ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​វិនិយោគ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​និង​ឡ​ស​ម្ងួ​ត​ស្រូវ​- អង្ករ​និង​អាច​ជួយ​កម្ពុជា​នាំ​ចេញ​អង្ករ​បាន​៥០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហឺ​ណា​ន់ បាន​បង្ហាញ​ចេតនា​វិនិយោគ​លើ​ការ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​-​អង្ករ​នៅ​ក្នុង​ប្រ​ទស​កម្ពុជា ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​-​អង្ករ​ជាតិ ជា​ពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ និង​កាត់​បន្ថយ​ការ​ហូរ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាង ព្រមទាំង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​កសិករ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហឺ​ណា​ន់ បាន​បង្ហាញ​ចេតនា​វិនិយោគ​លើ​ការ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​-​អង្ករ​នៅ​ក្នុង​ប្រ​ទស​កម្ពុជា ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​-​អង្ករ​ជាតិ ជា​ពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ និង​កាត់​បន្ថយ​ការ​ហូរ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាង ព្រមទាំង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​កសិករ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម ។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ លោក ប៊ី គង់​មីន (BI Guangmin) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ថា​លោក​មាន គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​ស​ម្ងួ​ត ដែល​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម​ដល់​ទៅ ១៣​ពាន់​តោន ក្នុង​មួយ​ថ្ងៃ ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ ១​លាន​តោន​។

លោក ប៊ី គង់​មីន បង្ហើប​ថា គម្រោង​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​នេះ នៅ​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ផលិត​ស្រូវ​-​អង្ករ ហើយ​នៅ​ពេល​ការ​សាងសង់​បញ្ចប់ នឹង​អាច​ជួយ​បង្កើន​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយ​ឆ្នាំ ៥០​ម៉ឺន​តោន ហើយ​លោក​បាន​ស្នើ​សុំ​គាំទ្រ និង​អនុសាសន៍​បន្ថែម ពី​លោក​រដ្ឋមន្ត្រី ដើម្បី​ជំរុញ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​ស​ម្ងួ​ត​នេះ អាច​អនុវត្តន៍​បាន​ក្នុង​ពេល​ឆាប់​ៗ​។
លោក​ប៉ាន សូរ​ស័ក្តិ បាន​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​ខាងលើ និង​បាន​ជម្រាប​ជូន​ភាគី​ចិន អំពី​គោលនយោបាយ​ស្រូវ​-​អង្ករ​ជាតិ និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ព្រមទាំង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​-​អង្ករ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឱ្យ​បាន​អតិបរិមា​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម លោក​ប៉ាន​សូរ​ស័ក្តិ ក៏​បាន​ស្នើ​លោក ប៊ី គង់​មីន សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តី​ពី​វិស្វកម្ម​និង​សាងសង់​, កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​ក្រុមហ៊ុនចម្រុះ​កម្ពុជា​-​ចិន ព្រមទាំង​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​គ្រប់គ្រង រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ សម្រាប់​ធ្វើ​ប្រតិបត្តិការ និង​ការ​ថែទាំ​គម្រោង ដើម្បី​ជំរុញ​កិច្ចការ​ទៅ​មុខ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​។

សូម​បញ្ជាក់​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន ដែល​ក្នុង​នោះ​ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ខណៈ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន និង​ក្រុមហ៊ុន​ស៊ី​ទី​ក​ហ្គ្រុ​ប​។ នៅ​ក្នុង​អនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹង​ទទួល​ការងារ​សាងសង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សូម​រម្លឹក មហាមិត្ត​ចិន​ក៏​ទើបតែ​ផ្តល់​កូតា​ថ្មី​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុ​ជាទី​កាន់​ប្រទេស​ចិន ដោយ​មិត្ត​ចិន​យល់ព្រម​ទិញ​អង្ករ​ផ្កាម្លិះ អង្ករ​ក្រអូប អង្ក​រស និង​ចុងអង្ករ ពី​កម្ពុជា អនុវត្ត​ចាប់ពី​ខែ សីហា ឆ្នាំ ២០១៩ ដល់​ចុងខែ ធ្នូ ឆ្នាំ ២០២០ ខណៈ​អ្នក​រកស៊ី វិស័យ​ស្រូវ​អង្ករ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​កម្ពុជា​នឹង​មិន​អាច​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​គ្រប់​កូតា​នោះ​ទ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ