ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វេទិ​កា​សាធា​រណៈ​លើកទី​២ ​ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ​ ៩​យ៉ាង ​នៃ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​សា​លា​ក្រៅ​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ ប្រជា​ពល​រដ្ឋ​មក​ពី​ស្រុក​សា​លា​ក្រៅ ​ចំនួន ​២០០​នាក់ ​ក្នុង​នោះ ​ស្រី​ចំនួន ​៤២​នាក់​ បាន​ចូល​រួម​ក្នុង​ពិធី​បើក​វេទិ​កា​សាធា​រណៈ​ផ្សព្វ​ផ្សាយ ​និង​ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ ​៩​យ៉ាង ​នៃ​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព នា​​ព្រឹក​ថ្ងៃទី​២២ ​វិច្ឆិកា ២​០១៣ ​នៅ​ក្នុង​បរិ​វេណ​វត្ត​អូរ​បេង ​ស្ថិត​ក្នុង​ភូមិ​អូរ​បេង ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ។

ខេត្ត​ប៉ៃ​លិន ​៖ ប្រជា​ពល​រដ្ឋ​មក​ពី​ស្រុក​សា​លា​ក្រៅ ​ចំនួន ​២០០​នាក់ ​ក្នុង​នោះ ​ស្រី​ចំនួន ​៤២​នាក់​ បាន​ចូល​រួម​ក្នុង​ពិធី​បើក​វេទិ​កា​សាធា​រណៈ​ផ្សព្វ​ផ្សាយ ​និង​ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ ​៩​យ៉ាង ​នៃ​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព នា​​ព្រឹក​ថ្ងៃទី​២២ ​វិច្ឆិកា ២​០១៣ ​នៅ​ក្នុង​បរិ​វេណ​វត្ត​អូរ​បេង ​ស្ថិត​ក្នុង​ភូមិ​អូរ​បេង ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ។

ពិធី​នេះ រៀប​ចំ​ធ្វើ​ឡើង​​ក្រោម​អធិប​តី​ភាព ​លោក ​អៀង ​វុធ ​អភិ​បាល​រង​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​លោក ​ចាវ ​ខាន់ ​នាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត ​មន្រ្តី​សា​លា​ដំបូង​ខេត្ត​ លោក ​កង ​ថេង ​មេ​ឃុំ​ស្ទឹង​កាច់​ លោក​ឧត្តម​សេនីយ៍​ត្រី ​ឡី ចា​ន់​ឆាយ​ ស្នង​ការ​នគរ​បាល​ខេត្ត ​លោក​ឧត្តម​សេនីយ៍​ត្រី ​វ៉ាន់ ​ណា​ឡុង ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​លោក​វរ​សេនីយ៍​ឯក​ អ៊ុន​ សេរី​រ័ត្ន​ ស្នង​ការ​រង​ទទួល​បន្ទុក​សេនា​ធិការ ​លោក​ គាំ ​វុទ្ធីគុណ ​អធិ​ការន​គរ​បាល​ស្រុក​សា​លា​ក្រៅ​ ព្រម​ទាំង​មន្រ្តី​នគរ​បាល​រដ្ឋ​បាល​ប៉ុស្តិ៍​ឃុំ​ទាំង​៤​ អាជ្ញា​ធរ​ភូមិ-​ឃុំ ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

សូម​បញ្ជាក់​ថា ​នេះ​ជា​លើក​ទី២ ​ហើយ​ដែល​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន ​បាន​បើក​វេទិកា​សាធា​រណៈ ​ដោយ​កាល​ពី​លើក​ទី១ ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤​ វិច្ឆិកា ​ស្ថិត​នៅ​ក្នុង​បរិ​វេណ​វត្ត​ពោធិ៍​មារាម​ ហៅ​វត្ត​ប៉ា​ហ៊ី ​ក្នុង​ភូមិ​ប៉ាហ៊ី​ត្បូង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃ​លិន។​ តាម​ការ​សង្កេត ​វេទិកា​សាធា​រណៈ​លើក​ទី២​ នេះ ​ឃើញ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​ចូល​រួម​មាន​ភាព​ក្លា​ហាន​ច្រើន​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន​ ដោយ​ពុំ​មាន​ភ័យ​ខ្លាច ​ពួក​គាត់​ហ៊ាន​និយាយ​ខ្លាំងៗ ​ជា​លក្ខណៈ​បញ្ចេញ​មតិ​តាម​បែប​លទ្ធិ​ប្រជា​ធិប​តេយ្យ។ ​

លោក ​ចាវ ​ខាន់ ​នាយក​រង​រដ្ឋ​បាល​សា​លា​ខេត្ត​ប៉ៃលិ​ន ​បាន​ជម្រាប​ជូន​គណៈ​អធិបតី​ឲ្យ​បាន​ជ្រាប​ថា ​ប្រជា​ពល​រដ្ឋ​ដែល​បាន​មក​ចូល​រួម​វេទិកា​សាធា​រណៈ​នា​ពេល​នេះ ​មក​ពី​ឃុំ​ទាំង​៤ ​ក្នុង​ស្រុក​សា​លា​ក្រៅ ​ទី១- ​ឃុំ​ស្ទឹង​កាច់ ​ទី២-​ ឃុំ​អូរ​អណ្តូង ​ទី៣- ​ឃុំ​សា​លា​ក្រៅ និ​ងទី​៤​- ឃុំ​ស្ទឹង​ត្រង់​។ លោក​​បាន​បន្ត​ថា​ នេះ​ជា​លើក​ទី២​ ហើយ​ដែល​ខេត្ត​ប៉ៃ​លិន​ ​បាន​រៀប​ចំ​ពិធី​​នេះ ​ហើយ​យើង​នឹង​បន្ត​ធ្វើ​ទៀត​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន​ របស់​យើង ​ដើម្បី​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​លើក​ឡើង​ពី​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​រប​ស់អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ ដែល​ទាក់​ទង​ទៅ​នឹង​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព ​និង​ដើម្បី​រក​ដំណោះ​ស្រាយ​ណា​មួយ​សម​ហេតុ​ផល​ជូន​ដល់​ប្រជា​ពល​រដ្ឋទាំ​ងអស់​គ្នាឲ្យ​អាច​ទទួល​យក​បាន។​

លោក ​អៀង ​វុធ ​អភិ​បាល​រង​ខេត្ត​ បាន​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ពិធី​ទាំង​មូល​ថា ​នៅ​ថ្ងៃ​នេះ ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​យោ​បល់​សួរ​សំណួរ​ទាក់​ទងនឹង​ភូមិ-​ឃុំសុវត្ថិ​ភាព ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ទាំង ​៩​យ៉ាង ​គឺ​ទី១.​ គ្មាន​សកម្ម​ភាព​លួច ​ឆក់ ​ប្លន់​គ្រប់​ប្រភេទ ​ទី២.​ គ្មាន​ការ​ដាំ​ដុះ កា​រ​ផលិត ​ការ​ចរា​ចរណ៍​ ការ​ជួញ​ដូរ ​ការ​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ ទី៣.​ គ្មាន​អំពើ​អានា​ចារ​ ការ​ជួញ​ដូរ​ស្រ្តី ​និង​កុមារ ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ទី៤.​ គ្មាន​ក្មេង​ទំនើង ​ទី៥.​ គ្មាន​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ ​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ​និង​បទ​ល្មើស​គ្រប់​ប្រភេទ ​ទី៦. ​គ្មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ទី៧. ​គ្មាន​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ទី​៨. ​មាន​វិធាន​ការ​ទប់​ស្កាត់​គ្រប់​គ្រង​ និង​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ និងទី​៩. ​គ្មាន​ការ​ត្រួត​ពិនិត្យ​ខុស​ច្បាប់។​

ជុំំ​វិញ​បញ្ហា​ខាង​លើ​ ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​នូវ​បញ្ហា​ដែល​បាន​កើត​ឡើង​មួយ​ចំនួន​ ដូច​ជា ​ទំនាស់​​ដី​​សហ​​គមន៍​​ ដី​ធ្វើ​ផ្លូវ​ថ្នល់​ប៉ះ​ពាល់​កម្ម​សិទ្ធិ​ឯក​ជន ​ការ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខែ្មរ​ ការ​ធ្វើ​បណ្ណ​ក្រី​ក្រ ​ដែល​បាន​ទៅ​លើ​ភាគ​ច្រើន​អ្នក​មាន​ សមត្ថ​កិច្ច​ប៉ុស្តិ៍​ចា​ប់បាន​ជន​សង្ស័យ​ប្រើ​អំពើ​ហិង្សា​សួរ​ចម្លើយ​ គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ គ្រឿង​ញៀន ​ល្បែង​ស៊ី​សង​នៅ​តាម​ភូមិ-​ឃុំ ​ល្បែង​កាស៊ី​ណូ​ខ្មែរ​ចូល​លេង​ច្រើន ​ការ​ដេញ​ថ្លៃ​សំរាម​នៅ​ផ្សារ​ព្រំ ​ចោរ​លួច​ប្លន់ ​ក្មេង​ទំនើង​នៅ​ក្នុង​ភូមិ-​ឃុំ។ ​

សរុប​ចុង​ក្រោយ ​លោក ​អៀង ​វុធ ​ក៏​បាន​ថ្លែង​អំណរ​គុណ និ​ង​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​សា​លា​ក្រៅ​ថា នៅ​​ថ្ងៃ​នេះ ​លោក​ពិត​ជា​បាន​ទទួល​នូវ​ព័ត៌​មាន​ប្លែក​ថ្មីៗ ​ជា​ច្រើន​បន្ថែម​ទៀត​ទាក់​ទិន​នឹង​បញ្ហា​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​របស់​យើង ​និង​ទទួល​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ជា​ពិសេស​បញ្ហា​ ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​របស់​បង​ប្អូនប្រជា​ពល​រដ្ឋ​ជា​យូរ​ថ្ងៃ​ខែ​មក​ហើយ​បាន​លើក​ឡើង​យក​មក​បង្ហើប​បង្ហាញ​ដល់​អង្គ​ពិធី​នៅពេ​ល​នេះ ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ ​និង​មាន​ការ​កែ​លម្អរ​ ដើម្បី​ស្ថាប​នា ​និង​រក​ការ​រីក​ចម្រើន​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន។ ​

​នៅ​ថ្ងៃ​ក្រោយ​ទៀត​យើង​នឹង​រៀប​ចំ​កម្ម​វិធី​ដដែល​នេះ​ បន្ត​ទៀត ​ដោយ​ឲ្យ​បង​ប្អូន​ក្លា​ហាន​ឡើង​តាម​បែប​លទ្ធិ​ប្រជាធិ​ប​តេយ្យ ​មិន​ប្រកាន់​និន្នា​ការ​នយោ​បា​យបក្ស​នោះ​ទេ ​គឺ​ត្រូវ​តែ​ហ៊ាន​និយាយ​អ្វី​ដែល​ឃើញ​ថា​ខុស ​ប្រាប់​ថា​ខុស ​ព្រោះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​យើង​អាណត្តិ​ទី៥​នេះ ​ចង់​កែ​លម្អរ​នូវ​ចំណុច​ខ្វះ​ខាត​ដែល​តែង​តែកើ​ត​មាន​ឡើង​ចំពោះមន្ត្រី​ថ្នាក់​តូចធំ​មួយ​ចំនួន ​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន ​ដែល​មាន​ភាព​មិន​ប្រក្រតី​ឲ្យ​ល្អ​ត្រឹម​ត្រូវ​ឡើង​វិញ​៕