ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បក​ហើយ អង្អែល ! អា​មេ​រិ​ក ចាំ​ផ្តើម​កៀងគរ ជប៉ុន

4 ឆ្នាំ មុន

តូ​ក្យូ​៖​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump)…

តូ​ក្យូ​៖​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​បាន​ជំរុញ​ដល់​អ្នកដឹកនាំ​អាជីវកម្ម​ជប៉ុន​ឲ្យ​បង្កើន​ការ​វិនិយោគ​ក្នុង​សហរដ្ឋអាមេរិក និង​បាន​បន្ថែម​ថា ប្រទេស​ជប៉ុន​មាន​អតិរេក​ពាណិជ្ជកម្ម​យ៉ាងច្រើន​ហើយ​អ្នក​ចរចា​កំពុង​តែ​ចង់​ធ្វើ​ឲ្យ​វា​មាន​សមភាព ។

លោក​ប្រធានាធិបតី ត្រាំ បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​អបអរ​ទំនាក់ទំនង​ដ៏​រឹង​មាំ​ជាមួយនឹង​ជប៉ុន​បើ​ទោះជា​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិតមែន​ក្តី ។ លោក​បាន​ប្រាប់​ដល់​ក្រុម​នាយក​ក្រុមហ៊ុន​ធំ​ៗ​មួយ​ថា ពេល​នេះ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​វិនិយោគ​ក្នុង​សហ​រដ្ឋអាមេរិក ។ លោក​បាន​បន្ត​ថា លោក​សង្ឃឹមថានឹង​អាច​ដោះស្រាយ​បញ្ហា​វិសមភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ជប៉ុន ព្រមទាំង​ធានា​ដល់​ភាព​យុត្តិធម៌ និង​ភាព​ទៅ​វិញ​ទៅ​មក​ថែម​ទៀត ។

លោកនាយក​រដ្ឋមន្ត្រី Shinzo Abe និង​លោក​ប្រធានាធិបតី ត្រាំ មាន​ទំនាក់ទំនង​យ៉ាង​កក់ក្តៅ​ដោយ​អ្នកដឹកនាំ​ជប៉ុន​រូប​នេះ​មាន​គោលដៅ​លើក​បញ្ជាក់​សា​ជា​ថ្មី ខណៈ​ដែល​សហរដ្ឋអាមេរិក​ពិចារណា​លើ​ការ​ដាក់​ពន្ធ​លើ​យានយន្ត​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ។

សហរដ្ឋអាមេរិក​កំពុង​តែ​ស្ថិត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​ដែរ​ដើម្បី​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ដែល​ប្រទេស​ចិន​ធ្វើ​ទៅ​លើ​ក្រុមហ៊ុន​អា​មេ​រិ​ក ហើយ​ភាព​តានតឹង​ជាមួយនឹង​ជប៉ុន និង​សហភាព​អ៊ឺ​រ៉ុ​ប​ក៏​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដែរ ។

ប្រធាន​តំណាង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​ក៏​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​សៅរ៍ ផង​ដែរ​ដើម្បី​បន្ត​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​មួយ ។ ប៉ុន្តែ​ការ​ចរចា​ដំណាក់កាល​ចុង​ក្រោយ​រវាង​លោក Toshimitsu Motegi ដែល​ជា​រដ្ឋមន្ត្រី​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជប៉ុន និង​លោក Robert Lighthizer ដែល​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រហែលជា​មិន​អាច​មាន​លទ្ធផល​ល្អ​ទេ​ព្រោះ​ប្រទេស​ទាំង​ពីរ​នៅ​តែ​មានការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​ពន្ធ​លើ​កសិផល និង​ផលិតផល​ឧស្សាហកម្ម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ