ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយសម្ព័ន្ធ​ទ​ទួ​ច​ឱ្យ​មានការ​ជ្រោមជ្រែង​ពី​វិស័យ​ឯកជន​ដើម្បី​សម្រេច​គោលដៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៣​កាន់តែ​កៀក​ជិត​ដល់​ហើយ ឯ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បាន​អះអាង​ថា ខ្លួន​ក៏​កំពុង​ពង្រឹងកម្លាំង​យ៉ាង​សកម្ម​ដើម្បី​ធ្វើ​ឱ្យ​សហព័ន្ធ​របស់​ខ្លួន​មានឱកាស​ដណ្ដើម​បាន​មេដាយ ។ យ៉ាងណាមិញ មន្ត្រី​ទទួល​បន្ទុក​បាន​អះអាង​ថា ដើម្បី​អាច​ឱ្យ​សហព័ន្ធ​ទទួល​បាន​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៣​កាន់តែ​កៀក​ជិត​ដល់​ហើយ ឯ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បាន​អះអាង​ថា ខ្លួន​ក៏​កំពុង​ពង្រឹងកម្លាំង​យ៉ាង​សកម្ម​ដើម្បី​ធ្វើ​ឱ្យ​សហព័ន្ធ​របស់​ខ្លួន​មានឱកាស​ដណ្ដើម​បាន​មេដាយ ។ យ៉ាងណាមិញ មន្ត្រី​ទទួល​បន្ទុក​បាន​អះអាង​ថា ដើម្បី​អាច​ឱ្យ​សហព័ន្ធ​ទទួល​បាន​ជោគជ័យ គឺ​លុះត្រា​មានការ​ជ្រោមជ្រែង​ពី​ម្ចាស់​ក្រុមហ៊ុន និង​វិស័យ​ឯកជន​បន្ថែម ទើប​អាច​ឱ្យ​សហព័ន្ធ​សម្រេច​ផែនការ​ទៅ​បាន​។

លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​អះអាង​ថា​សហព័ន្ធ​ទាំងមូល​បាន​ត្រៀមខ្លួន​ច្រើន​ណាស់​មិនមែន​ស្ងាត់​ទេ ដោយ​ត្រូវ​ពង្រឹង​ទាំង​កីឡាករ និង​ក្រុម​គ្រូបង្វឹក ។ លោក​ថា សហព័ន្ធ​ក្រៅពី​បាន​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ចិន​រយៈពេល​៤​ខែ​កន្លង​មក ក៏​បានបញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ជា​ដៃ​គូ​ផ្សេង​ទៀត​មិនសូវ​ដាច់​នោះ​ផង ។ កីឡា​កាយ​សម្ព័ន្ធ មិន​បាន​ធ្វេសប្រហែស​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពេល​ខាង​មុខ និង​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៣​នោះ​ទេ គឺ​កាន់តែ​បាន​ពង្រឹងសមត្ថភាព​ខ្លាំង​ឡើង​ដើម្បី​កេរ្តិ៍ឈ្មោះ​។

ជាក់ស្ដែង សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ដែល​មាន​សមត្ថភាព​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​មិន​ដែល​ដាច់​ទេ ដើម្បី​ទៅ​ដកស្រង់​យក​បទ​ពិសោធន៍​ពី​ការ​ប្រកួត​អន្តរជាតិ យក​មក​បណ្ដុះបណ្ដាល​ដល់​កីឡាករ​នៅ​ក្នុង​ប្រទេស ។ លោក​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​២​លើក​កន្លង​មក សហព័ន្ធ​ជម្រើស​បាន​ជើង​ខ្លាំង​ក្មេង​ៗ
កាន់តែ​ច្រើន តែ​មិន​ទាន់​ច្បាស់​ថា​ពួក​គេ​នឹង​ក្លាយជា​ទ័ពស្រួច​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​របស់​កម្ពុជា​នោះ​ទេ តែ​មាន​ន័យ​ថា សហព័ន្ធ​ខ្លួនឯង​មានការ​បម្រុង​ទុក​ច្បាស់លាស់​។

លោក​បន្ត​ថា សហព័ន្ធ​កំពុង​បង្កើន​ការ​ហ្វឹកហាត់​កីឡាករ​កីឡាការិនី​ក្មេង​ៗ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​សមាស​ភាព​កីឡាករ​ទាំងនោះ អាច​ចូល​ប្រកួត​បាន​កាន់តែ​ល្អ ហើយ​អាច​ក្លាយជា​ធនធាន​ពិតប្រាកដ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​។

ជាមួយនឹង​ការ​អះអាង​ពី​ការ​ត្រៀមខ្លួន លោក ណ​យ ផា​ណា ក៏​បង្ហាញ​ពី​ក្ដី​បារម្ភ​ផង​ដែរ ដោយសារ​តែ​សហព័ន្ធ​របស់​លោក ហាក់​ខ្វះ​ការ​ជ្រោមជ្រែង​ពី​វិស័យ​ឯកជន នៅ​ពេល​សហព័ន្ធ​គិតគូរ​ពី​ការ​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ប្រកួត ឬ​បើក​ការ​ប្រកួត ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​នានា​ជាដើម គឺ​ពិបាកធ្វើ​ឱ្យ​សហព័ន្ធ​សម្រេច​គោលដៅ ។ ក្នុង​នោះ​សូ​ម្បី​តែ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​កីឡាករ ឬ​ការ​ចំណាយ​លើ​ការ​រៀបចំ​ផ្សេង​ៗ ក៏​សហព័ន្ធ​ទាំងមូល​រមែង​ខ្វះ​ការ​ជ្រោមជ្រែង​ពី​វិស័យ​ឯកជន​នោះ​ដែរ​។

លោក​ទទូច​ឱ្យ​មានការ​ជ្រោមជ្រែង​ពី​វិស័យ​នានា ជា​ពិសេស​គឺ​វិស័យ​ឯកជន​ប្រសិនបើ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពេញទំហឹង​ដល់​សហព័ន្ធ គឺ​កីឡាករ​-​កីឡាការិនី​នឹង​រឹតតែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ពង្រឹងសមត្ថភាព ។ លោក​ថា ស​ហ័​ន្ធ​កីឡា​មួយ មិន​អាច​ទៅ​មុខ​ដោយ​រលូន​បាន​ទេ បើ​ពឹង​តែ​លើ​ក្រសួង និង​គណៈ​ក​មា្ម​ធិ​ការ​អូ​ឡាំ​ពិ​ក ហើយ​គ្មាន​ការ​ចូលរួម​លើក​ស្ទួយ​ពី​វិស័យ​ឯកជន​។ លោក​ឧទាហរណ៍​យ៉ាង​ខ្លី​ថា ប្រសិនបើ​ការ​ប្រកួត​មួយ​ដែល​សហព័ន្ធ​បាន​រៀបចំ​ឡើង មាន​ក្រុមហ៊ុន​ធំ​ៗ​ភាគច្រើន​ចូលរួម​ឧបត្ថម្ភ​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឱ្យ​សហព័ន្ធ​មាន​លទ្ធភាព​គ្រប់គ្រាន់ ជា​ពិសេស​លើ​ការ​បណ្ដុះបណ្ដាល​គ្រូបង្វឹក លើ​ការ​អញ្ជើញ​​អ្នក​មាន​សមត្ថភាព​ឱ្យមក​បង្វឹក ការ​បញ្ជូន​កីឡាករ​ចេញ និង​ការ​ប៉ះប៉ូវ​លើកទឹកចិត្ត​កីឡាករ​ដែល​បាន​សម្រាំង​ហើយ​ឱ្យ​មាន​បម្រុង​ប្រយ័ត្ន ។

លោក​បាន​ប្រកាស​ថា កម្ពុជា​នឹង​ពិបាកធ្វើ​ឱ្យ​កីឡា​មួយ​នេះ​លេចធ្លោ ដោយសារ​តែ​ធនធាន​កាយសម្ព័ន្ធ ដែល​សហព័ន្ធ​បាន​សម្រាំង​ទុក ភាគច្រើន​មិនសូវ​នៅ​ស្ថិតស្ថេរ​ជាមួយ​សហព័ន្ធ ដែល​បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពី​ខ្វះ​ការ​ជ្រោមជ្រែង​ពី​វិស័យ​ឯកជន​។ លោក​ថា កីឡាករ​រមែង​ត្រូវ​បាន​បម្រុង​ទុក​ជា​ប្រចាំ ប៉ុន្តែ​ដោយសារ​តែ​សហព័ន្ធ​មាន​ត្រឹមតែ​សមត្ថភាព​បញ្ជូន​កីឡាករ​តែ​ម្នាក់ ឬ​២​នាក់​ឱ្យ​ចេញ​ប្រកួត ឬ​ចេញ​ហ្វឹកហាត់​នៅ​ក្រៅ ប្រទេស ដូច្នេះ​វា​ជៀស​មិន​ផុត​នោះ​ទេ​ដែល​ធនធាន​កីឡាករ​បម្រុង​ទុក​ផ្សេង​ទៀត​ដែល​សហព័ន្ធ​មិនសូវ​មាន​សកម្មភាព​ឱ្យ​ចេញ គឺ​ពិតជា​បោះបង់​អាជីព ។

លោក​ថា សហព័ន្ធ​រកបាន​ធនធាន​កីឡាករ​ក្មេង​ៗ​ដែល​មាន​ឆន្ទៈ​ច្រើន​ណាស់ ប៉ុន្តែ​ឆន្ទៈ​របស់​ពួក​គេ​ក៏​មិន​សូវ​ជា​បាន​យូរ​ដែរ ដោយសារ​តែ​សហព័ន្ធ​មិន​មាន​ប្រាក់ខែ​ឱ្យ​ខ្ពស់ និង​ជាប់លាប់ ហើយ​សហព័ន្ធ​ក៏​មិន​មាន​លទ្ធភាព​បង្កើត​ព្រឹត្តិការណ៍​ឱ្យ​កីឡាករ​ត្រៀម និង​បម្រុង​ទាំងនោះ​បាន​ច្រើន ។ លោក​ថា រាល់​ឆ្នាំ​សហព័ន្ធ​ជ្រើស​កីឡាករ​បាន​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ និង​ពី​ការ​ប្រកួត​ប្រចាំ​សហព័ន្ធ​បាន​ច្រើន​នាក់​ណាស់ ប៉ុន្តែ​សមាសភាព​ទាំងនោះ​ក៏​មិន​សល់​ច្រើន​ដែរ ដោយ​មាន​ន័យ​ថា លុះត្រាតែ​ដល់​សហព័ន្ធ​មាន​តម្រូវការ​ឱ្យ​ប្រកួត​ទើប​ងាក​ទៅ​ប្រមែប្រមូល​យក​មក ហើយ​អ្នកខ្លះ​ដែល​ខាង​សហព័ន្ធ​សម្លឹង​ឃើញ​ថា​ល្អ ពេល​ខ្លះ​ក៏​ប្ដូរ​ឆន្ទៈ​អស់់ ធ្វើ​ឱ្យ​សហព័ន្ធ​សោកស្ដាយ ឬ​មាន​ន័យ​ថា បណ្ដុះបណ្ដាល​ចោល ។

លោក​បង្ហើប​ថា បើ​សហព័ន្ធ​មានការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​អាច​បង្កើត​ព្រឹត្តិការណ៍​នានា ឬ​បង្កើត​សកម្មភាព​ឱ្យ​សមាសភាព​របស់​កីឡាករ​កាយសម្ព័ន្ធ​បាន​បង្ហាញ​សមត្ថភាព​ញឹកញាប់​នោះ ទោះជា​ខាង​សហព័ន្ធ​មិន​មាន​ប្រាក់ខែ​ច្រើន​ៗ​ដើម្បី​ចងជើង ក៏​ធនធាន​អ្នក​ដែល​ទទួល​បានការ​បណ្ដុះ​បណ្ដាល​​ពី​សហព័ន្ធ​នឹង​នៅ​ត្រាំត្រែង​ជាមួយ​សហព័ន្ធ​ដោយ​មិន​រត់​ទៅ​ណា​នោះ​ដែរ ។ បើ​មិន​ដូច្នោះ​ទេ ទោះជា​ខាង​សហព័ន្ធ​បណ្ដុះបណ្ដាល​ធនធាន​ទាំង​ចាស់​ទាំង​ថ្មី​បាន​ច្រើន ប៉ុន្តែ​អ្នក​នៅ​តស៊ូ​ពិតប្រាកដ​ជាមួយ​សហព័ន្ធ ក៏​មិនមែន​ទាំង​អស់នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ