រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោករដ្ឋលេខាធិការក្រសួងពាណិណ្ជកម្ម និងមានការសហការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងលោក ស៊ុន សុធី ប្រធានរដ្ឋបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចុះរុះរើស្លាកយីហោហាងម្ហូបអាហារចិនមួយកន្លែងដែលមានយីហោថា «សាច់មាន់ លោក» មានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់លោករដ្ឋលេខាធិការក្រសួងពណិជ្ជកម្ម សហការជាមួយនឹងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការត្រួតពិនិត្យភោជនីយដ្ឋានមួយកន្លែងយីហោ «សាច់មាន់ លោក» ដែលមានម្ចាស់អាជីវកម្មជាជនជាតិចិន។
លោកអភិបាលខណ្ឌបានបន្តថា ក្នុងការចុះត្រួតពិនិត្យរកច្បាប់អនុញ្ញាតបើកអាជីវកម្ម និងច្បាប់លើកស្លាកយីហោហាងខាងលើ ដោយបានរកឃើញថា ហាងម្ហូបចិនខាងលើនោះ គឺមិនមានច្បាប់អនុញ្ញាតឱ្យប្រកបមុខរបរអាជីវកម្មអ្វីឡើយ ទើបកម្លាំងរបស់លោកចុះធ្វើការរុះរើស្លាកយីហោដែលមានឈ្មោះថា «សាច់មាន់ លោក» ទម្លាក់ចុះតែម្តង។
លោកអភិបាលខណ្ឌចំការមនក៏បានរៀបរាប់ប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅនឹងការចុះមករុះរើទម្លាក់ស្លាកយីហោដែលមានឈ្មោះថា «សាច់មាន់ លោក» នេះដែរ ម្យ៉ាងវិញទៀតក៏សរសេអក្សរខុសទៅនឹងអក្ខរាវិរុទ្ធផងដែរ ដោយពាក្យថា «លោក» នេះ ធ្វើឱ្យមហាជនភាគច្រើនយល់ថាជា «ព្រះសង្ឃ» និងធ្វើអោយខុសទៅនឹងប្រពៃណីទំលៀមទម្លាប់របស់ខ្មែរយើង។
ភោជនីយដ្ឋានខាងលើនេះដែរ គឺទើបតែរៀបចំបើកដំណើរការ និងលើកស្លាកយីហោដែលមានឈ្មោះថា «សាច់មាន់ លោក» បានតែ២ទៅ៣ថ្ងៃមុននេះប៉ុណ្ណោះ ក៏ត្រូវកម្លាំងរបស់លោកចុះមកធ្វើការត្រួតពិនិត្យមិនឃើញមានច្បាប់អនុញ្ញាត ក៏ធ្វើការរុះរើទម្លាក់ស្លាកនេះចុះតែម្តង ៕
ចែករំលែកព័តមាននេះ