ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដឹង​អត់​ហ្នឹង…​របរ​ចិញ្ចឹម​ប្រចៀវ​យក​លា​មក អំណោយ​​ដល់​ជីវភាព​កម្រិត​ណា?

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សត្វ​ប្រចៀវ​ដែល​គេ​ច្រើន​តែ​ឃើញ​រស់នៅ​តាម​រូងភ្នំ​មួយ​ចំនួន ​នៅ​តំបន់​ភ្នំ​ដែល​មាន​រូង​តូច​ធំ ជា​តំបន់​រស់នៅ​សុខសាន្ត​នោះ ​ពេល​នេះ​គេ​បាន​ចិញ្ចឹម​នៅ​តាម​តំបន់​វាលរាប​ក៏​មាន​ច្រើន​ដែរ ។ លា​មក​របស់​វា ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជី សម្រាប់​ដាក់​លើ​ដំណាំ​ផ្សេង​ៗ​លូតលាស់​បាន​ល្អ​…

ខេត្តកំពង់ចាម ៖ សត្វ​ប្រចៀវ​ដែល​គេ​ច្រើន​តែ​ឃើញ​រស់នៅ​តាម​រូងភ្នំ​មួយ​ចំនួន ​នៅ​តំបន់​ភ្នំ​ដែល​មាន​រូង​តូច​ធំ ជា​តំបន់​រស់នៅ​សុខសាន្ត​នោះ ​ពេល​នេះ​គេ​បាន​ចិញ្ចឹម​នៅ​តាម​តំបន់​វាលរាប​ក៏​មាន​ច្រើន​ដែរ ។ លា​មក​របស់​វា ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជី សម្រាប់​ដាក់​លើ​ដំណាំ​ផ្សេង​ៗ​លូតលាស់​បាន​ល្អ​ និង​មាន​ទិន្នផល​ខ្ពស់​ជា​ជាង​ប្រមូល​យក​នៅ​តាម​តំបន់​ភ្នំ ។

ដោយឡែក​ នៅ​ក្នុង​ឃុំ​ខ្ចៅ ស្រុក​កងមាស ក៏​បាន​បង្កើត​កសិដ្ឋាន​តាម​គ្រួសារ យ៉ាង​ហោច​ណាស់​៣​ទៅ​៤​កន្លែង ដោយ​បាន​ធ្វើ​សំបុក​ពី​ធាងត្នោត ​សម្រាប់​ឲ្យ​ហ្វូង​ប្រចៀវ​រស់នៅ ហើយ​ចំណូល​ដែល​បាន​មក​ក៏​គួរ​សម​ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង​ដែរ កំពុង​ក្លាយជា​មុខរបរ​មួយ ។ លោកតា ខឹ​ម ព្រឿ​ង អាយុ​៨៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ពាន់​ទី​១ ឃុំ​ខ្ចៅ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយនៅ​មុខ​ផ្ទះ​របស់​គាត់​មាន​ដើម​ដូង​ចំនួន​២​ដើម ដែល​មើលទៅ​ទំនង​នោះ​គាត់​បាន​ចាប់ផ្តើម​រក​ធាងត្នោត​មក​ដាក់​ចង​តំរៀប​ដើម្បី​បង្កើត​ជា​សំបុក ឲ្យ​ហ្វូង​ប្រចៀវ​រស់នៅ​សម្រាប់​យក​លាមក​របស់​វា មក​ធ្វើ​ជី​ដាក់​ដំណាំ​នៅ​ក្នុងភូមិ​ដោយ​បាន​ផល​ល្អ ហើយ​ក៏​លើស​ពី​សេចក្តី​ត្រូវការ​ប្រើប្រាស់ ក៏​មាន​អ្នក​ភូមិ​ជិត​ឆ្ងាយ​មក​ទិញ​ ដែល​គាត់​លក់​បាន​១​ធុង​ស្បេ​ត្រូល​បាន​តម្លៃ​១៥.០០០​រៀល ។

លោកតា ព្រឿ​ង មាន​ប្រសាសន៍​បន្ត​ថា ក្រោយមក​ដូង​ចំនូ​ន​២​ដើម​នោះ​ បាន​ពុក​ផុយ គាត់​ក៏​បាន​ច្នៃ​ធ្វើ​កន្លែង​ថ្មី​ទៀត ដោយ​ចាក់​សសរ​បេតុង​ចំនួន​៤​ដើម បាន​ចង​ដើម​ឫស្សី​ខ្វាត់ខ្វែង​និង​ចង​តំរៀប​ធាងត្នោត​ធ្វើ​សំបុក​ដ៏​ធំ​រឹង​មាំ​ដែល​រហូត​មក​ដល់​សព្វថ្ងៃ​ជាង​២០​ឆ្នាំ​មក​ហើយ ។ លោកតា​និយាយ​ទាំង​ញញឹម​ថា កាល​ណា​បើ​ហ្វូង​ប្រចៀវ​មក​នៅ​ច្រើន​នោះ​លាមក​របស់​វា​ជុះ​មក​ក៏​បាន​ច្រើន​ដែរ​ធ្លាក់​មក​ពាសពេញ​លើ​ដី ក្រាល​ដោយ​កៅស៊ូ​ត្រូវ​បោសសម្អាត​រាល់ថ្ងៃ​កើប​ដាក់​ក្នុង​បាវ​ទុក​លក់ ប៉ុន្តែ​បើ​រដូវភ្លៀង​ម្តង​ៗ ធ្វើ​ឱ្យ​លាមក​ប្រចៀវ​ ត្រូវ​ទឹក​រលាយ​អស់ មិន​អាច​ប្រមូល​យក​បាន​ទេ គឺ​ចោល​ហើយ ។ គាត់​ថា បាន​មើលថែ​ទាំ​នូវ​សុវត្ថិភាព​របស់​វា ឱ្យ​វា​រស់នៅ​ដោយ​សុខសាន្ត ។ គាត់​ថា មាន​ពេល​ខ្លះ​ទៀត​មាន​ពស់​បាន​វារ​ឡើង​តាម​បង្គោល​សសរ​ឫស្សី ឡើង​នៅ​ស៊ី​ប្រចៀវ​ក៏​មាន​ដែរ ធ្វើ​ឲ្យ​ហ្វូង​ប្រចៀវ​ផ្អើល​ភ័យ​ស្លន់ស្លោ ហើរ​ចេញ​ទៅ​ឆ្ងាយ​បាត់ ។ គាត់​ថា ជួនកាល​បាត់​ជិត​កន្លះ​ខែ​បាន​ហើរ​មក​ទុំ​នៅ​នឹង​សំបុក​វិញ ។ ក្រៅពី​ពស់​ក៏​មាន​សត្វ​មៀម​និង​ខ្លែងស្រាក់​នៅ​ពេល​យប់​ៗ​បាន​ហើរ​មក​ក្រវែល ដើម្បី​ឆាប​ឆក់​យក​ប្រចៀវ​ដែល​ទុំ​នៅ​តាម​ធាងត្នោត​ក៏​មាន​ដែរ ។ ពេល​ឃើញ​ម្តង​ៗ​គាត់​ស្រែក​ដេញ​បង្អើល ទើប​វា​ហើរ​ចេញ ។ គាត់​ថា ទោះបី​សិ្ថ​ត​នៅ​ក្នុង​វ័យ​ចំណាស់​បែប​នេះ​ក្តី​ក៏​គាត់​នៅ​តែ​ប្រឹង​តស៊ូ ថែរក្សា​សំបុក​ប្រចៀវ​ឲ្យ​នៅ​បាន​យូរ​ទៅ​ថ្ងៃ​ខាង​មុខ ។

បើ​និយាយ​ពី​តម្លៃ​វិញ លាមក​ប្រចៀវ​លក់​បាន​ក្នុង​១​ធុង​ស្បេ​ត្រូល​១៥.០០០​រៀល​ដដែល មិន​ហ៊ាន​ឡើង​ថ្លៃ​ទេ​ខ្លាច​អ្នកទិញ​គេ​សាញ ។ គាត់​ថា កន្លែង​របស់​គាត់​តូច​ជាងគេ​ទេ ទោះ​យ៉ាងនេះ​ក្តី​ក្នុង​១​ខែ​ៗ​ក៏​អាច​រក​ចំណូល​បាន​ប្រហែល​២០​ម៉ឺន​រៀល​ ទៅ​៣០​ម៉ឺន​រៀល​ជាង​ដែរ​ សម្រាប់​ដោះស្រាយ​ជីវភាព ។ ស្ត្រី​ចំណាស់​ឈ្មោះ វ៉ា គឹ​មនាង អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​វ៉ា​រិ​នទី​១ ឃុំ​ខ្ចៅ ស្រុក​កងមាស មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៩​ថា មាន​ពេល​មួយ​នោះ​គាត់​បាន​ដាំ​ត្រឡាច​និង​ឆៃថាវ​នៅ​ក្នុងភូមិ ដោយ​បាន​ប្រើប្រាស់​ជីធម្មជាតិ​លាមក​ប្រចៀវ ។

ក្រោយ​ពី​បាន​ផល​ចេញ​មក​ល្អ​ៗ​ហើយ​ថ្លោស​ថែម​ទៀត​ទើប​ប្រឹង​ថែទាំ​សំបុក​ប្រចៀវ​ដែល​ដំបូង​មាន​តិចតួច​ទេ ឃើញ​លាមក​វា​ជា​ជីធម្មជាតិ​ទើប​ចេះ​តែ​ពង្រីក​បាន​ធំធាត់ បង្កើត​សំបុក​កាន់តែ​ច្រើន និង​មាន​មនុស្ស​មក​ទិញ​ជីលា​មក​ច្រើន​ដើម្បី​យក​ទៅ​ដាក់​ដំណាំ ។ គាត់​ថា​លាមក​ប្រចៀវ​មិន​ដែល​សល់​ទេ លក់ដាច់​ហូរហែ ។ ម្យ៉ាងទៀត អត់​ចាំបាច់​ចំណាយ​ទិញ​ចំណី​ណាមួយ​ឱ្យ​វា​ទេ សំខាន់​នោះ​គឺ​មើលថែ​វា​កុំឱ្យ​វា​ភ័យ​ខ្លាច​សត្វ​ដ៏​ទៃ​មក​អុកឡុក ។ ស្ត្រី​ចំណាស់​ឈ្មោះ គឹ​ម នាង បន្ត​ថា លុះ​មក​ដល់​ឆ្នាំ​២០១៧ ដោយសារ​បាន​ផល​ល្អ​គាត់​បាន​ចាប់ផ្តើម​ពង្រីង ពង្រីក​សំបុក​បន្ថែម ធ្វើ​រោង​សម្រាប់​ឲ្យ​ហ្វូង​ប្រចៀវ​ទុំ​នៅ​លើ​ធាងត្នោត មាន​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ក្បាល​ឯណោះ ។ លាមក​វា​កើប​រាល់ថ្ងៃ​លក់​បាន​១​ធុង​ស្បេ​ត្រូល​តម្លៃ​១៧.០០០​រៀល ហើយ​១​បាវ​ទម្ងន់​ពី​២០​ទៅ​២៥​គីឡូក្រាម លក់​បាន​១០​ម៉ឺន​រៀល ។

រាល់ថ្ងៃ​មាន​ម៉ូយ​នៅ​ខេត្ត​ឆ្ងាយ​ៗ ស្កាត់​មក​ទិញ​ជីលា​មក​ប្រចៀវ​នៅផ្ទះ​របស់​គាត់​ហូរហែ ដើម្បី​យក​ទៅ​ដាក់​ដំណាំ​ឲ្យ​លូតលាស់​ល្អ​ដូច​ជា​ដំណាំ​ម្រេច​ដូង​ជាដើម ។ របរ​នេះ​គាត់​អះអាង​ថា មិន​បោះបង់​ចោល​ទេ មាន​តែ​ប្រឹង​ថែ​និង​ពង្រីក​ដោយ​សំបុក​របស់​វា​២​ឆ្នាំ​ត្រូវ​ដូរ​ចេញ​ម្តង ព្រោះ​វា​ពុក​ផុយ ។ ចំណែក​ធាងត្នោត​វិញ​ត្រូវ​ជួល​គេ​ទៅ​កាប់ នៅ​កន្លែង​ណា​ដែល​មាន​សំបូរ​ត្នោត ។ កន្លង​មក​គាត់​ថា​ធ្លាប់​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​នូវ​ជំងឺផ្តាសាយបក្សី ដោយ​ខ្លាច​ឆ្លង​មេរោគ​ពី​ហ្វូង​សត្វ​ប្រចៀវ​មក​មនុស្ស​នោះ ត្រូវ​បាន​មន្ត្រី​របស់​អង្គការ​អូស្ត្រាលី និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ចុះ​មក​បូម​ឈាម​ប្តី​គាត់​និង​គាត់ យក​ទៅ​ពិនិត្យ​ក្រែង​មាន​មេរោគ ។ គាត់​ថា​សំណាងល្អ​ដែរ​មិន​បាន​ឆ្លង​មេរោគ​អ្វី​ពី​ប្រចៀវ​ឡើយ ។

គាត់​និយាយ​ថា ក្នុង​គ្រួសា​របស់​គាត់​មិន​ត្រឹមតែ​ចិញ្ចឹម​ប្រចៀវ​ជា​មុខរបរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរ​ប្រមូល​ទិញ​លាមក​ប្រចៀវ​តាម​ភូមិ​នានា ដែល​គេ​ចិញ្ចឹម​តូចតាច​យក​មក​ស្តុក​ទុក​ឲ្យ​បាន​ច្រើន ដើម្បី​លក់​ឲ្យ​ឈ្មួញ​គ្រាន់​នឹង​ចំណេញ​ក្បាលកាក់ ។ គាត់​ថា កាលពីមុន​ទីផ្សារ​ម្រេច​លក់​បាន​ថ្លៃ ស្រួល​លក់​ណាស់​អាចម៍​ប្រចៀវ​នេះ តែ​ដល់​ម្រេច​ចុះថោក​សព្វថ្ងៃ​រាង​ពិបាក​លក់​បន្តិច ព្រោះ​ម្រេច​ត្រូវការ​លាមក​ប្រចៀវ​ច្រើន ដែល​មាន​ពេល​ខ្លះ​រក​លាមក​ប្រចៀវ​តាម​ចំនួន​ដែល​គេ​កុម្ម៉ង់​សឹង​មិន​បាន​គ្រប់ ៕ ​

អត្ថបទសរសេរ ដោយ