រាជធានីភ្នំពេញ៖ នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលនៃក្រសួងវប្បធម៌បានបង្ហាញហានិភ័យមួយចំនួនសម្រាប់តារាចម្រៀងដែលចូលចិត្តយកបទចម្រៀងចាស់ទៅច្រៀងជា Cover ដោយមិនបានសុំសិទ្ធិអ្នកនិពន្ធ ។
បើទោះបីសកម្មភាពនោះមិនបានស្វែងរកប្រាក់ចំណេញក្តី ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកនិពន្ធដែលតារាចម្រៀងទាំងនោះគួរពិចារណា។ យោងតាមការប្រកាសរបស់នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល នាពេល ថ្មីៗកន្លងមកបានបញ្ជាក់ថា Cover? ជាទូទៅពាក្យនេះពេញនិយមសម្រាប់អ្នកដែលយកបទចម្រៀងគេមកច្រៀងឡើងវិញ ហើយចែកចាយលើបណ្តាញសង្គមក្នុងសម័យបច្ចេកវិទ្យាឌីជីថល បើទោះបីជាមិនស្វែងរកប្រាក់ចំណេញក៏ដោយ តែវាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកនិពន្ធ ។
ផលប៉ះពាល់ទាំងនោះរួមមាន៖ ១.សិទ្ធិសម្តែងជាសាធារណៈ ។ ២.សិទ្ធិថតបញ្ចូលជាហ្វូណូក្រាម ឬសោតទស្សន៍ ។ ៣. សិទ្ធិចែកចែក ឬផ្សព្វផ្សាយជាសាធារណៈ ដែលទាមទារឲ្យមានការអនុញ្ញាតពីអ្នកនិពន្ធ ឬម្ចាស់សិទ្ធិ ដើម្បីធានាថាមិនធ្វើឲ្យខូចដល់អាជីវកម្មស្របច្បាប់ណាមួយ និងផលប្រយោជន៍របស់អ្នកនិពន្ធ និងម្ចាស់សិទ្ធិនានានោះឡើយ ។
ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលលោកស៊ឹម សត្តា បញ្ជាក់បន្ថែមថា «ពាក្យថា cover គឺមានន័យការធ្វើឡើងវិញដោយមិនរកប្រាក់ចំណេញ ប៉ុន្តែវាបានធ្វើប៉ះពាល់អាជីវកម្មស្របច្បាប់ដល់សិទ្ធិអ្នកនិពន្ធ អ៊ីចឹងអ្នកនិពន្ធអាចមានសិទ្ធិបញ្ឈប់ ។ កត្តានេះយើងមិនមានន័យមិនឲ្យយកបទគេយកទៅcover នោះ ប៉ុន្តែការcover នោះគឺត្រូវឆ្លងកាត់ការសុំសិទ្ធិអ្នកនិពន្ធជាមុនសិន ។ ប្រសិននៅតែមានការបំពាននោះជាឆន្ទានុសិទ្ធិរបស់ម្ចាស់និពន្ធ ហើយប្រសិនបើការយកបទណាមួយយកទៅcover មិនប៉ះពាល់ម្ចាស់សិទ្ធិនោះ តារានោះអាចធ្វើទៅបាន ។ តែបើយើងមើលទៅប៉ះពាល់ខ្លាំង នោះយើងផ្តល់សិទ្ធិទៅម្ចាស់និពន្ធថាតើគាត់ត្រូវបញ្ឈប់ ឬអនុញ្ញាត ។
ដោយឡែកសម្រាប់បទចម្រៀងលោកស៊ីន ស៊ីសាមុត និងលោកគង្គ ប៊ុនឈឿន វាជាសិទ្ធិរបស់ក្រុមគ្រួសារគាត់ ព្រោះយើងបានប្រគល់សិទ្ធិទៅឲ្យក្រុមគ្រួសារពួកគាត់រួចហើយ»៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ