី៤ នឹងបណ្តាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឱ្យមានប្រភេទការងារថ្មីៗ ផងដែរ ។ ប៉ុន្តែអ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលវិវត្តនេះនឹងមិនអាចស្វែងរកការងារបាននោះទេ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញ ។
ចំណែកលោក អាត់ ធន់តំណាងសហជីពបានលើកឡើងថាកម្មករនៅកម្ពុជាភាគីច្រើន ជាកម្មករធ្វើការងារខាងកសិកម្ម ហើយធ្វើការជាទំលាប់ ប៉ុន្តែរយៈពេលជាង១០ ឆ្នាំមកនេះកម្មករបានប្រែក្លាយពីការធ្វើការជាទម្លាប់ទៅធ្វើការជាវិស័យឧស្សាហកម្មដែលជាការងារមួយដ៏ស្មុគស្មាញ ហើយត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ។
ដោយឡែកកម្ពុជាយើងមិនទាន់ត្រៀមខ្លួនសម្រាប់រួចរាល់នោះទេ ។ ដូច្នេះចាំបាច់ត្រូវមានការបណ្តុះបណ្តាល អប់រំ ដើម្បីឲ្យយុវជនដើរតាមការវិវត្តន៍នៃបច្ចេកវិទ្យា ។ លោកជំរុញឲ្យមានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដែលរាជរដ្ឋាភិបាលមានគោលនយោបាយស្រាប់ និងទទួលស្គាល់សមត្ថភាព ឬស្តង់ដាដែលទទួលយកបានទាំងអស់ ហើយបើកឲ្យកម្មករអាចធ្វើការនៅក្រុមហ៊ុនមួយនៅក្នុងប្រទេសអាស៊ាន ។
សូមជម្រាបថា ស្របតាមគំនិតផ្តួចផ្តើមអនាគតនៃការងារ និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពគោលបំណងសំខាន់នៃការរៀបចំកិច្ចសន្ទនានេះ គឺដើម្បីបង្កើតជាវេទិកាមួយ សម្រាប់ផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សារវាងអ្នករៀបចំគោលនយោបាយតំណាងកម្មករនិយោជិត តំណាងនិយោជក និងដៃគូអភិវឌ្ឍន៍នានាក្នុងការត្រៀមខ្លួនរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ