ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​តាក់ស៊ី ជាប់​គាំង​រឿង​បួស​ដោយ​សំអាង​ថា ទាល់តែ​ចេះ​ច្រើន​ធម្មក្ខន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​គម្រោង​តារា​កំប្លែង CTN នាយ​តាក់ស៊ី ដែល​គ្រោង​លា​ប្រពន្ធ​កោរសក់​សាង​ផ្នួស​អស់​មួយ​ជីវិត នៅ​ថ្ងៃ​ទី​១៥ ខែឧសភា​នេះ ត្រូវ​បាន​អាក់ខាន​វិញ ដោយសារ​ក្រសួង​ធម្មការ…

រាជធានី​ភ្នំពេញ ៖ តាម​គម្រោង​តារា​កំប្លែង CTN នាយ​តាក់ស៊ី ដែល​គ្រោង​លា​ប្រពន្ធ​កោរសក់​សាង​ផ្នួស​អស់​មួយ​ជីវិត នៅ​ថ្ងៃ​ទី​១៥ ខែឧសភា​នេះ ត្រូវ​បាន​អាក់ខាន​វិញ ដោយសារ​ក្រសួង​ធម្មការ និង​សាសនា មិន​អនុញ្ញាត​ឡើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាង​ភី​ម​។

អ្នក​នាង​ភី​ម បាន​ប្រាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែឧសភា ថា «​គាត់ (​នាយ​តាក់ស៊ី​) គ្រោង​ទៅ​បួស​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ហ្នឹង​មែន នៅ​វត្ត​គល់​ទទឹង ខេត្តកណ្តាល តែ​ឥឡូវ​បាន​អាក់ខាន​វិញ​ហើយ ព្រោះ​ការ​សុំ​ច្បាប់​ទៅ​ក្រសួង​ធម្មការ និង​សាសនា គាត់​មិន​ទាន់​អនុញ្ញាត​ឱ្យ​បួស​ពេល​ហ្នឹង​ទេ ដោយ​គាត់​សំអាង​ថា ទាល់តែ​ចេះ​ច្រើន​ធម្មក្ខន្ធ​ដែល​គាត់​តម្រូវ​សិន ទើប​អាច​បួស​បាន​។ សម្រាប់​ខ្ញុំ​ដូច​ជា​មិន​យល់​សោះ ព្រោះ​កន្លង​មក អ្នកបួស​ក្រែង​បួស​ហើយ​បាន​ទៅ​រៀន​ធម៌ ចុះ​ម៉េច​បាន​ពេល​នេះ ក្រសួង​តម្រូវ​ឱ្យ​រៀន​ធម៌​ឱ្យ​ចេះ​ច្រើន​ធម្មក្ខន្ធ​សិន​អីចឹង? ត្រង់​ហ្នឹង​ខ្ញុំ​មិន​យល់​ដែរ​»​។

តាម​ការ​ព្រមព្រៀង តារា​កំប្លែង​នាយ តាក់ស៊ី ត្រូវ​ចេញ​ទៅ​បួស​នៅ​ថ្ងៃ​ទី​១៧ ឧសភា ឯណោះ​ទេ នៅ​វត្ត​គល់​ទទឹង ស្ថិត​ក្នុង​សង្កាត់​កោះក្របី រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៥ ឧសភា មុន​នេះ លោក​បែរជា​ទារ​ប្រពន្ធ​កូន​ឲ្យ​ជូន​ទៅ​បួស ដោយ​អ្នកស្រី​ម្ចាស់​ហាង​មី​ស៊ុប​កូនកាត់ ជា​បងស្រី​ធម៌ ក៏​បាន​ជូន​ទៅ និង​បង្ហាញ​ពី​អារម្មណ៍​ខ្លោចចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​អ្នក​នាង​ភី​ម ដេក​យំ​មិន​ឈប់ ក្រោយ​ប្ដី​ទៅ​សំងំ​សមាធិ​នៅ​វត្ត​បាត់​ឈឹង​។

អ្នកស្រី គង់ វ​ណ្ណា ដែល​គេ​ស្គាល់​ថា ជា​បងស្រី​ធម៌​ចិត្ត​មួយ​ថ្លើម​មួយ​របស់​អ្នក​នាង​ភី​ម និង នាយ​តាក់ស៊ី បាន​ថ្លែង​បញ្ជាក់​មុន​នេះ​ថា បើ​ទោះជា​នាយ​តាក់ស៊ី មិន​ត្រូវ​បាន​ក្រសួង​ធម្មការ និង​សាសនា​អនុញ្ញាតិ​ឲ្យ​បួស តែ​នាយ​បាន​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ​ឲ្យ​អ្នកស្រី និង​ភរិយា ជូន​យក​ទៅ​ដាក់​នៅ​វត្ត​គល់​ទទឹង​បាត់​ហើយ ដោយ​អ្នកស្រី​ជា​បងធម៌ និង​ភរិយា​ប្រឹង​ឃាត់​យ៉ាងម៉េច​ក៏​មិន​ស្ដាប់​។

អ្នកស្រី​ថា អ្នកស្រី​បាន​ជួយ​សម្រួល អ្នក​នាង​ភី​ម ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​នាយ​តាក់ស៊ី​ក្នុង​ឱកាស​សម្រេចចិត្ត​ចេញ​ទៅ​បួស​នៅ​ពេល​នោះ ក្នុង​ពេល​អ្នក​នាង​ភី​ម ក៏​រក​អី​មិនសូវ​បាន​។

បើ​គ្មាន​ការ​ប្រែប្រួល នាយ​តាក់ស៊ី នឹង​កោរសក់​បួស​នៅ​ថ្ងៃ​ទី​១៧ ឧសភា ប៉ុន្តែ​បើ​ទោះជា​លោក​ពិតជា​បួស​បាន ឬ​បួស​មិន​បាន ក៏​លោក​បាន​ចេញ​ទៅ​ស្លៀក​ស​ពាក់​ស ហើយ​ចេញពីផ្ទះ​ទុក​ឲ្យ​អ្នក​នាង​ភី​ម និង​កូនប្រុស​រស់នៅ​ដោយ​ខ្វះ​ភាព​កក់ក្ដៅ​បាត់​ទៅ​ហើយ​។ អ្នកស្រី​ថា ខ្លួន​ពិតជា​មាន​អារម្មណ៍​ខ្លោចចិត្ត នៅ​ពេល​អ្នក​នាង​ភី​ម ខ​ល​ទូរស័ព្ទ​មក​ពេល​ណា​ក៏​ដេក​យំ ក្នុង​ពេល​នាយ​តាក់ស៊ី គឺ​ទោះជា​អង្វរករ​យ៉ាងណា ក៏​លោក​មិន​ព្រម​ត្រលប់​ក្រោយ​។

អ្នកស្រី​ថា ក្នុង​នាម​ជា​បងធម៌ គឺ​មាន​តែ​ការ​លើកទឹកចិត្ត និង​ជួយ​ជ្រោមជ្រែង​ដល់​អ្នក​នាង​ភី​ម ក្នុង​ពេល​បាត់​បង្អែក​ពី​ស្វាមី​ប៉ុណ្ណោះ ប៉ុន្តែ​បើ​នាង​ភី​ម មិន​ប្រឹង​ក្រោកឈរ​ដោយ​ខ្លួនឯង ក៏​អ្នកស្រី​ពិតជា​ពិបាក​ដែរ​។

អ្នកស្រី គង់ វ​ណ្ណា បន្ត​ថា ត្រឹម​ការ​ទំនុកបម្រុង​អ្នក​នាង ភី​ម និង​កូន​នាយ​តាក់ស៊ី កុំ​ឲ្យ​ពិបាក អ្នកស្រី​នឹង​ចេញ​មុខ​ទទួលខុសត្រូវ ដោយ​តាំងពី​នាយ​តាក់ស៊ី មិន​ទាន់​ទៅ​នៅ​វត្ត ក៏​អ្នកស្រី​បាន​យក​អ្នក​នាង​ភី​ម ឲ្យ​មក​ជួយ​ការងារ​ក្នុង​ហាង មី​ស៊ុប​កូនកាត់ និង​នៅ​ហាង ប៊ុ​ហ្វេ​សមុទ្រ​បៃតង ស្ថិត​នៅ​កោះ​ពេជ្រ​ដូច​គ្នា ដើម្បី​ឲ្យ​អ្នក​នាង​ភី​ម យល់​ដឹង​ពី​របៀប​ធ្វើ​អាជីវកម្ម គ្រាន់​ជួល​អ្នក​នាង​ភី​ម ឲ្យ​រៀន​ចេះ ជួយ​ខ្លួនឯង​ផង​ដែរ​។
យ៉ាង​ណាមិញ​អ្នកស្រី​ថា នៅ​ពេល​ឃើញ​ប្អូនធម៌​កើតទុក្ខ​បែប​ហ្នឹង អ្នកស្រី​ក៏​ពិបាក​ភ្នែក​មើល​ផង​ដែរ ជា​ពិសេស​នៅ​ពេល​អ្នក​នាង​ភី​ម ខ​ល​មក​លើក​ណា​ក៏​យំ ហើយ​ទោះ​ខំ​លើកទឹកចិត្ត​យ៉ាង​មិច ក៏​មិន​ព្រម​បាត់​យំ​។

គួរ​បញ្ជាក់​ថា លោក ប៉ុ​ល សា​រឿង ហៅ​នាយ​តាក់ស៊ី អាយុ​៤២​ឆ្នាំ បាន​ចាប់ដៃ​អ្នក​នាង​លាប សោ​ភ័​ណ្ឌ ហៅ​ភី​ម អាយុ​៣១​ឆ្នាំ ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់ ឈ្មោះ​រឿង ជី​វ័​ន្ត អាយុ​១៤​ឆ្នាំ ក្រោយ​ពេល​ពួក​គេ​សាង​ស្នេហ៍​ជាង​១០​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ