ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឃាត់ខ្លួនប យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះម្នាក់ថា យករូប នាងបង្ហោះ ពេលដែលនាងរួមភេទជាមួយគ្នា ។ ហេតុការណ៍ឃាត់ខ្លួន ធ្វើឡើងកាលពីវេលាម៉ោង០៣ រសៀលថ្ងៃទី២១ ឧសភា ស្ថិតនៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រឿងរ៉ាវនេះផ្ទុះឡើង គឺបន្ទាប់ពីសុំបែកពីជននោះ ក៏ធ្វើឱ្យខឹងខ្លាំង និងយករូបអាសអាភាស
ទៅបង្ហោះ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ មាស ចំរើន អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម។ ដោយឡែក នារីរងគ្រោះឈ្មោះ សំ វណ្ណី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមនារីរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា កាលពីថ្ងៃមិនចាំ តែក្នុងខែកុម្ភៈ ឆ្នាំ២០១៩ នាងខ្ញុំបានបើក Facebook លេង ស្រាប់តែមានអាខោនFacebook មួយឈ្មោះ«ទឹកហូរមិនហត់» បានអេតមក ហើយអាខោននោះបានឆាតមកនិយាយគ្នាលេងប្រហែលជាមួយខែ ។ ក្រោយមកឈ្មោះ មាស ចំរើន ជាម្ចាស់អាក់ខោន «ទឹកហូរមិនហត់» បានប្តូរឈ្មោះទៅដាក់ឈ្មោះ«ចំរើន ស៊ីណា» និងបានសុំស្រលាញ់នាងខ្ញុំ ហើយនាងខ្ញុំបាននិយាយថា «បើស្រលាញ់មកជួបសិនមក ចាំស្រលាញ់គ្នា» ។
នាងបន្តថា លុះនៅថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៥ ឈ្មោះ មាស ចំរើន បានមកជួបនាងខ្ញុំ
នៅចំណុចរង្វង់មូលតាខ្មៅ បន្ទាប់មក នាងខ្ញុំបានជូនឈ្មោះនេះទៅដេកផ្ទះសំណាក់តែម្នាក់ឯងទេ ។ លុះព្រឹកឡើង នាងខ្ញុំបាននាំឈ្មោះ មាស ចំរើន ទៅលេងបងប្រុស ឈ្មោះ វណ្ណី អាយុ៥៦ឆ្នាំ ដែលធ្វើការនៅសាលាស្រុកកោះធំចំនួន៥ថ្ងៃ ហើយនាងខ្ញុំបានដេកនៅជាមួយឈ្មោះ មាស ចំរើន ដូចប្តីប្រពន្ធ ។ ប៉ុន្តែនៅពេលដេកនៅជាមួយគ្នា ឈ្មោះ មាស ចំរើន បានលួចថតរូបភាពអាសអាភាសនាងខ្ញុំដេក ដោយនាងពុំបានដឹងខ្លួនឡើយ ។
ជួបគ្នាបានមួយរយៈក្រោយមក ទើបដឹងថា បុរសឈ្មោះ មាស ចំរើន នោះមានប្រពន្ធកូនហើយ ទើបនាងខ្ញសុំផ្តាច់ទំនាក់ទំនងជាមួយគាត់ ។ ប៉ុន្តែឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជាមួយខ្ញុំទៀត ថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែង បង្ហោះរូបអាសអាភាស (រូបភាពដែលឈ្មោះ មាស ចំរើន បានលួចថត) ហើយបានឆាតទៅឱ្យហ្វ្រេននៅក្នុង Facebook នាងខ្ញុំ និងផ្ញើរូបភាពទាំងនោះ ឱ្យពួកគេមើលថែមទៀតផង ។
ទង្វើឈ្មោះ មាស ចំរើន បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរទើបនាងប្តឹងឱ្យឃាត់ខ្លួនតែម្តង ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី ។ (សម្រួលដោយ៖ ស្រីណា )
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ