ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានមន្ទីរចូល​និវត្តន៍…កូនប្រុសជា​អនុប្រធានឡើងជំនួសវិញ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា កន្លង​ទៅ ក្រោយ​ពេល​លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច…

ខេត្តមណ្ឌលគិរី ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា កន្លង​ទៅ ក្រោយ​ពេល​លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ប្រកាស​ឲ្យ​លោក ខឹ​ម សុ​ផុ​ន មានមុខ​ងារ​ជា​អនុប្រធាន​មន្ទីរ ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា​ខេត្តមណ្ឌលគិរី បន្ទាប់​ពី​លោក ខឹ​ម ចាន់​ផល ប្រធាន​មន្ទីរ​ចាស់​ត្រូវ​ចូល​និវត្តន៍ ។ លោក គឹ​ម ចាន់​ថុ​ល ប្រធាន​មន្ទីរ​ចូល​និវត្តន៍​គឺជា​ឪពុក​របស់​លោក ខឹ​ម សុ​ផុ​ន ដែល​ត្រូវ​ទទួល​តំណែង​ស្នង​ឪពុក ។

នៅ​ព្រឹក​ថ្ងៃ​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ថ្មី ក៏​មានការ​អបអរសាទរ​ជា​ខ្លាំង​ពី​ក្រុម​គ្រួសារ​របស់​លោក ខឹ​ម សុ​ផុ​ន និង លោក ខឹ​ម ចាន់​ផល ខុស​ប្លែក​តែ​នៅ​តាម​តុ​កាហ្វេ​មានការ​ឆ្លង​ឆ្លើយ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ចុះ​បុណ្យ​គេ​អី​ក៏​សំណាង​ម្ល៉េះ ឪពុក​ចូល​និវត្តន៍ កូន​ឡើង​ជំនួស​តំណែង​ឪ​…​ឬ​មក​ពី​ខេត្តមណ្ឌល​គិរី​នេះ​ខ្វះ​ធនធានមនុស្ស​សម្រាប់​បម្រើ​ការងារ?តែ​ក៏​មាន​មាត់ចាបមាត់ព្រាប​ខ្លះ​លើក​ឡើង​ថា មិន​ឲ្យ​កូន​អង្គុយ​កៅអី​ឪ តើ​ឲ្យ​នរណា​វិញ បើ​កាល​ឪ​នៅ​ជា​ប្រធាន​មន្ទីរ កូន​អនុប្រធាន​ទៅ​ហើយ​នោះ ។

លោក ខឹ​ម សុ​ផុ​ន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត បាន​ឡើង​ប្តេជ្ញា​ចិត្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លិខិត​បទដ្ឋាននានា​របស់​រាជរដ្ឋាភិបាល ខិតខំ​អស់ពី​កម្លាំងកាយចិត្ត ស្មារតីបំពេញការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ តាម​គោលនយោបាយ​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តី​សម្បទា អនុវត្ត​នូវ​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រសួង ។ បន្ត​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​ផ្ទៃ
ក្នុង និង​មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អជា​មួយ​ស្ថាប័ន​ក្នុង​អង្គភាព ក៏​ដូច​ជា​ស្ថាប័ន​ដទៃ និង​ត្រូវ​ខិតខំ​រៀនសូត្រ​ដកស្រង់​បទ​ពិសោធន៍ ចំណេះដឹង​ថ្មី​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ដែល​ប្រទេស​ជាតិ​កំពុង​មានការ​រីក​ចម្រើន ។

លោក​រដ្ឋមន្ត្រី វង សូត ថ្លែង​ថា បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោល នយោបាយ​ជា​ច្រើន ជា​ពិសេស​គោលនយោបាយគាំពារ​សង្គម ដើម្បី​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដែលជា​ជន​ក្រីក្រ ហើយ​ថវិកា​នេះ​ផ្តល់​ជូន​តាម​រយៈ​មន្ទីរ​សុខាភិបាល​រាជធានី​/​ខេត្ត ដើម្បី​ផ្តល់​ជូនដោយ​ផ្ទាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ឆ្លងទន្លេ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ។ លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​បន្ត​សហការ​គ្នា​ជាមួយ​ស្ថាប័ននានា ជា​ពិសេស​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង មានទំនាក់ទំនង​ល្អជា​មួយ​ស្ថាប័ន​ដទៃ ដើម្បី​បំពេញការងារ​ទៅ​តាម​ភារកិច្ច​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ប្រគល់​ជូន ៕

អត្ថបទសរសេរ ដោយ