ខេត្តស្វាយរៀង ៖ ឈ្មួញលួចនាំសាច់ជ្រូកពីប្រទេសវៀតណាមខុសច្បាប់ចំនួន២៣២គីឡូក្រាមដឹកឆ្លងដែនតាមច្រករបៀងអង្គម្តេញ ស្ថិតនៅភូមិអង្គរំដេញ ឃុំសំរោង ហើយត្រូវបានកងរាជអាវុធហត្ថស្រុកចន្ទ្រាចេញល្បាតប្រទះឃើញចាប់ប្រគល់ឲ្យជំនាញពេទ្យសត្វដុតកម្ទេចចោល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រាបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះកម្លាំងកងរាជអាវុធហត្ថស្រុកចន្ទ្រាកំពុងចុះល្បាតតាមគោលដៅខាងលើ ស្រាប់តែប្រទះឃើញម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់មានដឹកសាច់ជ្រូកមួយបាវនៅលើផ្លូវលំក្នុងភូមិចេកឃុំសំរោងកម្លាំងសមត្ថកិច្ចយើងបានឃាត់សួរនាំ អ្នកដឹកសាច់ជ្រូកខាងលើបានប្រាប់ថា ខ្លួនបានដឹកពីប្រទេសវៀតណាមតាមច្រករបៀងអង្គរំដេញ ដើម្បីយកទៅលក់នៅតាមទីផ្សារក្នុងស្រុកចន្ទ្រាដោយគ្មានច្បាប់អនុញ្ញាតិទើបសមត្ថកិច្ចអាវុធហត្ថឃាត់ទុករង់ចាំមន្ត្រីជំនាញពេទ្យសត្វមកពិនិត្យមើល ។
ក្រោយពីមន្ត្រីជំនាញពិនិត្យរួច និងយោងតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តស្វាយរៀងបញ្ជាឲ្យមានការទប់ស្កាត់ហាមឃាត់ការនាំសត្វជ្រូករស់ សាច់ជ្រូក និងផលិតផលពីសត្វ ចូលមកទឹកដីខេត្តស្វាយរៀងនោះទើបសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រាសហការគ្នាជាមួយជំនាញដុតកម្ទេចចោលតែម្តង ។ បើតាមលោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មសត្វនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានមានប្រសាសន៍ថាក្រោយពីទទួលបានព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថស្រុកចន្ទ្រាបានឃាត់សាច់ជ្រូកបាន២៣២គីឡូក្រាមមកនោះជំនាញរបស់លោកបានចុះទៅពិនិត្យហើយ បើសាច់ជ្រូកទាំងអស់នោះនាំចូលពីប្រទេសជិតខាងវាពិតជាខុសច្បាប់ ហើយបើគ្មានលិខិតស្នាមនោះ និងត្រូវដុតកម្ទេចចោល បើសិនជាសាច់ជ្រូកក្នុងស្រុកមានច្បាប់នោះសមត្ថកិច្ចយើងមិនហាមឃាត់នោះទេ ។
ប្រភពដដែលបន្តទៀតថា បើមន្ត្រីសមត្ថកិច្ចឈជើងនៅតាមច្រករបៀងព្រំដែនមិនសហការនៅតែឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំជ្រូក និងសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងមកដូច្នេះ គឺពិបាកបង្ក្រាបខ្លាំងណាស់ ហើយក៏ប្រឈមដល់បញ្ហាសុខភាពអ្នកបរិភោគបើសាច់ជ្រូកទាំងនេះខ្វះការត្រួតពិនិត្យ ហើយសាច់ជ្រូកមានជម្ងឺនោះគួរឲ្យព្រួយបារម្ភ ហើយសមត្ថកិច្ចប្រចាំការតាមច្រករបៀងពិសេសច្រករបៀងអង្គម្តេញនេះផ្គើន និងបទបញ្ជារបស់លោកអភិបាលខេត្តគួរតែពិន័យតាមច្បាប់រដ្ឋបាល ឬដកចេញពីរច្រករបៀងនេះតែម្តង ទើបអ្នកផ្សេងរាងចាល ។ ទាក់ទិនករណីចោទប្រកាន់ខាងលើនេះដែរមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចឈជើងនៅច្រករបៀងអង្គម្តេញបានទេ នៅថ្ងៃទី១៦ឧសភានេះ ៕
ចែករំលែកព័តមាននេះ