រាជធានីភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរក្នុងល្បឿនលឿន ហើយភ្លេចមើលទួលកាត់ទទឹងផ្លូវ ដែលគេធ្វើ ដើម្បីឲ្យយានយន្តគ្រប់ប្រភេទបន្ថយល្បឿនមុខសាលារៀន ខណៈនោះអ្នកទាំង២ក៏បានជិះបុកទួលនោះពេញទំហឹង ។ បណ្ដាលឲ្យហោះផ្លោងជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉កកំពុងចតស្ងៀម ដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗហើយក្នុងនោះម្នាក់ផុងលលាដ៍ក្បាលសន្លប់ស្ដូកស្ដឹង ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចមុខសាលាបឋមសិក្សាជម្ពូវ័ន ក្បែរស្ពានអាកាសថ្មើរជើង ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយនៅមុនកើតហេតុបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HL-1607 ។ ដែលសង្ស័យស្រវឹងស្រា និងបានឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះពេលទៅដល់ត្រង់ចំណុចខាងលើភ្លេចមើលទួល ដែលគេធ្វើ ដើម្បីឲ្យយានយន្តគ្រប់ប្រភេទបន្ថយល្បឿនមុខសាលាបឋមសិក្សាជម្ពូវ័ន ក៏បានបុកឡើង បណ្ដាលឲ្យហោះផ្លោងរេចង្កូតជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉កកំពុងឈប់ស្ងៀមដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ទាំង២នាក់ ហើយក្នុងនោះម្នាក់ផុងលលាដ៍ក្បាលទៀតផង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកនៅជិតនោះជួយហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនិងមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ៕
ចែករំលែកព័តមាននេះ