ប្រទេសវៀតណាម ៖ ភ្នាក់ងារសារព័ត៌មាន Viet Nam News បានរាយការណ៍ កាលពីថ្ងៃព្រហស្បត្តិ៍មកថា អ្នកជំនាញបានជំរុញឲ្យវៀតណាមទាញអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលបន្ទាប់ដែលមានដូចជាបច្ចេកវិទ្យា Blockchain, Artifical Intelligence, Internet of Things និងសេវាកម្ម Cloud ផ្សេងៗជាដើមដើម្បីក្លាយជាសេដ្ឋកិច្ចមានការលូតលាស់ខ្ពស់បន្ទាប់របស់អាស៊ីនិងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។
អ្នកស្រី Lucy Cameron ដែលជាប្រធានអ្នកនិពន្ធរបាយការណ៍ Viet Nam’s Future Digital Economy Towards 2030 and 2045 និងជាទីប្រឹក្សាផ្នែកស្រាវជ្រាវជនជាតិអូស្ត្រាលីម្នាក់បាននិយាយថា ប្រទេសវៀតណាមគួរតែជៀសវាងហានិភ័យមួយចំនួនខណៈដែលធ្វើបន្លាស់ផ្តូរផ្នែកឌីជីថល។
អ្នកស្រីបានបន្តថា “វៀតណាមស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលលូតលាស់បានលឿនជាងគេរបស់ពិភពលោក ហើយបានក្លាយជាប្រទេសដ៏ខ្លាំងក្លាមួយក្នុងតំបន់អាស៊ីខាងកើតហើយ”។
របាយការណ៍ខាងលើបានឲ្យដឹងថា ការលូតលាស់ក្នុងផ្នែកនាំចេញកម្មវិធី Hardware និង Software បានកើតមានឡើង ហើយប្រជាជនវ័យក្មេងរបស់វៀតណាមកំពុងតែប្រើសេវាកម្មអ៊ីធើណែតតាមទូរស័ព្ទកាន់តែច្រើនផងដែរ។ លើសពីនេះទៅទៀត រដ្ឋាភិបាលកំពុងតែអនុវត្តគោលនយោបាតឧស្សាហកម្ម ៤.០ ដើម្បីធ្វើទំនើបកម្មវិស័យដែលមានស្រាប់ និងបង្កើតវិស័យផ្សេងៗថែមទៀត។
យោងទៅតាមអ្នកស្រី Cameron បានឲ្យដឹងថា ការងាកទៅប្រើបច្ចេកវិទ្យាឌីជីថលនឹងបន្ថែមការលូតលាស់ដល់ GDP វៀតណាមប្រមាណ១.១% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៤៥ ខណៈដែលការលូតលាស់របស់វៀតណាមពិតជាមានភាពសាកសមសម្រាប់ការផ្លាស់ប្តូរផ្នែកឌីជីថលនេះណាស់។ ប៉ុន្តែអ្នកស្រីបានបន្តថា ដើម្បីរក្សាការលូតលាស់ខ្ពស់នេះវៀតណាមត្រូវតែឆ្លងកាត់ឧបសគ្គធំៗមួយចំនួន។
ចំនួនប្រជាជនវ័យចំណាស់កំពុងតែកើនឡើង ខណៈដែលបម្រែបម្រួលបរិយាកាស និងការអភិវឌ្ឍន៍យ៉ាងលឿនកំពុងតែប៉ះពាល់ដល់បរិស្ថាន និងផលិតកម្មអាហារក្នុងស្រុក។
ពលករក៏ត្រូវសិក្សាបន្ថែមពីជំនាញកម្រិតខ្ពស់ ហើយជាពិសេសការងារកាន់តែមានភាពស្វ័យប្រវត្តិក្នុងវិស័យកសិកម្ម និងផលិតកម្មផងដែឬ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ