ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃើញ​អា​មេ​រិ​ក​លេង Huawei មួយ​ក្បាច់​ពេល​នេះ Xiaomi ស្រាប់តែ​ចង់​ធ្វើ​រឿង​១

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ កន្លង​មក​ថា ក្រុមហ៊ុន…

ប្រទេស​ចិន ៖ ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ កន្លង​មក​ថា ក្រុមហ៊ុន Xiaomi Corp បាន​ប្រកាស​ថា​ពួក​គេ​កំពុង​តែ​តាមដាន​ការ​សម្រេចចិត្ត​របស់ Google ក្នុង​ពេល​ថ្មី​ៗ​នេះ​យ៉ាង​ដិត​ដល់​ដើម្បី​ជៀសវាង​ការ​ធ្វើ​អាជីវកម្ម​ជាមួយនឹង​ក្រុមហ៊ុន Huawei Technologies ខណៈ​ដែល​ក្រុមហ៊ុន​ព​ន្លឿ​ន​គម្រោង​ពង្រីក​អាជីវកម្ម​អន្តរជាតិ ។

លោក Chew Shou Zi ដែល​ជា​ប្រធាន​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ Xiaomi បាន​និយាយ​ថា «​ពួក​យើង​ចាប់អារម្មណ៍​នឹង​បញ្ហា​នេះ​ខ្លាំង​ណាស់ ប៉ុន្តែ​វា​មិន​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​យើង​ទេ​» ។

លោក Chew បាន​បន្ត​ថា ក្រុមហ៊ុន​លោក​លក់​មាន​គោលដៅ​ផ្គត់ផ្គង់​ផលិតផល​ដល់ ៧០%​នៃ​ប្រជាជន​សរុប​ទូ​ទាំង​ពិភពលោក ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​រយៈពេល​ច្បាស់លាស់​ក្នុង​ការ​សម្រេច​គោលដៅ​នេះ​ទេ ។

ការ​សម្រេចចិត្ត​របស់ Google ក្នុង​ការ​កាត់​ផ្តាច់ទំនាក់ទំនង​អាជីវកម្ម​ជាមួយ Huawei ត្រូវ​បាន​សម្រេច​ឡើង​បន្ទាប់​ពី​ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ​ក្រោម​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​ដាក់ Huawei និង​ក្រុមហ៊ុន​ក្រោម​ការ​គ្រប់គ្រង​ប្រមាណ ៧០ ក្រុមហ៊ុន​ទៀត​ក្នុង​បញ្ជីខ្មៅ​សម្រាប់​ការ​នាំ​ចេញ ដែល​ហាមឃាត់​ក្រុមហ៊ុន​ទាំងនេះ​មិន​ឲ្យ​ទិញ​កម្មវិធី Hardware Software និង​សេវាកម្ម​ផ្សេង​ៗ​ពី​អ្នក​ផ្គត់ផ្គង់​បច្ចេកវិទ្យា​អា​មេ​រិ​ក​ឡើយ ។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក Xiaomi ក៏​បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​របស់​ខ្លួន​ដែល​ស្មើ​ប្រមាណ​៤៦២​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​១​កន្លង​មកនេះ ខណៈ​ដែល​ចំនួន​លក់​ស្មា​ត​ហ្វូ​ន​មានការ​កើនឡើង ក៏​ដូច​ជា​មានការ​លូតលាស់​ក្នុង​អាជីវកម្ម Internet of Things (IoT) និង​អាជីវកម្ម​ផ្សេង​ៗ​ជាដើម ។

លោក Lei Jun ដែល​ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​របស់ Xiaomi បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា លទ្ធផល​ប្រចាំត្រីមាស​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​ការ​ចាប់ផ្តើម​ដ៏​ល្អ​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ Smartphone plus AIoT dual-engine ដែល​រួម​មាន​កំណើន​នៃ​ការ​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​បរទេស និង​ការ​បង្កើត​ឱកាស Artificial Inelligence និង IoT ថ្មី​ៗ​។

កាលពី​ខែ​មុន ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា​ពួក​គេ​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​រួម​មាន ១៩​សមាជិក​ដើម្បី​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ឲ្យ​ទៅ​ជា​ក្រុមហ៊ុន​ដឹកនាំ​ដោយ AI និង​បាន​សន្យា​ថា​នឹង​ផ្តល់​ជា​រង្វាន់ និង​ប្រាក់​លើកទឹកចិត្ត​រាប់​លាន​យាន់​ដល់​វិស្វករ​ចំណាន​ៗ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ