ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សន្យា​ផ្តល់​ស្ថាន​ការ​ល្អ​សម្រាប់​វិនិយោគិន​អា​មេ​រិ​ក

4 ឆ្នាំ មុន

វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា លោក​ឧបនាយករដ្ឋមន្ត្រី Trinh Dinh…

វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា លោក​ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung របស់​វៀតណាម​បាន​អះអាង​ថា​វៀតណាម​សន្យា​បង្កើត​ស្ថាន​ការ​ល្អ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដើម្បី​ធ្វើការ​វិនិយោគ និង​ប្រកប​អាជីវកម្ម​ដោយ​មាន​ប្រសិទ្ធិ​ភាព​និង​ជោគជ័យ​ក្នុង​ប្រទេស​វៀតណាម​។

លោក Dung បាន​និយាយ​ក្នុង​កិច្ចប្រជុំ​អាជីវកម្ម​វៀតណាម​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម (VCCI) សភាពាណិជ្ជកម្ម​អា​មេ​រិ​ក (Amcham) និង​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក (USCC) កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ​។

លោក Dung បាន​បន្ត​ថា ការ​វិនិយោគ​អា​មេ​រិ​ក​ក្នុង​ប្រទេស​វៀតណាម​ដើរតួ​កាន់តែ​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​វៀតណាម​ដោយ​ជួយ​ឲ្យ​ប្រទេស​ចូលរួម​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម បង្កើន​ប្រាក់​ចំណូល និង​បង្កើត​ភាព​រុងរឿង​ដល់​ប្រទេស​ផង​ដែរ ។ វៀតណាម​ចង់​ទទួល​បានការ​វិនិយោគ​ពី​សហរដ្ឋអាមេរិក​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា​ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ​និង​ធនាគារ​កិច្ច ការ​អប់រំ ទេសចរណ៍ បច្ចេកវិទ្យា និង​កសិកម្ម​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ជាដើម​។

លោក​ឧបនាយករដ្ឋមន្ត្រី​ខាងលើ​បាន​បន្ថែម​ថា ដោយ​មាន​ប្រជាជន​ក្មេង​ៗ​ច្រើន ស្ថេ​រ​ភាព​នយោបាយ​និង​សង្គម រួម​ជាមួយនឹង​កំណើន​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ធ្វើ​សម​ហ​រណកម្ម​អន្តរជាតិ វៀតណាម​បាន​ក្លាយជា​ទីតាំង​វិនិយោគ​ដ៏​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​បរទេស​។

លោក Dung បាន​បន្ថែម​ថា «​ប្រទេស​វៀតណាម​តែងតែ​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​ដៃគូ​នាំមុខ និង​ចង់​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​សហរដ្ឋអាមេរិក​ដែល​មានការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជា​កត្តា​សំខាន់​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Daniel J. Kritenbrink ដែល​ជា​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ទៅ​កាន់​វៀតណាម​បាន​និយាយ​ថា «​បច្ចុប្បន្ន​នេះ​ជា​ពេលវេលា​ដ៏​ល្អ​ក្នុង​ការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ព្រមទាំង​បន្ត​ការ​សន្ទនា​ទាក់ទិន​នឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ស៊ីជម្រៅ​រវាង​សហរដ្ឋអាមេរិក​និង​វៀតណាម​ផង​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ