ជា​សោកនាដកម្ម​​…ឡានបុករះ​ដេកដួល​លើ​ផ្លូវ


ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​មនុស្ស​៩​នាក់ ​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​មាន​ស្ត្រី​៤​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា លើ​ដងផ្លូវ​បេតុង​ចំណុច​ផ្លូវបំបែក​ជា​៤ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត ដោយសារ​ឧប្បត្តិហេតុ រថយន្ត​អុ​ី​ស៊ុ​យ​ហ្សុ​៊​យ​បុក​រះ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំងអស់​នៅឡើយ​ទេ បាន​ត្រឹមតែ​បញ្ជាក់​ថា ​៧​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ឯ​២​នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ហើយ​ម៉ូតូ​ខូចខាត​ចំនួន​៤​គ្រឿង​ធ្ងន់ធ្ងរ ។

ករណី​នេះ​នគរបាល​ជំនាញ​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​អុ​ី​ស៊ុ​យ​ហ្សុ​៊​យ​១​បាំង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA.9784 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​កើតហេតុ​បាន​គេចខ្លួន​បាត់ ។ សមត្ថកិច្ច​បន្ត​ថា រថយន្ត​បង្ក​បើកបរ​ក្នុង​គោលដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ក៏​បុក​រះ​ម៉ូតូ ៤​គ្រឿង ដែល​បើកបរ​បញ្ច្រាសទិស​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​របួស​រដូករណែល​លើ​ដងផ្លូវ​តែ​ម្តង ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ និង​២​នាក់​ទៀត​ត្រូវ​សាច់ញាតិ​នាំ​ចូល​គ្លីនិក​ឯកជន ខណៈ​យានយន្ត​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​បុក​រះ​នេះ​មិនដឹង​ថា​បណ្តាល​មក​ពី​អ្វី​នោះ​ទេ ដោយសារ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ប្តី​ប្រពន្ធ​និង​បង​បង្កើត​ស្លាប់​ទាំង​៣​នាក់​ក្នុង​ថ្លុកឈាម​ដោយសារ​រថយន្ត​ដឹក​ដី​បុក​កិន​ពីលើក្នុង​ហេតុការណ៍​មួយទៀត​មនុស្ស​៣​នាក់ ជា​ប្តី​ប្រពន្ធ និង​បងប្រុស​បង្កើត​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ដោយសារ​រថយន្ត​ដឹក​ដី​បុក​និង​កិន​ម៉ូតូ ខណៈ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន​១-​ឈ្មោះ ផាត ភាព ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ ផាត ភាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ប្អូនបង្កើត​របស់​ឈ្មោះ ផាត ភាព​) និង​ប្រពន្ធ​ឈ្មោះ ស្រី តំ អាយុ​១៩​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់ ជា​កម្មករ​សំណង់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​មធុ​ន​សេ​១២៥ ពណ៌​ខ្មៅ ។ នគរបាល​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា យោង​តាម​ការ​សាកសួរ​ដំបូង​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា ដោយ​ឈ្មោះ ផាត ភាព ជា​អ្នកបើកបរ ពី​ទិស​ខាង​លិចទៅ​ខាងកើត ។ លុះដល់​ចំណុច​ខាងលើ​ម៉ូតូ​ក៏​បាន​បើក​ជែង​រថយន្ត​ដឹក​ដី​ពីមុខ តែ​មិន​ទាន់​ផុត​ផង​ស្រាប់តែ​វាក់​នឹង​រថយន្ត​បញ្ច្រាសទិស​មួយ​គ្រឿង​អ្នក​បើក​ម៉ូតូ​ក៏​រេ​ចង្កូត​ងាក​មក​ស្តាំ​វិញ​ចូល​ពីមុខ​រថយន្ត​ដឹក​ដី ទើប​បុក​នឹង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​៣​នាក់​តែ​ម្តង ។

យ៉ាងណា​ក៏​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​គឺ​ឈ្មោះ ហេង វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​អះអាង​ថា​ខ្លួន​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី​ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ចាង តេ​ង​ភាវ ។ អ្នកបើកបរ​រថយន្ត​ដឹក​ដី​និយាយ​ថា ម៉ូតូ​រង​គ្រោះ​បើកបរ​មក​ពី​ទិស​ខាងលិច​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ស្រប​ទិស​ទើប​ដួល​ចូល​រថយន្ត​របស់​ខ្លួន​ដែល​ជិះ​បញ្ច្រាសទិស​ដែល​ករណី​លើក​ឡើង​នេះ ខុស​ពី​អ្វី​ដែ​សមត្ថកិច្ច​បាន​អះអាង ។ ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ទាក់ទង​សាច់ញាតិ ដើម្បី​ទទួល​សព​យក​ទៅ​លំនៅ​ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ថា រយៈពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ តែងតែ​រអ៊ូរទាំ​ពី​ក្រុម​រថយន្ត​ដឹក​ដី​ចេញពី​ចំណុច​អាង​អូរ​ខៃ​ដ​ន សង្កាត់​និមិត្ត បើកបរ​លឿន ហើយ​បើ​ចំ​រដូវវស្សា​ចំណុច​ផ្លូវ​ឡើង​ផ្លូវជាតិ​តែង​បង្ក​កា​រអិល​ដល់​យានយន្ត​ផ្សេង​ៗ​រហូត​មាន​អ្នក​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ឡាន​ដឹក​ដី​នេះ​ទៀត​ផង​ដែល​ករណី​នេះ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​គួរ​ពិនិត្យ​មើល​ផង​កុំ​ធ្វើ​មិនដឹង ៕​

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ