ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​កម្ចី​ជាង​៧​លាន​ដុល្លារ សង់​ឧទ្យាន​ថាមពល​ពន្លឺ ព្រះអាទិត្យ​កម្លាំង​១០០MW​ដើម្បី​ពង្រឹង​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​អនុម័ត​ឥណទាន​សម្បទាន​ចំនួន​៧,៦៤​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​ការ​សាងសង់​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​មាន​កម្លាំង​១០០​មេ​ហ្កាវ៉ា​ត់ នៅ​កម្ពុជា ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា អភិវឌ្ឍន៍​ធនធាន​ថាមពល​កកើត​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​អនុម័ត​ឥណទាន​សម្បទាន​ចំនួន​៧,៦៤​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​ការ​សាងសង់​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​មាន​កម្លាំង​១០០​មេ​ហ្កាវ៉ា​ត់ នៅ​កម្ពុជា ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា អភិវឌ្ឍន៍​ធនធាន​ថាមពល​កកើត​ឡើង​វិញ ធ្វើ​ពិពិធ​កម្ម​ថាមពល​និង​ពង្រឹង​ការ​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច ។

ក្នុង​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ក៏​មាន​ឥណទាន​សម្បទាន​ចំនួន​១១​លាន​ដុល្លារ និង​៣​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផង​ដែរ ។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ ទទួល​បាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ តាម​រយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើង​វិញ ។ បន្ថែម​ពី​នេះ​ទៀត ក៏​មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន​៥០​ម៉ឺន​ដុល្លារ ដែល​ផ្ដល់​ដោយ​មូលនិធិ​អ៊ី​អេ​ស៊ា និង​ភាព​ជា​ដៃគូរ​ចំណេះដឹង នៃ​សាធារណៈរដ្ឋ​កូរ៉េ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ជា​និយ័ត​ករ​អគ្គិសនី​ជាតិ អំពី​បច្ចេកវិទ្យា​ប​ម្លែ​ង​ពន្លឺ​ទៅ​ជា​ថាមពល​អគ្គិ​ស​និ និង​ការ​រៀបចំ​ផែនការ​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB ចុះ​ផ្សាយ​ថ្ងៃ​ទី ២៤ ខែឧសភា ម្សិលមិញ​នេះ​។

លោក ប្រា​ឌី​ប ថា​រ៉ា​កាន (Pradeep Tharakan) ប្រធាន​ក្រុម​អ្នកឯកទេស​ខាង​ផ្នែក​ការ​បម្រែបម្រួល​អាកាសធាតុ​ប្រចាំ​ធនាគារអភិវឌ្ឍន៍អាស៊ី បានអោយ​ដឹង​ថា ការ​មាន​ប្រភព​ថាមពល​ដែល​គួរ​ឱ្យ​ជឿជាក់​បាន មាន​និរន្តរភាព និង​តម្លៃ​សមរម្យ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដូច​ជា​កម្ពុជា ។ ជំនួយ​របស់ ADB និង​មិន​គ្រាន់តែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា តាម​រយៈ​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា សម្រេច​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន យោង​តាម​កិច្ចព្រមព្រៀង ស្ដី​ពី​អាកាសធាតុ​នៅ​ទី​ក្រុងប៉ារីស​ផង​ដែរ ។

គួរ​បញ្ជាក់​ថា គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​នឹង​ជួយ​អគ្គិសនី​កម្ពុជា ដែល​ជា​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​របស់​កម្ពុជា អាច​សាងសង់​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​មាន​កម្លាំង​១០០​មេ​ហ្កា​វ៉ា​ត់ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ដទៃ​ទៀត​រួម​មាន ផ្លូវ​ចេញចូល​របង និង​ប្រព័ន្ធ​បង្ហូរទឹក ក្នុង​ខេត្តកំពង់ឆ្នាំង ។

គម្រោង​នេះ​ដែរ ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី ដែល​ត​ភ្ជាប់​ទៅ​នឹង​បណ្ដាញ​ចែកចាយ​ចម្បង​នៅ​ក្បែរ​រាជធានី​ភ្នំពេញ ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ អាច​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្ដាញ​ចែកចាយ​ជាតិ​បាន​ផង​ដែរ ។ ការ​ផ្ដល់​ឥណទាន​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​អគ្គិសនី​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ស្រប​ពេល​កម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ជាក់ស្ដែង​ចរន្តអគ្គិសនី ត្រូវ​បាន​ផ្ដាច់​ស្ទើរតែ​រាល់ថ្ងៃ កាលពីមុន​ប៉ុន្មាន​ថ្ងៃមុន​នេះ ដោយសារ​តែ​តម្រូវការ​កើនឡើង​ជាង​ការ​រំពឹង​ទុក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ