ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីកន្លងមកថា វិស័យទេសចរណ៍របស់ប្រទេសថៃអាចនឹងលូតលាស់ ព្រោះតែភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែលបង្កឲ្យភ្ញៀវទេសចរចិនប្តូរទីតាំងទេសចរណ៍មកកាន់ប្រទេសដែលនៅជិតខាងវិញ ។
ប្រទេសថៃនឹងតាមដានថាតើរដ្ឋាភិបាលចិននឹងចេញការហាមឃាត់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកឬទេ ដែលមានរូបរាងស្រដៀងនឹងការហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុនក្នុងកំឡុងពេលប្រទេសចិនមានជម្លោះជាមួយប្រទេសទាំងពីរជាដើម ។
លោក Yuthasak Supasorn ដែលជាប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា យោងតាមការវាយតម្លៃរបស់ការិយាល័យ TAT ចំនួន ៥ ក្នុងប្រទេសចិនបានប្រទះឲ្យឃើញថា កំណើនតម្លៃប្រាក់យ័នរបស់ប្រទេសចិន និងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺជាកត្តាសំខាន់ៗដែលទប់ស្កាត់មិនឲ្យជនជាតិចិនធ្វើដំណើរទៅបរទេស ។
ប៉ុន្តែការសិក្សានេះក៏បានប្រទះឃើញថាភាពតានតឹងមិនអាចប៉ះពាល់ដល់ប្រជាជនថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ទេដែលជាទូទៅធ្វើដំណើរទៅបរទេសយ៉ាងតិចណាស់ក៏ម្តងក្នុងមួយឆ្នាំដែរ។
ការិយាល័យ TAT ក្នុងបេកាំង, Chengdu, Shanghai, Guangzhou និង Kunming បានលើកស្ទួយប្រទេសថៃជាទីតាំងទេសចរណ៍ផងដែរ។ ប្រជាជនចិនប្រមាណ១០.៥លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន ហើយចំនួនក្នុងឆ្នាំនេះអាចនឹងកើនដល់ ១១.៦លាននាក់ផងដែរ។
លោក Yuthasak បានបន្ថែមថា ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ក្នុងប្រទេសចិនជាទូទៅបញ្ជូនកូនៗឲ្យចូលរួមកម្មវិធីបោះជំរុំវិស្សមកាលក្នុងសហរដ្ឋអាមេរិក ប៉ុន្តែខណៈដែលភាពតានតឹងកំពុងតែកើនឡើង គម្រោងនេះអាចនឹងប្តូរទៅប្រទេសផ្សេងវិញ។
ដូច្នេះការិយាល័យ TAT ក្នុងទីក្រុង Shanghai បានលើកតម្កើងកញ្ចប់បោះជំរុំវិស្សមកាលក្នុង Chiang Mai ដោយបង្កើតការចាប់ដៃគូជាមួយក្នុងភ្នាក់ងារទេសចរណ៍ចំនួនបូនក្នុងប្រទេសថៃ។
លោក Yuthasak បានបន្ថែមថាប្រទេសអាស៊ីដទៃក៏នឹងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មនេះដែរ ដែលមានន័យថាភាពប្រកួតប្រជែងក្នុងការទាក់ទាញអ្នកដំណើរជនជាតិចិននឹងមានច្រើន ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ