រាជធានីភ្នំពេញ៖ អតីតប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច បានស្នើសុំឲ្យ សិល្បករឈប់បង្កជម្លោះពាក្យសម្តីនៅតាមហ្វេសប៊ុក ដើម្បីរក្សានូវភាពថ្លៃថ្នូរ ។ លោកបានចាត់ទុកការយកវិទិកាសាធារណៈមកហែកហួរគ្នាបង្កជាជម្លោះ វាមិនបានចំណេញទៅខាងណាឡើយ ប៉ុន្តែវាបានធ្វើឲ្យអាប់ឱនកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនក្នុងនាមជាអ្នកសិល្បៈដែលមានការគាំទ្រ ។
ការលើកឡើងរបស់លោកសុះ ម៉ាច កាលពីពេល ថ្មីៗកន្លងមកនេះ បន្ទាប់ពីមួយរយៈចុងក្រោយកន្លងមក សង្គ្រាមពាក្យសម្តីរវាងតារាចម្រៀងលោកជីដេវី និងអាចារ្យធំ តាមហ្វេសប៊ុកបានផ្ទុះកក្រើកឡើង ។សង្គ្រាមពាក្យសម្តីនេះរាលដាលដល់តារាចម្រៀងរ៉េប ពូឃ្លាំង និងនេនទុំ ដែលរួមដៃជាមួយជីដេវីតវាយប្រហារទៅលើអាចារ្យធំតែម្នាក់តាមរយៈការចេញជាវីដេអួឃ្លីប និងចេញបទចម្រៀងបែបលេបខាយ ។ ដោយឃើញបញ្ហានេះ ក្នុងនាមជាអ្នកសិល្បៈមួយរូបលោកសុះ ម៉ាច បានស្នើឲ្យភាគីទាំងសងខាងបញ្ឈប់ជម្លោះ ហើយស្វែងដំណោះស្រាយណាមួយតាមរយៈសមាគមសិល្បករខ្មែរ ជាជាងយកបណ្តាញសង្គមវាយប្រហារគ្នាទៅវិញទៅមក ។
លោកសុះ ម៉ាច បានអះអាងថា «ក្នុងជំហរកណ្ដាល ! ខ្ញុំសូមសំពះអង្វរពីចម្ងាយ សូមបងប្អូនអ្នកសិល្បៈមួយចំនួនដែលកំពុងបន្តបង្កជម្លោះពាក្យសំដីនៅតាមហ្វេសប៊ុក និងតាមបទចម្រៀងកន្លងមក ក៏ដូចជាពេលនេះ មេត្តាបញ្ឈប់ទៅ ដើម្បីរក្សាមិត្តភាព និងសេចក្តីថ្លៃថ្នូរ សម្រាប់ខ្លួនឯង និងអ្នកដទៃផងដែរ ។ វាមិនចំណេញសោះឡើយ វាខាតទាំងសងខាងនោះទេ យើងសង្កេតមើលការបញ្ចេញមតិ របស់មហាជនទៅ ត្រូវមានការចេះឈឺចាប់ និងចេះកែខ្លួន ។
យ៉ាងណាមិញសមាគមសិល្បករក៏គួរដើរតួនាទីសម្របសម្រួលអញ្ជើញពួកគាត់ជួបមុខគ្នារកដំណោះស្រាយបញ្ចប់វិវាទ កុំបណ្ដោយឲ្យនៅបែបហ្នឹងតទៅទៀតអី វាមិនងាយនឹងបញ្ចប់នោះទេ។ ត្រូវចាំថាមិនដែលមានជម្លោះណាមួយដែលចំណេញនោះទេ ឈប់បានគួរបញ្ឈប់ទៅ គួរយកធម៌ខន្តីមកដាក់ក្នុងខ្លួនដើម្បីសេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកផងដែរ ហើយងាកមកធ្វើនូវ អ្វីៗដែលជាប្រយោជន៍ជាគំរូសម្រាប់អ្នកដទៃ និងអ្នកជំនាន់ក្រោយវិញវាប្រសើរជាង»៕
ចែករំលែកព័តមាននេះ