ខេត្តព្រះសីហនុ ៖ បុរស៤នាក់នាំគ្នាដើរពីចំការទៅផ្ទះ លុះដល់ពាក់កណ្តាលផ្លូវ ស្របពេលមេឃរកកល់ចង់ភ្លៀង ស្រាប់តែមានរន្ទះបាញ់ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ និងបុរស៣នាក់ទៀតបានរងបួស ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ចដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះទាំង៤នាក់ខាងលើ រួមមាន ១-ឈ្មោះ អុំ ណាន ភេទប្រុស អាយុ៥០ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ២-ឈ្មោះ ជុំ ចេះ ភេទប្រុស អាយុ៥៣ឆ្នាំ បានរងរបួសមធ្យម ៣-ឈ្មោះ សំ សុភ័ក្រ ភេទប្រុស អាយុ៤៩ឆ្នាំ បានរងរបួសស្រាល និង៤-ឈ្មោះ មូវ ផល ភេទប្រុស អាយុ ៤៨ឆ្នាំ បានរងរបួសស្រាល ។ ជនរងគ្រោះទាំង៤នាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្ន សពជនរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះចំនួន៣នាក់ផ្សេងទៀតកំពុងសំរាកព្យាបាលនៅផ្ទះរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ