សិង្ហបុរី ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃទី២១ ឧសភា កន្លងមកថា តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃអង្គារ៍ ព្រោះតែការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលមានការគិតទុកមុនថាក្រុមប្រទេសនាំចេញប្រេង OPEC នឹងបន្តកាត់បន្ថយទិន្នផលប្រេងក្នុងឆ្នាំនេះ ។ ប៉ុន្តែកំណើននេះត្រូវបានប៉ះពាល់ពីកង្វល់ទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលអាចបង្កឲ្យមានការអន់ថយសេដ្ឋកិច្ចជុំវិញពិភពលោក ។
តម្លៃប្រេងរបស់ក្រុមហ៊ុន Brent ស្មើ ៧២.២៤ដុល្លារក្នុងមួយធុង ឬកើនឡើង ០.៤% ខណៈដែលតម្លៃប្រេងរបស់ក្រុមហ៊ុន West Texas Intermediate វិញបានកើនឡើង ០.៤%ដែរមកស្មើ ៦៣.៣៦ដុល្លារក្នុងមួយធុង។
លោក Jasper Lawler ដែលជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន London Capital Group បាននិយាយថា «ការតានតឹងឡើងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ និងមុខសញ្ញាបង្ហាញថា OPEC នឹងបន្តកាត់បន្ថយទិន្នផលប្រេង បានជំរុញដល់តម្លៃប្រេង»។
កាលពីថ្ងៃចន្ទ កន្លងមកលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានគម្រាមកំហែងដល់អ៊ីរ៉ង់ថានឹងឆ្លើយតបដោយរឹងមាំ និងធ្ងន់ធ្ងរទៅកាន់អ៊ឺរ៉ង់ប្រសិនបើប្រទេសនេះប៉ះពាល់ដល់អត្ថប្រយោជន៍អាមេរិកក្នុងមជ្ឈឹមបូព៌ា ។ ការគម្រាមកំហែងនេះកើតមានឡើងបន្ទាប់ពីមានការវាយប្រហារកាំជ្រួចក្នុងរដ្ឋធានីអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកសង្ស័យថាត្រូវបានរៀបចំឡើងដោយក្រុមយោធាដែលមានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ ។
អ៊ីរ៉ង់បាននិយាយកាលពីធ្ងៃអង្គារ៍ ថាពួកគេនឹងប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក ។ ភាពតានតឹងនេះកើតមានឡើងខណៈដែលទីផ្សារកំពុងតែតូចចង្អៀតស្រាប់ទៅហើយព្រោះ OPEC និងប្រទេសផលិតប្រេងដទៃដូចជារុស្ស៊ីបានព្យាយាមាកាត់បន្ថយទិន្នផលប្រេងតាំងពីដើមឆ្នាំនេះមកដើម្បីជំរុញដល់តម្លៃ ។
យោងទៅតាមប្រភពមួយមកពី OPEC បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា OPEC កំពុងតែពិចារណាពន្យាពេលកិច្ចប្រជុំដើម្បីពិភាក្សាពីគោលការណ៍កាត់បន្ថយទិន្នផលប្រេងទៅថ្ងៃទី៣និង៤ខែកក្កដាខាងមុខវិញ ។
គួរបញ្ជាក់ដែរថា កំណើនតម្លៃប្រេងក៏ទទួលរងការប៉ះពាល់ពីសម្ភាធនៅទីផ្សារហិរញ្ញវត្ថុដែរដែលមានការអន់ថយព្រោះតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ