ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ដ៏ ក្តៅ​គគុក​រវាង​អា​មេ​រិ​ក និង​ចិន​ផ្តល់​ផល​ចំណេញ ឬ​ខាត​ដល់​វិស័យ​កាត់ដេរ​ស្បែកជើង​កម្ពុជា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​រវាង​មហាអំណាច​ពីរ​គឺ​សហ រដ្ឋ​អា​មេ​រិ​ក និង​ចិន កំពុង​តែ​ក្តៅ​គគុក​និង​ធ្វើ​ឲ្យ​ពិភពលោក​ជ្រួលច្របល់ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ គេ​កត់សម្គាល់​ឃើញ​ថា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់…

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​រវាង​មហាអំណាច​ពីរ​គឺ​សហ រដ្ឋ​អា​មេ​រិ​ក និង​ចិន កំពុង​តែ​ក្តៅ​គគុក​និង​ធ្វើ​ឲ្យ​ពិភពលោក​ជ្រួលច្របល់ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ គេ​កត់សម្គាល់​ឃើញ​ថា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​ទីក្រុង​ប៉េ​កាំ​ង​របស់​លោក​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង ក៏​បាន​រាលដាល​អ្នក​លក់រាយ​អា​មេ​រិ​ក​ដូច​ជា ក្រុមហ៊ុន Nike និង Adidas ព្រោះ​បញ្ជី​ពន្ធគយ​ថ្មី​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ហើយ​ពួក​គេ​បាន​ព្រមាន​នឹង​បញ្ជូន​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​ទៅ​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​ដូច​ជា​វៀតណាម​ជាដើម​។

អ្នក​ចែកចាយ និង​លក់រាយ​ស្បែកជើង​អា​មេ​រិ​ក (FOOTWEAR DISTRIBUTORS & RETAILERS OF AMERICA = FDRA) ដែល​ជា​អង្គភាព​ពាណិជ្ជកម្ម​ឧស្សាហកម្ម លក់រាយ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​លក់រាយ​ស្បែកជើង​ជាង ១៧០ រួម​ទាំង​ក្រុមហ៊ុន Nike, Under Armor, Adidas, Foot Locker, Ugg និង Off Broadway Shore Warehouse បាន​សរសេរ​សំបុត្រ​ទៅ​សេត​វិមាន​ស្នើ​សុំ​ឱ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពិចារណា​បញ្ឈប់​ការ​ដំឡើង​ពន្ធ​លើ​ស្បែកជើង​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ដោយ​ហៅ​ការ​ផ្លាស់​ប្តូរ​បែប​នេះ​អាច​បង្ក​ការ​ខូចខាត​ដល់​ក្រុមហ៊ុន​នានា​។

FDRA បាន​សរសេរ​នៅ​ក្នុង​លិខិត​ដោយ​បញ្ជាក់​ថា «​ពន្ធ​បន្ថែម​នឹង​គំរាមកំហែង​ដល់​ភាព​ជោគជ័យ នៃ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ជា​ច្រើន នៅ​ក្នុង​ឧស្សាហកម្ម​របស់​យើង​» ។
កាលពី​ស​ប្តា​ហ៍​មុន​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញ​បញ្ជី​ពន្ធ​ថ្មី​មួយ​ដែល​មាន​តម្លៃ ៣០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន ដែល​អាច​ស្មើ​និង​ចំនួន​២៥​ភាគរយ ដែល​រួម​មាន​ទំនិញ​ស្បែកជើង​។ ក្រុម​អ្នកវិភាគ​និយាយ​ថា ប្រសិនបើ​ពន្ធគយ​នេះ​ដាក់​ចូល​ជា​ធរមាន ក្រុមហ៊ុន​ឧស្សាហកម្ម​កាត់ដេរ​ពួក​គេ នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅ​តែ​ពី​ស្វែងរក​កន្លែង ផលិតកម្ម​ជំនួស​ដូច​ជា​នៅ​ប្រទេស​កម្ពុជា វៀតណាម និង​មី​យ៉ា​ន់​ម៉ា​។

យ៉ាងណាមិញ លោក​អាល់​ប៊ើ​ត តាន់ ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​តំណាង​ឱ្យ​រោងចក្រ​នាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែកជើង​ចំនួន​៦០០​រោងចក្រ បាន​និយាយ​ថា «​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម កាន់តែ​ខ្លាំង​ឡើង​មាន​ចំណាប់អារម្មណ៍​មួយ​ចំនួន​ពី​ក្រុមហ៊ុន​នានា ដោយ​ផ្លាស់​មក​ប្រទេស​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន ។ ដូច្នេះ​ខណៈ​អា​មេ​រិ​ក​ដាក់​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​កើនឡើង នោះ​នឹង​មានការ​កើនឡើង នៃ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ផលិតកម្ម​ផ្លាស់​ប្តូរ​ទៅ​កម្ពុជា និង​វៀតណាម​» ។

ជា​ការ​ពិត​ណាស់ ក្រុមហ៊ុន​ល្បី​របស់​អា​មេ​រិ​កបាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​ចិន​ចាប់តាំងពី​ខែសីហា ឆ្នាំ ២០១៧ នៅ​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បើក​ការ​ស៊ើបអង្កេត​លើ ការ​អនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ចិន​។ លើស​ពី​នេះ​ទៀត​តម្លៃ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ទ្វេ​ដង ដោយសារ​តែ​ការ​បង្កើន​ថ្លៃ​ពលកម្ម​។ សម្រាប់​តម្លៃ​នៃ​ការ​លក់រាយ​សម្លៀក​បំពាក់ ដែល​ផលិត​នៅ​ចិន​ឥឡូវនេះ​មាន​តម្លៃ ៦៩,៥០ ដុល្លារ​ក្នុង​មួយ​ឯក​តា​ដោយ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Delaware លើ​ឧស្សាហកម្ម​កាត់ដេរ​សកល​ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្ដា​ហ៍​មុន​។ នៅ​វៀតណាម​តម្លៃ​បាន​កើនឡើង​នៅ​ឆ្នាំ​នេះ​ពី ២០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត​ដល់ ៣៤,៨០ ដុល្លារ ដោយសារ​តែ​ថ្លៃ​ពលកម្ម​កើនឡើង ខណៈ​តម្លៃ​នៅ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​តម្លៃ​ទាប​បំផុត និង​មានការ​ប្រកួតប្រជែង​ខ្ពស់​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ក្រោម ២០ ដុល្លារ​ក្នុង​មួយ​ឯក​តា​។

តាម​រយៈ​លទ្ធផល​នេះ គឺជា​ព័ត៌មាន​ស្វាគមន៍​មួយ​ដោយ​វិស័យ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​ដែល​ជា​សសរស្តម្ភ​ដ៏​សំខាន់ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​រំជើបរំជួល​ពី​ការ​បន្ត​ព័ត៌មាន​ពី​កា​រដក​ពន្ធ​ពី​អឺរ៉ុប និង​កា​រដក​ពន្ធ​ពី​ការ​អា​មេ​រិ​ក​។ យោង​តាម GMAC រោងចក្រ​ថ្មី​ចំនួន​២៥ បាន​ចូលរួម​ក្នុង​សមាគម​រោងចក្រ​នៅ​ក្នុង​ត្រីមាស​ទី​មួយ នៃ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ជិត​៥០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្រុម​អ្នកវិភាគ និង​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ក៏​បាន​សង្កត់ធ្ងន់​ថា ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​នឹង​កើត​មាន​ឡើង​ដ​ណ្តើ​រ​ៗ ដោយសារ​គុណសម្បត្តិ​សំខាន់​ៗ​នៃ​បច្ចេកវិទ្យា និង​កម្លាំង​ពលកម្ម​ជំនាញ​របស់​ប្រទេស​ចិន​។

FDRA បាន​សរសេរ​បន្ថែម​ទៀត​ថា “​មាន​សំណូមពរ​ថា ឧស្សាហកម្ម​នានា​គួរតែ​ផ្លាស់​ប្តូរ​ការ​វិនិយោគ​របស់​ខ្លួន ទៅ​ប្រទេស​ផ្សេង​ក្រៅពី​ប្រទេស​ចិន បន្ទាប់​ពី​មានការ​គំរាមកំហែង​ពន្ធ​បន្ថែម​» ។ FDRA បាន​បន្ត​ទៀត​ថា «​ខណៈ​ពេល​ដែល​ឧស្សាហកម្ម​របស់​យើង កំពុង​ផ្លាស់​ប្តូរ​ចេញពី​ប្រទេស​ចិន ក្នុង​រយៈពេល​ណាមួយ​ពី​ឥឡូវនេះ វិស័យ​ស្បែកជើង​គឺជា​ផែ្ន​កមួយ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ដើមទុន ដោយ​មាន​ផែនការ​ជា​ច្រើន​ឆ្នាំ និង​តម្រូវ​ឱ្យ​មានការ​សម្រេចចិត្ត​វិ​និ យោគ និង​ក្រុមហ៊ុន​មិន​អាច​ផ្លាស់​ប្តូរ​រោងចក្រ​ឱ្យ​សម្រប​ខ្លួន ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ទេ​»​។

សូម​បញ្ជាក់​ថា​មាន​ក្រុមហ៊ុន​ប្រែ​ន​ស្បែកជើង​ល្បី​ជា​ច្រើន​បាន​ផលិត​នូវ​ផលិតផល​ស្បែកជើង​របស់​ខ្លួន​នៅ​តាម​បណ្តា​រោងចក្រ​ជា​ច្រើន​នៅ​កម្ពុជា​។ យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​បញ្ហា​ថា​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​របស់​កម្ពុជា​នឹង​ចំនេញ ឬ​អត់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ គឺ​រង់ចាំ​មើល​ការ​សម្រេច​របស់​លោក​ត្រាំ ថា​នឹង​លុប​ចោលការ​តម្លើង​ពន្ធ​លើ​ស្បែកជើង​នាំ​ចូល​ពី​ប្រទេស​ចិន​ទៅ​ទីផ្សារ​អា​មេ​រិ​កតាម​ការ​ស្នើ​សុំ​របស់​អ្នក​លក់រាយ​អា​មេ​រិ​ក ឬ​យ៉ាងណា ៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ