ខេត្តកណ្តាល ៖ ចាប់ផ្តើមកើតឡើងទៀតហើយ នៅទឹកដីស្រុកស្អាងករណីឆក់កាបូបតែមិនបានសម្រេច ត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលអ្នកភូមិដេញចោរ និងបានប្រតាយប្រតប់គ្នាទៀតផង ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង២០និង០០នាទី នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះម៉េត លីន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុ ។ ជនសង្ស័យម្នាក់ (មិនស្គាល់អត្តសញ្ញាណ) សម្ភារបាត់បង់ប្រាក់រៀល១.០៩០.០០០រៀល ប្រាក់ដុល្លារ២០០ដុល្លារ ។
ចំណែកវត្ថុតាងចាប់យកកាបូប១ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះម៉ូតូ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CQ-2038 មួកសុវត្ថិភាព០១ អាវវែង ពណ៌ខ្មៅ០១ (របស់ជនសង្ស័យបន្សល់ទុក) ។ សាក្សីបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីហូបការនៅចំណុចគល់ស្ពានព្រែកតាប្រាក់វិញមកជិតដល់ផ្ទះចម្ងាយប្រហែល១៥ម៉ែត្រ ស្រាប់តែមានម៉ូតូ១គ្រឿង ជិះមកពីក្រោយបានឆក់យកកាបូបពីជនរងគ្រោះពេលនោះជនរងគ្រោះបានស្រែកថា ចោរៗស្របពេលនោះឈ្មោះហេង ភ័ក្ត ត្រូវជាប្តីក៏រត់ចេញពីផ្ទះមកផ្លូវ លឺប្រពន្ធប្រាប់ថាចោរឆក់កាបូបបាត់ហើយ ភ្លាមៗនោះឈ្មោះហេង ភ័ក្ត បានទាញម៉ូតូពីប្រពន្ធជិះប្រដេញតាមក្រោយ ។
ដោយហើយបានស្រែកថា ចោរៗលុះមកដល់ចំណុចផ្លូវចូលទៅភូមិទួលស្ពឺ ជនសង្ស័យបំរុងគេចចូលតែត្រូវបានឈ្មោះហេង ភ័ក្ត បានមកទាន់ពេលនោះអ្នកទាំងពីរបានវាយប្រតាយប្រតប់គ្នាជនសង្ស័យបានរត់គេចខ្លួនបន្សល់ទុកនូវម៉ូតូ០១គ្រឿង មួកសុវត្ថិភាព០១ អាវដៃវែងពណ៌ខ្មៅ០១ ។ ករណីនេះកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ដតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ