ខេត្តកំពង់ឆ្នាំង ៖ កុំព្យូទ័រយួដៃ៤គ្រឿងកុំព្យូទ័រលើតុ៤គ្រឿង ម៉ាស៊ីនព្រីនធី២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង ត្រូវបានដឹកយកមកប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីត្រូវបានក្រុមការងារប្រគល់ជូនកងពលលេខ១ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចទាំងពីរ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូពីសុខទុក្ខកងទ័ព និងគ្រួសារទ័ព ដែលកន្លងទៅអង្គភាពតែងតែទទួលបាននូវការឧបត្ថមផ្សេងៗដូចជា ការកសាងជំរុំជម្រក ហេដ្ឋារចនាសម្ព័ន ជាពិសេសកងទ័ពដែលមានការឧបត្ថម្ភបន្ថែមពីលើ គោលរបបដែលមានស្រាប់ ការគិតគូរជួយដល់គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធជនជាដើមទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាតមិនឲ្យមានបដិវត្តពណ៌ ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាព ដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ ។
លោកក៏បានបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ១ គោរព និងអនុវត្តអោយបាននូវ អភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខដែលបានថ្លែងក្នុងខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ៕
ចែករំលែកព័តមាននេះ