គម្រោង​ធ្វើ​ផ្លូវជាតិ​លេខ​២​បើ​បន្ត​អូស​បន្លាយ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់់​តម្លៃ​ដីធ្លី​ឬទេ?


រាជធានី​ភ្នំពេញ ៖ គម្រោង​ធ្វើ​ផ្លូវជាតិ​លេខ​២ ដែល​ប្រជាពលរដ្ឋ​រំពឹង​ថា​នឹង​មានការ​បើក​ការដ្ឋាន​នៅ​ក្នុង​ខែមីនា ឬ​មេ​សា​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​លេច​ចេញ​នូវ​គម្រោង​ពុះ​ដី​ឡូត៍​លក់​ជា​ច្រើន​កន្លែង​ទាំង​តូច​និង​ធំ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​មួយ​នេះ ដោយ​អ្នក​រកស៊ី​ជំនួញ​ដីធ្លី​រំពឹង​ថា​នឹង​ហក់​ឡើង ។

ក៏​ប៉ុន្តែ មក​ដល់​សព្វ​ថ្ងៃនេះ​គម្រោង​សំខាន់​មួយ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​ថា​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ជួសជុល​ឱ្យ​ប្រាកដ​នៅ​ខែ​ណា​នៅឡើយ​នោះ​ទេ ហើយ​បើ​ក្នុង​ករណី​គម្រោង​បន្ត​អូស​បន្លាយ​រយៈពេល​យូរ​ខែ​បន្ថែម​ទៀត តើ​វា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​តម្លៃ​ដីធ្លី ឬ​ម្ចាស់​ដី​ឡូត៍​ដែល​ធ្លាប់​ប្រកាស​លក់​ពី​មុន​ៗ​ដែរ​ឬទេ0x017d7
បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បញ្ជាក់​ថា ការ​ពន្យា​ពេល​នៃ​ការ​ជួសជុល​គម្រោង​ផ្លូវជាតិ​លេខ​២​នេះ ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​តម្លៃ​ដីធ្លី និង​ម្ចាស់​ដី​ឡូត៍ និង​អ្នកទិញ​-​លក់​ចេញ​ភ្លាម​ៗ ។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន​Century 21 Fortuna Investment មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៤ ខែឧសភា ម្សិលមិញ​ថា ជា​ធម្មតា​គម្រោង​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​មានការ​អូស​បន្លាយ​ពេលវេលា​យូរ វា​តែង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ដីធ្លី​។ បើ​នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​វា​អាច​នៅ​រក្សា​បាន​តម្លៃ​ដដែល ឬ​អាច​ធ្លាក់​ចុះ​បន្តិច ព្រោះ​នៅ​ពេល​នោះ​គេ​អាច​ផ្អើល​ទៅ​រក​ទិញ​នៅ​កន្លែង​ផ្សេង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​។

លោក វ៉ា វី​រៈ បាន​បន្ត​ទៀត​ថា «​ការ​ពន្យា​ពេល​គម្រោង​ជួសជុល វា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម្ចាស់​ដី និង​អ្នកទិញ​ដី​ទុក​សម្រាប់​លក់​បន្ត​។ ម្ចាស់​ដី ក្នុង​ករណី​គាត់​ត្រូវការ​លុយ គាត់​ពិបាក​ក្នុង​ការ​លក់ ហើយ​តម្លៃ​អាច​នឹង​ទាប​ជាង​ពេល​មុន ហើយ​ផល​ប៉ះពាល់​និង​គ្រោះថ្នាក់​ជាងគេ គឺ​ច្រើន​ធ្លាក់​ទៅ​លើ​អ្នក​ដែល​គាត់​ទិញ​ហើយ​លក់​ចេញ​វិញ​ភ្លាម​ៗ គឺ​គាត់​លក់​មិន​ចេញ​។ បើ​ពួក​គាត់​មាន​លុយ​ខ្លួនឯង​នោះ​វា​មិនសូវ​ជា​បញ្ហា​នោះ​ទេ តែ​ផ្ទុយ​ទៅ​មក​វិញ​បើ​គាត់​ប្រើ​លុយ​ខាង​ធនាគារ​នោះ​ពិតជា​មាន​បញ្ហា​ធំ​»​។

បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​២​នេះ គឺ​នៅ​មិន​ទាន់​កំណត់​ថា​ចាប់ផ្តើម​នៅ​ពេល​ណា​នោះ​ទេ ដោយសារ​ខាង​ធនាគារ​អា​ហរ​ណ៍​នី​ហរ​ណ៍​កូរ៉េ ដែល​ស្ថិត​នៅ​ក្រោម​ក្រសួងពាណិជ្ជកម្ម​កូរ៉េ ដែល​ជា​ជ្រើសរើស​យក​ក្រុមហ៊ុន​បច្ចេកទេស​ទទួល​ធ្វើការ​ជួសជុល មិន​ទាន់​បាន​ឆ្លើយ​តប​មក​ក្រសួង​វិញ​នៅឡើយ​នោះ​ទេ​គិត​មក​ទល់​ពេល​នេះ​។

លោក វ៉ា ស៊ឹ​មសុ​រិ​យ៉ា មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា «​ខាង​កូរ៉េ​មិន​ទាន់​បាន​ឆ្លើយ​តប អីចឹង​យើង​អត់​មាន​វិធានការ​លើស​នេះ​ទេ​។ រង​ចាំ​កូរ៉េ​ពិនិត្យ​មើល​សិន ហើយ​ជា​ធម្មតា​យើង​សុំ​ឱ្យ​មាន​អនុលោម​ភាព​ទាំងអស់ ទោះបី​យើង​មាន​គណៈកម្មការ​ដេញ​ថ្លែ ឬ​បាន​កំណត់​រួច​ហើយ​ក្តី​»​។លោក​បាន​លើក​ឡើង​ថា «​ខាង​ធនាគារ​កូរ៉េ​ជា​អ្នក​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកទេស ជួសជុល​គម្រោង​ផ្លូវជាតិ​លេខ​២​។​កាលណា​យើង​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកទេស​ជួសជុល​បាន យើង​នឹង​ចុះ​កិច្ចសន្យា​ភ្លាម អីចឹង​យ៉ាង​យូរ​បំផុត​ពី​១​ខែ​ដល់​៣​ខែ​ដើម្បី​ឱ្យ​គាត់​(​ក្រុមហ៊ុន​) ចរាចរ​នាំ​គ្រឿងចក្រ​ចូល​មក​ធ្វើការ ឬ​ជួល​ការិយាល័យ​ធ្វើការ​។ តែ​ឥឡូវ​យើង​អត់​មាន​ក្រុមហ៊ុន​ទទួល​ជួសជុល​ច្បាស់លាស់​នៅឡើយ​ទេ​»​។

លោក​បាន​បន្ត​ថា ការ​ពន្យា​នៃ​ការ​បើករ​ដ្ឋា​ន​ជួសជុល​គម្រោង​ផ្លូវជាតិ​លេខ​២ នេះ ដោយសារ​ខាង​ធនាគា​អា​ហរ​ណ៍​និ​ហរ​ណ៍រ​កូរ៉េ ស្ថិត​នៅ​ក្រោម​ក្រសួងពាណិជ្ជកម្ម​កូរ៉េ​ដែល​ជា​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ការ​ចំណាយ​លើ​ការ​ជួសជុល​ផ្លូវជាតិ​លេខ​២​នេះ មិន​ទាន់​បាន​ឆ្លើយ​តប​ថា​ជ្រើសរើស​ថា​យក​ក្រុមហ៊ុន​បច្ចេកទេស​ណាមួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ក្រសួង​ផ្តល់​ជូន​នៅឡើយ​៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ