ខេត្តក្រចេះ ៖ រថយន្តធន់ធំដឹកដី១គ្រឿងត្រូវលិចក្នុងទឹកទន្លេទៅជាមួយនឹងសាឡាងចម្លង ខណៈដែលរថយន្តបើកចុះសាឡាងថយក្រោយ ស្រាប់តែរអិលកង់មុខបណ្តាលឲ្យផ្អៀងសាឡាងក្រឡាប់ក្នុងទឹកតែម្តង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវទឹក។
លោកវរសេនីយ៍ទោ អ៊ុំ សុភាព ប្រធានការិយាល័យចរាចរណ៍ផ្លូវទឹកថ្លែងឲ្យដឹងថា ហេតុការណ៍លិចសាឡាងចម្លងនេះកើតឡើងព្រឹកថ្ងៃទី២៣ ឧសភា នៅចំណុចកំពង់ដចម្លងឃុំពង្រ ស្រុកឆ្លូង ឆ្ពោះទៅឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ មានម្ចាស់ឈ្មោះ សុះ សប់ព្រី ជាខ្មែរអ៊ិស្លាម ហើយករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
លោកបន្តទៀតថា ករណីខាងលើនេះបណ្តាលឲ្យរថយន្តប្រភេទហីណូដឹកដី១គ្រឿងរងការខូចខាតដោយផ្អៀងក្រឡាប់ធ្លាក់ទឹកទៅជាមួយនឹងសាឡាងតែម្តង និងម៉ូតូមួយគ្រឿងទៀតដែលទុកនៅលើសាឡាងនោះ។ លោកសន្និដ្ឋានថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែកំហុសបច្ចេកទេសរបស់ម្ចាស់ដ ក៏ដូចជាម្ចាស់រថយន្តដឹកដីផងដែរ។
អ្នកឃើញហេតុការណ៍ម្នាក់នេះនិយាយថា រថយន្តដឹកដីមួយគ្រឿងក្នុងចំណោម២ គ្រឿងមានផ្ទុកដីនៅលើរថយន្តបានបើកថយក្រោយចុះសាឡាង ដើម្បីយកដីមកចាក់ធ្វើផ្លូវ។ នៅពេលកំពុងចុះសាឡាងក៏រអិលកង់មុខខាងឆ្វេង បណ្តាលឲ្យរេចង្កូតទៅម្ខាងក៏ផ្អៀងសាឡាងបណ្តាលឲ្យក្រឡាប់ចូលក្នុងទឹកទាំងព្រឹកធ្វើឱ្យស្ទះដល់អ្នកធ្វើដំណើរឆ្លងទៅមក។
គួររំលឹកថា ករណីរថយន្តធន់ធំធ្លាក់ទឹកពេលចុះសាឡាង គឺតែងតែកើតមានជាញឹកញាប់នៅតាមកំពង់ដចម្លងនៅស្រុកឆ្លូង។ ហើយហេតុការណ៍ដែលកើតញឹកញាប់ទាំងនោះ ត្រូវគេនិយាយថា ដោយសារតែសាឡាងចម្លងទាំងនោះតែងតែចម្លងរថយន្តធុនធំដឹកលើសចំណុះ បណ្តាលឱ្យលើសទំងន់ និងកង្វះបច្ចេកទេសទាំងអ្នកបើករថយន្ត និងម្ចាស់ចម្លងទៀតផង។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ