ខេត្តបាត់ដំបង ៖ បុរសម្នាក់បានទៅលួចគាស់ដំឡូងមីគេទាំងកណ្ដាលយប់អស់ជិត១ហិកតា លុះម្ចាស់ទៅឃើញកំពុងលើកដំឡូងដាក់រថយន្តច្នៃ ក៏ប្ដឹងឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២០ ឧសភា នៅក្នុងចំការមួយកន្លែង ក្នុងភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ។
លោកប៉ាង ហៀង អធិការស្រុកគាស់ក្រឡបានឱ្យដឹងថា ជនសង្ស័យឈ្មោះហៃ សិលា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ។ ជននេះត្រូវកម្លាំងលោកចុះទៅឃាត់ខ្លួន ខណ:កំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅក្នុងចំការដំឡូងមី របស់ឈ្មោះម៉ា ឡា ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ។
លោកអធិការបានប្រាប់ថា ជនសង្ស័យបានលួចគាស់ដំឡូងមីក្នុងចំការជនរងគ្រោះទាំងកណ្ដាលយប់អស់ជិត១ហិកតា បានដំឡូងមីជាង៣០ការ៉ុង លុះព្រឹកឡើងពេលម្ចាស់ទៅចំការ ស្រាប់តែឃើញជនសង្ស័យកំពុងលើកដំឡូងដាក់លើរថយន្តច្នៃ ទើបគាត់ប្ដឹងសមត្ថកិច្ចរបស់លោកឱ្យជួយអន្តរាគមន៍ ឃាត់ទាំងមនុស្សទាំងរថយន្ត និងវត្ថុតាងយកមកកាន់អធិការ ដើម្បីសួរនាំតែម្ដងទៅ ។
ជាមួយនឹងការឃាត់ខ្លួននេះ បើតាមការស្រង់សំដីពីសមត្ថកិច្ច ជនសង្ស័យឈ្មោះហៃ សិលា បានផ្ដល់ចម្លើយដំបូងថា ដំឡូងនោះជារបស់ខ្លួនអ្នកដាំ ហើយខ្លួនមិនបានទៅដកដំឡូងគេទេ ។ ប៉ុន្តែផ្ទុយពីការឆ្លើយដោះសាររបស់ជនសង្ស័យ ដោយឡែក ម្ចាស់ដំឡូងមីឈ្មោះម៉ា ឡា វិញ បាននិយាយប្រាប់សមត្ថកិច្ចថា ដំឡូងមីនោះជារបស់គាត់ ដែលគាត់បានជូលដីពីមន្ត្រីយោធាម្នាក់ដាំដំឡូងមីនេះ ។
លោកម៉ា ឡា បាននិយាយទៀតថា គាត់មិនបានដឹងថា ជនសង្ស័យខាងលើចូលទៅលួចគាស់ដំឡូងមីគាត់តាំងពីពេលណាទេ តែអាចលួចគាស់នៅពេលយប់ស្ងាត់ លុះនៅថ្ងៃទី២០ ឧសភា ពេលគាត់ដើរទៅចំការស្រាប់តែភ្ញាក់ខ្លួនព្រើត ដោយសារឃើញស្នាមគាស់ថ្មីៗអស់ជិត១ហិកតា តែភ្លាមនោះក៏ឃើញមានមនុស្សកំពុងលើកដំឡូងមីដាក់រថយន្តច្នៃ នៅកណ្ដាលចំការ ទើបខ្លួនរាយការណ៍ប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគម៍តែម្តង ។
ពាក់ព័ន្ធនឹងចម្លើយជនសង្ស័យ ដែលអះអាងថា ដំឡូងមីនោះជារបស់ខ្លួន បើតាមសាក្សីនានាក៏ដូចជាម្ចាស់ដំឡូងមី(ជនរងគ្រោះ) ខាងលើនេះ បានទម្លាយអំពីប្រវត្តិដីចំការដាំដំឡូងនេះថា កាលដើមឡើយដីនោះជាដីទំនាស់ រវាងជនសង្ស័យឈ្មោះហៃ សិលា ជាមួយមន្ត្រីយោធាម្នាក់(ម្ចាស់ដីបច្ចុប្បន្ន) រហូតប្ដឹងប្តល់គ្នាដល់តុលាការទៀតផង។
ប្រភពដដែលបញ្ជាក់ថា ការដឹកដៃគ្នាឡើងតុលាការរវាងភាគីទាំង២នេះ តុលាការបានសម្រេចកាត់ឲ្យខាងភាគីជនសង្ស័យនេះចាញ់ក្ដីមន្ត្រីយោធានោះ ហើយចាប់ពីពេលនោះមកជនសង្ស័យគ្មានសិទ្ធិប៉ះពាល់ដីចំការនោះទៀតទេ រីឯភាគីឈ្នះក្ដីបានជួលដីនោះឲ្យទៅគេដាំដំណាំរាល់ឆ្នាំរហូតមក ។ នេះជាប្រវត្តិដីចំការ ដែលជនសង្ស័យអះអាងថា ដំឡូងមីដែលខ្លួនលួចគាស់របស់គេអស់ជិត១ហិកតានោះ ជាដំឡូងរបស់ខ្លួន។
លោកជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាក់ដែរថា បើទោះជាជនសង្ស័យអះអាងថា ជាដំឡូងដែលខ្លួនដាំក្ដី តែរហូតពេលនេះ មិនមានសាក្សីណាម្នាក់បានដឹង ឬជួយឆ្លើយដោះបន្ទុកជនសង្ស័យទេ ព្រោះដំឡូងមីនោះជារបស់ជនរងគ្រោះ ហើយមានសាក្សីជាច្រើនបានដឹងរឿងនេះ ។
លោកបានបន្ថែមថា ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ សមត្ថកិច្ចបានដកហូតរថយន្តច្នៃ១គ្រឿង និងដំឡូងមីជាង៣០ការ៉ុង ហើយពេលនេះ មន្ត្រីការិយាល័យជំនាញកំពុងសួរនាំដ ើម្បីចាត់ការតាមនីតិវីធីហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ