ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​៧០០​គីឡូក្រាម​ដាក់​តាំង​លក់​នៅ​ផ្សារ​ក្នុងស្រុក​បាកាន​ត្រូវ​ដុត​កម្ទេច​ចោល

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការ​ទទួលទាន​ចំណីអាហារ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក តូច ចៅ​កុយ…

ខេត្តពោធិ៍សាត់ ៖ ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការ​ទទួលទាន​ចំណីអាហារ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក តូច ចៅ​កុយ សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​រក​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នៅ​ផ្សា​របឹង​ខ្នារ និង​ផ្សារ​អ៊ី​ផា ក្នុងស្រុក​បាកាន ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ភេសជ្ជៈ និង​ចំណីអាហារ​ដែល​ដាក់​តាំង​លក់​ក្នុង​ផ្សារ​តាម​ដេប៉ូ និង​តាម​ស្ដង់​នានា ព្រមទាំង​បាន​ចែកចាយ​ផ្ទាំង​រូបភាព​ដែល​និយាយ​អំពី​ផលិតផល ឫ​ម្ហូបអាហារ​ណា​ដែល​គួរ​ជ្រើសរើស​យក​មក​បរិភោគ ឫ​មិន​គួរ​បរិភោគ​ជូន​ដល់​អ្នកលក់ និង​អ្នកទិញ​ឲ្យ​បាន​យល់​ដឹង​ទាំងអស់​គ្នា​ផង​ដែរ ។

សមត្ថកិច្ច​បាន​ខិតខំ​ពន្យល់​ណែនាំ និង​បង្ហាញ​ជូន​ដល់​អាជីវករ​អំពី​វិធីសាស្ត្រ​ថែទាំ ការ​ដាក់​តាំង​លក់​ការ​រក្សា​ទុក​មុខទំនិញ​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​អនាម័យ​របៀប​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​សម្រាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព ។ ជាមួយ​គ្នា​នេះ​បាន​ណែនាំ​ដល់​អ្នកលក់ និង​អ្នកទិញ​មុន​នឹង​យក​ទំនិញ​មក​លក់ ឫ​ទិញ ត្រូវ​មើល​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន និង​ជួយ​ផ្សព្វផ្សាយ​បន្ត ដើម្បី​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា ។

ក្នុង​ការ​ចុះ​អ​ង្គេ​ត​ពិនិត្យ​ជាក់ស្ដែង​យ៉ាង​យកចិត្តទុកដាក់​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី​ភារកិច្ច​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ផលិតផល និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ដែល​ខូចគុណភាព​ក្នុង​នោះ​មាន​ទឹកក្រូច នំ​កញ្ចប់ ទឹកដោះគោ ទឹកម្ទេស​ដប ទឹក​ប្រេង​ម្ទេស និង​ភេសជ្ជៈ​មួយ​ចំនួន​ទៀត​សរុប​៦៩៦.៥​គីឡូក្រាម ។ ចំណីអាហារ និង​ភេសជ្ជៈ​ដែល​ដាក់​តាំង​លក់​គ្មាន​អនាម័យ គ្មាន​សុវត្ថិភាព ហួស​រយៈពេល​ផុតកំណត់​ប្រើប្រាស់​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ឫ​មាន​ស្លាក​សញ្ញា​ផ្ទុយ​ពី​ច្បាប់ និង​បទបញ្ញត្តិ​របស់​ក្រសួង​ពាក់ព័ន្ធ​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ដកហូត ដើម្បី​យក​ទៅ​កម្ទេច​ចោល ។

ចំពោះ​ម្ចាស់​ផលិតផល​ម្ហូបអាហារ​ដែល​ត្រូវ​បាន​រឹបអូស និង​ម្ចាស់​ផលិតផល​ផ្សេង​ៗ​ទៀត​ដែល​ដាក់​តាំង​លក់ សមត្ថកិច្ច​កាំកុងត្រូល​បាន​ធ្វើការ​ព្រមាន​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ដោយ​ភ្ជាប់​ជាមួយ​កិច្ចសន្យា​ផ្ដិត​មេដៃ បើ​ថ្ងៃក្រោយ​មាន​ករណី​បែប​នេះ​ទៀត​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​បាន​ជម្រាប​ជូន​ថា លោក​នឹង​បន្ត​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នៅ​តាម​ទីផ្សារ និង​ដេប៉ូ​នានា​ក្នុង​ខេត្តពោធិ៍សាត់​ដូច​ភ្លៀងរលឹម ដើម្បី​ធានា​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួលទាន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ