ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការ​ដៃជើងមែន​ពិត តែខំរៀន​ក្លាយជា​សិស្ស​​ពូកែ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង​៖ ពិការ​ដៃជើង​ពី​កំណើត វា​ដូច​ជា​បាត់បង់​អ្វី​ទាំងអស់​ទៅ​ហើយ​នៃ​ជីវិត ប៉ុន្តែ​នាង​បាន​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​លេចធ្លោ​ក្នុង​ភាព​ជា​សិស្ស​ពូកែ និង​លើកទឹកចិត្ត​ខ្លួនឯង​កុំ​ឲ្យ​អស់សង្ឃឹម ។ នោះ​គឺ​យុវតី​អភ័ព្វ​ម្នាក់​នៅ​ជនបទ ស៊ី​ន ស្រី​ហង្ស ។…

ខេត្តបាត់ដំបង​៖ ពិការ​ដៃជើង​ពី​កំណើត វា​ដូច​ជា​បាត់បង់​អ្វី​ទាំងអស់​ទៅ​ហើយ​នៃ​ជីវិត ប៉ុន្តែ​នាង​បាន​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​លេចធ្លោ​ក្នុង​ភាព​ជា​សិស្ស​ពូកែ និង​លើកទឹកចិត្ត​ខ្លួនឯង​កុំ​ឲ្យ​អស់សង្ឃឹម ។ នោះ​គឺ​យុវតី​អភ័ព្វ​ម្នាក់​នៅ​ជនបទ ស៊ី​ន ស្រី​ហង្ស ។

ដោយ​ក្តី​អាណិតអាសូរ​យុវតី​ស៊ិ​ន ស្រី​ហង្ស កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ កាកបាទ​ក្រហម​កម្ពុជា បាន​ជួប​សំណេះសំណាល និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​នាង ។ ស៊ិ​ន ស្រី​ហង្ស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ពូកែ រៀន​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​សំឡូត ខេត្តបាត់ដំបង ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី ១ កាកបាទក្រហម​កម្ពុជា បាន​នាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិត ស្រឡាញ់​ចំពោះ​ស៊ិ​ន ស្រី​ហង្ស ដែល​មានចិត្ត​តស៊ូ ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​បាន​រស់រាន​មានជីវិត និង​រៀន​ពូកែ ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ផ្តាំផ្ញើ និង​លើកទឹកចិត្ត​ដល់​ស៊ិន ស្រី​ហង្ស ឱ្យ​បន្ត​អត់ធ្មត់ តស៊ូ ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត​រហូត​ដល់​បញ្ចប់​ថ្នាក់​ខ្ពង់ខ្ពស់​ដើម្បី​អនាគត​ភ្លឺស្វាង ។ ជាមួយនឹង​អំណោយ​ជា​ស្បៀង សម្ភារ និង​ប្រាក់​មួយ​ចំនួន​ដើម្បី​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ប្រាក់​សម្រាប់​ការ​សិក្សា​រហូត​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ។

យុវតី​ស៊ិ​ន ស្រី​ហង្ស និង​ម្តាយ បាន​សម្តែង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​មាន​ក្តី​មេត្តា ករុណា លើកទឹកចិត្ត និង​ផ្តល់​ក្តី​សង្ឃឹម​ចំពោះ​អ្នក​ដែល​ជួប​ទុក្ខ​លំបាក ។ ស៊ិ​ន ស្រី​ហង្ស បាន​សន្យា​ខិតខំ​រៀនសូត្រ​ឱ្យ​ពូកែ ប្រតិបត្តិ​ស្តាប់​ឪពុក​ម្តាយ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ​អ្នកគ្រូ និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​ជន​ពិការ​កាយសម្បទា​ដទៃ​ទៀត​នៅ​ក្នុង​សង្គម។

ស៊ិ​ន ស្រី​ហង្ស កើត​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០០២ នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។ ឪពុក​ឈ្មោះ​ខឹ​ម ផល្លា អាយុ​៥១​ឆ្នាំ ម្តាយ​ឈ្មោះ​ឈិ​ន ឈុ​ន​លី អាយុ​៤៨​ឆ្នាំ ជា​កសិករ ។ គ្រួសារ​របស់​គាត់​មានកូន​២​នាក់ ស្រី​ទាំង​២ គឺ​ស៊ិន ស្រី​ហង្ស ជា​កូន​ទី​២ និង​កូន​ទី​១​មាន​កាយសម្បទា​ល្អ​ធម្មតា អភ័ព្វ​តែ​ស៊ិ​ន ស្រី​ហង្ស កើតមក​មាន​តែ​ដងខ្លួន គ្មាន​ដៃជើង ។ រាង​កាយ​របស់​នាង​លូតលាស់​ធម្មតា ដូច​កុមារ​ដទៃ​ទៀ​ដែរ ។

តាម​ឪពុក ម្តាយ​បាន​បញ្ជាក់​ពី​អារម្មណ៍​កាលពី​ស៊ិ​ន ស្រី​ហង្ស កើតមក​ភ្លាម​ថា ពួក​គាត់​មាន​អារម្មណ៍​តក់​ស្លុត​យ៉ាង​ខ្លាំង និង​លាយឡំ​ទៅ​ដោយ​ភាព​ខ្មាស​អៀន ។ ចំពោះ​ការ​ចិញ្ចឹម​បីបាច់ ពួក​គាត់​លំបាក​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​ងូតទឹក ការ​ស្លៀកពាក់ និង​ការ​បត់​ដៃ​បត់ជើង​ជាដើម ។ នាង​មិន​អាច​នៅផ្ទះ​តែ​ម្នាក់ឯង​បាន​ទេ​បើ​គ្មាន​អ្នក​ថែទាំ ។ នៅ​ពេល​ដែល​ពួក​គាត់​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ត្រូវ​យក​នាង​ទៅ​ជាមួយ ។

ពាក់ព័ន្ធ​នឹង​ការ​លំបាក​នេះ ឳ​ពុក​ម្តាយ​បាន​បញ្ជូន​ស៊ិ​ន ស្រី​ហង្ស ទៅ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម ផ្សេង​ៗ​ដែរ តែ​លោកគ្រូ​ពេទ្យ​មិន​អាច​ជួយ​បាន​ឡើយ​ដោ​សារ​តែ​អវយវៈ​របស់​នាង​មិន​អា​ចត​ភ្ជាប់​វិញ​បាន ។ ដូចនេះ​ពួក​គាត់​អស់សង្ឃឹម​យ៉ាង​ខ្លាំង ហើយ​គិត​ថា «​កូន​របស់​គាត់​មិន​អាច​ទៅ​សាលារៀន​បាន ដូច​កុមារ​ដទៃ​ទៀត​ឡើយ​»​។ ឥឡូវនេះ អ្វី​ៗ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​គិត ហើយ​មាន​សេចក្តី​រីករាយ និង​មាន​សេចក្តី​ជឿជាក់​ទៅ​លើ​សមត្ថភាព និង​លទ្ធផល​សិក្សា​របស់​កូន ។

ស៊ិ​ន ស្រី​ហង់ បាន​ចុះ​ឈ្មោះ​ចូល​រៀន ទទួល​បាន​ចំណាត់ថ្នាក់​ល្អ ព្រមទាំង​ទទួល​បានការ​លើកទឹកចិត្ត និង​សរសើរ​មិន​ដាច់​ពី​មាត់​ពី​នាយក​សាលា និង​គ្រូបង្រៀន​ថា នាង​ជា​សិស្ស​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ និង​ឆ្លាត​វៃ ៕ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ