ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ចាប់​ទាន់​មុន​ចូល​ភ្នំពេញ បង្កប់​ក្នុង​កេស​ក្រដាស​ជិត​៩០​គីឡូក្រាម​ឯណោះ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ រួម​មាន​អធិការដ្ឋាន​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​ភ្លាម បាន​សហការ​គ្នា​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤…

ខេត្តពោធិ៍សាត់ ៖ មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ រួម​មាន​អធិការដ្ឋាន​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​ភ្លាម បាន​សហការ​គ្នា​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ទួ​ក​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​សង្ស័យ​ថា មាន​ដឹក​បទល្មើស​ព្រៃឈើ​។

ពេល​ស្ទាក់​ចាប់​បាន​ហើយ សមត្ថកិច្ច​ឆែកឆេរ​ក្នុង​រថយន្ដ​រក​ឃើញ​សត្វ​ពស់​ចំនួន​៥​កេស ដែល​ដាក់​ក្នុង​កេស​ក្រដាស​បិទ​ស្ក​ត់​ជិត​តែ​ម្តង ។

រថយន្ត​ដឹក​បទល្មើស​នេះ ម៉ាក​សាំ​យ៉ុ​ង ចង្កូត​ឆ្វេង ពណ៌​ស្លែ ពាក់​ស្លាក​លេខ បាត់ដំបង 2B 1410 បើក​ដោយ​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ដ​ផ្ទាល់ រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ប្រពន្ធ និង​កូនស្រី​តូច​ម្នាក់​រួម​ដំណើរ​ជាមួយ​ផង​ដែរ​។

បើ​តាម​ប្ដី​ប្រពន្ធ​ខាងលើ​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ជា​អ្នក​រត់​តាក់ស៊ី ហើយ​កេស​ក្រដាស​ដែល​មាន​​បង្កប់​សត្វ​ពស់​ទាំង​៥​កេស​នេះ ពួក​គាត់​ស៊ី​ឈ្មួ​ល​ដឹក​ឲ្យ​គេ​ចេញពី​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​ពុំ​ដឹង​រឿង​អ្វី​ទាំងអស់ ស្មានថា ឥ​វ៉ា​ន់​ដាក់​កេស​ធម្មតា​ដូច​សព្វដង លុះ​ធ្វើ​ដំណើរ​មក​ដល់​ខេត្តពោធិ៍សាត់ ស្រាប់តែ​សមត្ថកិច្ច​ចាប់​ឃាត់​ឆែកឆេរ​ឃើញ​បែប​នេះ​ទៅ​។

លោក ធូ សុគន្ធ មន្ត្រី​មេព្រៃ​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ថា សត្វ​ពស់​ដែល​បង្ក្រាប​បាន​នេះ មាន​៣​ប្រភេទ គឺ​ពស់សង់សឿ ពស់​ប្រេង និង​ពស់​ថ្ងាស​អ​ន្សោ​ង សរុប​ទម្ងន់​៨៨​គីឡូក្រាម ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ព្រ​លែង​ចូល​ក្នុង​ព្រៃ​សហគមន៍​អូរ​បាក់​ត្រា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ នា​ល្ងាច​ថ្ងៃ​ទី​២៤​នេះ ដើម្បី​អភិរក្ស​សត្វព្រៃ​។ ចំណែក​មនុស្ស និង​រថយន្ដ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា ហើយ​ក៏​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ធម្មតា មិន​យកទោស​អ្វី​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ