រាជធានីភ្នំពេញ ៖ បុរសចំណាស់វ័យជិត៦០ឆ្នាំម្នាក់បានសេពគ្រឿងញៀន និងផឹកស្ររាល់ថ្ងៃ មិនតែប៉ុណ្ណោះកន្លងមកត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនច្រើនលើកច្រើនសារ តែគាត់ហាក់មិនរាងចាលបន្តិចណាទេ នៅតែប្រព្រឹត្តមិនព្រមបោះបង់ផ្លូវមួយនេះចោលសោះ។ លុះចុងក្រោយនេះប្រើហិង្សាវាយដំទាត់ធាក់ទៅលើប្រពន្ធរបស់ខ្លួនម្ដងហើយម្ដងទៀត ដោយអត់ទ្រាំលែងបានទៀត ទើបលោកយាយប្តឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយចុះទៅចាប់ខ្លួនកាលពីម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២១ ឧសភា ២០១៩ ដល់ផ្ទះស្ថិតក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
បុរសវ័យចំណាស់ខាងលើនោះឈ្មោះ ហោ ឆាយ អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិឧកញ៉ាអុង ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល រីឯលោកយាយជាប្រពន្ធឈ្មោះ ណុប សារី អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ហើយអ្នកទាំង២ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ។
បើតាមលោកយាយរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា ប្ដីគាត់មិនចាញ់ក្មេងស្ទាវទេអារឿងសេពគ្រឿងញៀន និងផឹកស្រា ដែលចាស់ចំណាស់នឹងហើយនៅតែចរិកស្ទាវទៀត មិនព្រមចូលវត្តវ៉ាសាងកុសលផលបុណ្យសម្រាប់ទៅអនាគតជាតិនោះឡើយ។ មិនតែប៉ុណ្ណោះតែងវាយដំគាត់រហូត ហើយកន្លងមកក៏ធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនជាបន្តបន្ទាប់ច្រើនដងដែរ ប៉ុន្តែហាក់មិនរាងចាលសោះ។ លុះព្រឹកថ្ងៃទី២១ ឧសភា ស្រាប់តែគាត់ប្រើហិង្សាវាយទាត់ធាក់គាត់ជាប្រពន្ធ ពេលនោះគាត់ទៅប្តឹងនគរបាល ដល់ពេលនគរបាលចុះទៅដល់ផ្ទះ ស្រាប់តែតាស្ទាវរូបនេះរត់គេចខ្លួនបាត់តែ។
ប្រភពដដែលបន្តថា លុះរសៀលថ្ងៃដដែល ក្រោយនគរបាលចេញផុត ស្រាប់តែលោកប្ដីត្រឡប់ចូលផ្ទះវិញហើយខឹងគាត់ប្តឹងនគរបាលឲ្យចុះទៅរកចាប់ខ្លួនដល់ផ្ទះ លោកប្ដីក៏វាយគាត់រហូតហើមក្បាល ទើបគាត់ប្ដឹងឲ្យចុះទៅម្តងទៀត ហើយលើកនេះតាកំហូចរត់មិនរួចតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសវ័យចំណាស់ខាងលើ នាំទៅប៉ុស្តិ៍ដើម្បីសាកសួរ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ