រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំឮកទិវានៃការចង់ចាំ២០ ឧសភា ជាថ្ងៃដ៏សែនឈឺចាប់មិនបំភ្លេចបានក្នុងសម័យប៉ុល ពត ។ សម្តេចបានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះ«ថ្ងៃទី២០ ឧសភានេះគឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។
សម្តេចបញ្ជាក់ថា បំណងនៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ ។ សម្តេចបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុបបានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាជាពលរដ្ឋខ្មែរមួយប្រទេសបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែកការកាប់សម្លាប់បំផ្លិចបំផ្លាញការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ ។
សម្តេចក៏បានគូសបញ្ជាក់ទៀតថា សព្វថ្ងៃនេះក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួនជាមួយនឹងជីវភាពរស់នៅធូរធាសមរម្យ ។ សម្តេចថា«សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូតហើយនាំគ្នាទប់ស្កាត់កុំអោយសង្គ្រាម និងរបបប្រល័យពូជសាសន៍វិលមកកម្ពុជាសារជាថ្មី»៕
ចែករំលែកព័តមាននេះ