បុគ្គលពួកខ្លះព្រោះតែមិនស្គាល់ពីលក្ខណៈពិតនៃលោកនេះ ក៏កើតទុក្ខ ទោមនស្ស តូចចិត្តនឹងខ្លួនដែលមានសម្បុរអាក្រក់ កម្លាំងក៏ខ្សោយ ទ្រុឌទ្រោមពីមួយថ្ងៃទៅមួយ មានអវយវៈញ័រទទ្រើត ធ្មេញបាក់ ថ្ពាល់ផត ភ្នែករូងមើលមិនច្បាស់ រីឯត្រចៀកស្តាប់មិនសូវឮ ក៏ចេះតែកើតទុក្ខឥតល្អែ ។
អ្នកដែលមានអារម្មណ៍ជាប់ស្អិតនឹងរូបកាយបែបនេះ លោកឱ្យចម្រើនអសុភកម្មដ្ឋាន ពិចារណាឱ្យឃើញថា ខ្លួនប្រាណយើងនេះជារបស់បដិកូល ជារបស់ស្មោកគ្រោកពេញណែនទៅដោយលាមក ខ្ទុះ ឈាម…។
កាលបើពិចារណាស្គាល់សេចក្តីពិតយ៉ាងនេះហើយ ក៏អាចនឹងថយអារម្មណ៍ដែលជាប់ជំពាក់នឹងរូបកាយនេះបានខ្លះមិនខាន ។
តាមពិតទៅសត្វលោកទាំងអស់គេចមិនរួចពីទុព្វលភាពនៃរូបកាយទាំង៧ខាងក្រោមនេះទេ ព្រោះខ្លួនប្រាណយើងនេះមានការប្រែប្រួលរាល់ថ្ងៃគឺ ៖
១-ទុព្វណ្ណោ មានសម្បុរអាក្រក់ ស្បែកមិនភ្លឺថ្លា
២-ទុព្វលោ មានកម្លាំងថមថយ ខ្សោយទៅៗ
៣-ជិណ្ណកាយោ មានរាងកាយចាស់ទ្រុឌទ្រោម
៤-កាប្បិតសរីរោ មានសរីរាវយវៈញញាក់ញញ័រ
៥-ឆិន្នទន្តោ មានធ្មេញបាក់ ពុកផុយ
៦-ជរចក្ខុ មានភ្នែកស្រវាំង ឬងងឹត មើលមិនច្បាស់
៧-ជរសោតោ មានត្រចៀកជរាគឺស្តាប់មិនច្បាស់ ឬថ្លង់ ។
បើបុគ្គលណានៅតែមានអារម្មណ៍ជាប់ជំពាក់នឹងទុព្វលភាពនៃរូបកាយទាំង៧ប្រការនេះ សេចក្តីទុក្ខនឹងកើតមានដូចស្រមោលអន្ទោលតាមប្រាណ គ្មានឡើយសេចក្តីសុខ ។
ចែករំលែកព័តមាននេះ