បន្ទាយមានជ័យ ៖ សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណជាង៦.០០០នាក់ ចូលរួមយុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តស្រុក ក្រុងអាណត្តិទី៣ ឆ្នាំ២០១៩ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងសិរីសោភ័ណ ។
ក្នុងឱកាសយុទ្ធនាការឃោសនាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ មានមតិសំណេះសំណាលថា ក្នុងឱកាសយុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តស្រុក ក្រុងអាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងខេត្តបន្ទាយមានជ័យ មានសមាជិកគណបក្សប្រជាជនកម្ពុជាមកពីបណ្តាស្រុក ក្រុងទាំង៩ បានចូលរួមប្រមាណជាង៦.០០០នាក់នេះជាការកោតសសើរ និងការវាយតម្លៃខ្ពស់ចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់បងប្អូនជនរួមជាតិ សមាជិក សមាជិការទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកមកចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាធានី ខេត្ត និងស្រុក -ក្រុង ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាពដែលជួយគាំពារប្រជាជនគ្រប់រូបភាពពីហានិភ័យនានាមិនទុកអោយប្រជាជនណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ដោយជំរុញអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦ ដល់២០១៥ ។
ជាពិសេសការរៀបចំដាក់អោយអនុវត្តបណ្តាឆ្នាំ២០១៩ នូវកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលឧត្ថម្ភនេះនឹងធ្វើឡើងជា៣ដំណាក់កាល គឺដំណាក់កាលទី១ ឧបត្ថម្ភ៤លើក ក្នុង១លើក៤ម៉ឺនរៀល នៅពេលស្ត្រីមានផ្ទៃពោះទៅទទួលយកសេវាពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ។ ដំណាក់កាលទី២-ឧបត្ថម្ភ២០ម៉ឺនរៀលនៅពេលស្ត្រីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។ ដំណាក់កាលទី៣ ឧបត្ថម្ភ១០លើកក្នុង១លើក៤ម៉ឺនរៀល នៅពេលស្ត្រីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬសេវាគាំពាររហូតកុមាមានអាយុ២ឆ្នាំ ៕
ចែករំលែកព័តមាននេះ