ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ចិញ្ចឹម​ជន្លេន​ក្រហម​កើនឡើង តើ​ការ​ចិញ្ចឹម​មាន​លក្ខណៈ​យ៉ាងណា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​ចិញ្ចឹម​ជន្លេន​ក្រហម​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​កាក់កប​នឹង​មុខរបរ​មួយ​នេះ ដោយសារ​តែ​តម្រូវការ​នៃ​ការ​យក​ជន្លេន​ក្រហម​ជា​ចំណី​មាន់​-​ទា ខ្ពស់ ជា​ពិសេស​ជន្លេន​ក្រហម​ត្រូវ​បាន​អ្នកជំនាញ​ខាង​វិស័យ​កសិកម្ម​ឲ្យ​ដឹង​ថា​វា​មាន​ផ្ទុក​នូវ​ប្រូ​តេ​អុ​ី​ន​ខ្ពស់​និង​ជួយ​ឲ្យ​មាន់​-​ទា រីក​លូតលាស់​បាន​ធំធាត់​លឿន ។…

រាជធានី​ភ្នំពេញ ៖ កសិករ​ចិញ្ចឹម​ជន្លេន​ក្រហម​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​កាក់កប​នឹង​មុខរបរ​មួយ​នេះ ដោយសារ​តែ​តម្រូវការ​នៃ​ការ​យក​ជន្លេន​ក្រហម​ជា​ចំណី​មាន់​-​ទា ខ្ពស់ ជា​ពិសេស​ជន្លេន​ក្រហម​ត្រូវ​បាន​អ្នកជំនាញ​ខាង​វិស័យ​កសិកម្ម​ឲ្យ​ដឹង​ថា​វា​មាន​ផ្ទុក​នូវ​ប្រូ​តេ​អុ​ី​ន​ខ្ពស់​និង​ជួយ​ឲ្យ​មាន់​-​ទា រីក​លូតលាស់​បាន​ធំធាត់​លឿន ។

កន្លង​ការ​កសិករ​ចិញ្ចឹម​ជន្លេន​ក្រហម​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពត​បាន​លើក​ឡើង​ថា ការ​ចិញ្ចឹម​ជន្លេន​ក្រហម​កំពុង​ត្រូវប៉ាន់​ក្រោយ​ពី​មាន​អតិថិជន​មក​កុម្ម៉ង់​ទិញ​ជា​ច្រើន ដែល​អតិថិជន​មក​ពី​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្ត​ព្រះ​សីហ​នុ និង​កំពត ជាដើម ដែល​ពួក​គេ​កុំ​ម្ម៉​ង់​ទិញ​យក​ទៅ​ធ្វើ​ពូជ​ចិញ្ចឹម​បន្ត ឬ​ក៏​យក​ទៅ​ធ្វើ​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​-​ទា ផង​ដែរ ។ ដោយសារ​តែ​តម្រូវការ​កើនឡើង ការ​ពង្រីក​វិសាលភាព​នៃ​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​ក៏​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ចិញ្ចឹម​ជន្លេន​ក្រហម​នេះ​ផង​ដែរ បើ​យោង​តាម​ឯកសារ​ផ្សព្វផ្សាយ​ដោយ​ក្រ​សូ​ង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​នូវ​វិធីសាស្ត្រ ក្នុង​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​ដើម្បី​ធ្វើ​អាជីវកម្ម​របស់​កសិករ​ផង​ដែរ ។ ឯកសារ​របស់​ក្រសួង​បាន​បញ្ជាក់​ថា ជន្លេន​ជា​សត្វ​ម្យ៉ាង​ដែល​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ការងារ​ចិញ្ចឹមសត្វ និង​ការងារ​ដាំ​ដំណាំ​ផ្សេង​ៗ ។ ជន្លេន​ជា​សត្វ​ងាយស្រួល​ចិញ្ចឹម សំបូរ​ទៅ​ដោយ​ប្រូ​តេ​អុ​ី​ន​ខ្ពស់ ជា​ចំណី​សម្រាប់​សត្វ​មាន់ ទា ជ្រូក ត្រី និង​កង្កែប​ជាដើម​។

ជុំវិញ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​នេះ​ផង​ដែរ ឯកសារ​ខាងលើ​បាន​ណែនាំ​ថា​៖ ១)- ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ជីករណ្តៅ​៖ ជា​កន្លែង​មាន​ដី​ខ្ពស់​ល្មម មិន​លិច​ទឹក មិន​ក្តៅ​ស្ងួត​ខ្លាំង និង​ជា​ដី​មាន​ម្លប់​ត្រជាក់ និង​ខ្យល់​ចេញចូល​បាន​ល្អ​; ទី ២)- ការ​រៀបចំ​រណ្តៅ​ចិញ្ចឹម​ជន្លេន គឺ​ទំហំ​រណ្តៅ​ដែល​សម​ស្រប​មាន​បណ្តោយ​ប្រវែង ២​ម៉ែត្រ​X១​ម៉ែត្រ និង​ជំរៅ ០,៣ ម៉ែត្រ​។ – ត្រូវ​ទ្រាប់​ក្រណាត់​ប្លា​ស្ទិ​ក​នៅ​បាត​រណ្តៅ​, – បាំង​បន្ទះក្តារ​ជុំវិញ​ជៀសវាង​ដី​បាក់​ចូល​ក្នុង​រណ្តៅ និង – ទំ​លុះ​រន្ធ​តូច​ៗ ចំងាយ​ពី​គ្នា ១​សង់ទីម៉ែត្រ ។ ៣) – ការ​ផ្តល់​ចំណី​ឲ្យ​ជន្លេន គឺ​ចំណី​សម្រាប់​ដាក់​ឲ្យ​ជន្លេន​មាន​៖ លាមក​គោ លាមក​សេះ និង​កាក​សំណល់​ផ្ទះបាយ ។ ដំបូង​ត្រូវ​ដាក់​ដី​ទ្រាប់​បាត កំរាស់​៥​សង់ទីម៉ែត្រ ។ រួច​កៀរ​ឲ្យ​ស្មើ​មុន​នឹង​ដាក់​លាមក​គោ​ស្រស់​ចូល​។ ប្រើ​លាមក​គោ​ស្រស់​ចំនួន ១០០ គីឡូក្រាម​ដោយ​បំបែក​ឲ្យ​ម៉ត់​មានកំ​រាស់ ២០ សង់ទីម៉ែត្រ​។ ៤)- ការ​ដាក់​លាមក​គោ​ស្រស់​និង​ពូជ​ជន្លេន​សម្រាប់​ចិញ្ចឹម​៖ – នៅ​ពេល​ដាក់​លាមក​គោ​រួច ត្រូវ​យក​ពូជ​ជន្លេន​ដាក់​ក្នុង​លាមក​គោ​នោះ​ចំនួន ៤-៥ កន្លែង ជា​ពិសេស​ពូជ​ជន្លេន​ត្រូវ​ប្រើ​មាន​ចំនួន ១ គីឡូក្រាម (​គិត​ទាំង​ជន្លេន​និង​លាមក​សត្វ​) ក្នុង​ផ្ទៃ​រណ្តៅ ១ ម៉ែត្រការ៉េ ។

បន្ទាប់​ពី​ដាក់​ពូជ​ជន្លេន​ហើយ ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម​ល្មម ជៀសវាង​កុំ​ឲ្យ​សើម​ជោគ​ពេក ។ បន្ទាប់​មក​ត្រូវ​ស្រោច​ទឹក ២-៣ ថ្ងៃ​ម្តង ដើម្បី​រក្សា​សំណើម​ឲ្យ​បាន​ថេរ តែ​មិន​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​ពេក​ទេ ។ នៅ​ពេល​ជន្លេន​កកើត​ច្រើន ត្រូវ​បន្ថែម​លាមក​គោ​ស្រស់ ចំនួន​៣​គីឡូក្រាម​ក្នុង​១​ម៉ែត្រការ៉េ ក្នុង​រយៈពេល ១​ស​ប្តា​ហ៍​។ ៥)- ការ​រៀបចំ​ដំបូល​រណ្តៅ​ចិញ្ចឹម​ជន្លេន​៖ ធ្វើ​ដំបូល​ដើម្បី​ការពារ​ទឹកភ្លៀង និង​កំ​ដៅ​ថ្ងៃ និង​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ដើម្បី​ការងារ​សត្វ​ចូល​កកាយ ។​៦)- ការ​ប្រមូល​ផល​ជន្លេន​ឲ្យ​សត្វ​ស៊ី​៖ ត្រូវ​យក​តាម​កន្លែង​បន្តបន្ទាប់​។ ឧទាហរណ៍ បើសិន​យក​ទំហំ ១០ សង់ទីម៉ែត្រ ត្រូវ​ដាក់​លាមក​គោ​ស្រស់​នៅ​កន្លែង​នោះ ចំនួន ២ គី​ឡួ​ក្រាម​។ ពេល​យក​អស់​តាម​លំដាប់​ដល់​កន្លែង​ដើម​វិញ នោះ​ជន្លេន​កកើត​មាន​ដូច​ដើម​វិញ ។

ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​ជន្លេន​ក្រហម គឺ​កសិករ​ប្រមូល​ផល​ដើម្បី​លក់​ទៅ​អតិថិជន​យក​ទៅ​ធ្វើ​ចំណី​សត្វ​ផង និង​លាមក​របស់​វា​ធ្វើ​ជា​ជីធម្មជាតិ​សំរាប់​ដំណាំ​ដ៏​ល្អ​បំផុត ជា​ហេតុ​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​បាន​ល្អ​និង​បង្កើន​ទិន្នផល​ខ្ពស់​៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ