ប្រទេសថៃ ៖ យោងតាមសារព័ត៌មានថៃថា លោកព្រេមទីនស៊ូឡាណន់ ប្រធានក្រុមប្រឹក្សាឯកជនរបស់ព្រះមហាក្សត្រថៃ បានទទួលមរណភាពហើយនាព្រឹកថ្ងៃទី២៦ឧសភា ក្នុងជន្មាយុ៩៥ឆ្នាំ។
លោកព្រេមទិនស៊ូឡាណាន់ ជាអតីតនាយករដ្ឋមន្ត្រី ហើយលោកជាអ្នកចាត់ចែងកិច្ចការ ក្រោយពីព្រះមហាក្សត្រភូមីបុលអាឌុលយ៉ាដេតចូលព្រះទិវង្គត រហូតដល់ការឡើងគ្រងរាជ្យរបស់ព្រះបុត្រា ព្រះមហាវ៉ាជីរ៉ាឡុងកន។
លោកជាអ្នកដើរតួនាទីគន្លឹះក្នុងនយោបាយថៃ ចាប់តាំងពីដំណាច់ទសវត្សឆ្នាំ១៩៧០មក។ ជាអ្នកអភិរក្សនិយមបំផុត លោកជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារយោធាជាច្រើន ពិសេសរដ្ឋប្រហារឆ្នាំ២០០៦ កម្ចាត់នាយករដ្ឋមន្ត្រីមានប្រជាប្រិយភាពបំផុត លោកថាក់ស៊ីនស៊ីណាវ៉ាត្រា។
លោកឡើងជាប្រធានទីប្រឹក្សាឯកជនរបស់ព្រះមហាក្សត្រក្នុងឆ្នាំ១៩៩៨ ហើយបានប្រើឥទ្ធិពលរបស់លោក ក្នុងការជ្រើសតាំងបណ្ដាមនុស្សរបស់លោក ឲ្យកាន់តំណែងមេទ័ពថៃសំខាន់ៗ។ លោកត្រូវបានគេចាត់ទុកថាជាប្រមុខនៃក្រុមអាមាត្យថៃ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ