រាជធានីភ្នំពេញ ៖ ជនជាតិចិន២ក្រុម សង្ស័យឈ្លោះប្រកែកគ្នារឿងប្រពន្ធដើមនិងប្រពន្ធចុង បានបើករថយន្ត២គ្រឿងដេញបុកគ្នាក្នុងភាពស្រវឹង បណ្តាលឲ្យរថយន្តមួយគ្រឿងជ្រុលទៅបុករបងការដ្ឋានហោះធ្លាក់ទៅទើរនៅមាត់ច្រាំងទន្លេបាសាក់ និងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែឧសភា នៅមាត់ច្រាំងទន្លេបាសាក់ តាមផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
រថយន្តដែលដេញបុកម៉ាកម៉ាស្តា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AY-៣១៣៩ មានអ្នកជិះក្នុងនោះ
ជាជនជាតិចិនស្រីប្រុសចំនួន៤នាក់និងស្ថិតក្នុងភាពស្រវឹងស្រាជោកជាំ ។ ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ឲ្យដឹងថា រថយន្ដខាងលើបានបើកដេញរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ដែលមានសុទ្ធ
តែជនជាតិចិនជិះដូចគ្នា បើកចូលទៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយបានឈប់រថយន្តឈ្លោះប្រកែកគ្នាឡូឡាពេញបរិវេណសណ្ឋាគារ ដោយនិយាយភាសាចិន តែមានអ្នកចេះភាសាចិនស្តាប់បានដឹងថា ឈ្លោះប្រកែកគ្នារឿងប្រពន្ធដើមប្រពន្ធចុង ។
ភ្លាមៗនោះ ខាងសណ្ឋាគារខ្លាចរំខានដល់ភ្ញៀវដែលស្នាក់នៅ ក៏ឲ្យសន្តិសុខសណ្ឋាគារដេញរថយន្ដទាំង២គ្រឿងនោះចេញក្រៅ ស្រាប់តែរថយន្ដដែលត្រូវគេដេញនោះ បើករត់ចេញយ៉ាងលឿន ហើយរថយន្ដម៉ាស្តាក៏ដេញតាមរហូតដល់ផ្លូវទន្លេបាសាក់ឡើងស្ពានឥន្ទធនូកោះពេជ្រ និងបើកបរក្នុងល្បឿនលឿនដូចគ្នា ។
ពេលនោះរថយន្តដែលត្រូវគេដេញ បានបត់ឆ្វេងចូលផ្លូវសប៊ិតពីខាងត្បូងទៅខាងជើងយ៉ាងលឿន ចំណែករថយន្តម៉ាស្តាដែលដេញតាមមកដល់បួងចង្កូតបត់តាម តែបត់មិនទាន់ក៏ជ្រុលទៅបុករបងការដ្ឋាន ដែលហ៊ុមដោយសង្ក័សីបណ្តាលឲ្យធ្លុះ ។ បន្ទាប់មក រថយន្តបន្តទៅបុកបាក់ដើមក្រខុបអស់មួយដើម ហើយរថយន្តធ្លាក់ពីផ្លូវទៅក្រោមនៅទើរជាប់មាត់ច្រាំងទន្លេបាសាក់ បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្ដរងរបួសស្រាល ។
ក្រោយកើតហេតុ ជនជាតិចិនប្រុសស្រីទាំង៤នាក់ដែលជិះក្នុងនោះបានចេញពីរថយន្ដ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ទៅ បន្សល់តែរថយន្តនៅមាត់ច្រាំងទន្លេបាសាក់ ទុកឲ្យនគរបាលចរាចរណ៍ស្ទូចយកទៅរក្សាទុក ៕
ចែករំលែកព័តមាននេះ