ប្រទេសជប៉ុន ៖ ភ្នាក់ងារសារព័ត៌មាន Japan Times បានរាយការណ៍មកកាលពីថ្ងៃទី២៣កន្លងមកថាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) នឹងបង្កើនជំនួយសម្រាប់ក្រុមហ៊ុនដែលចង់លក់ផលិតផលនៅបរទេសដោយបើកដំណើរការគេហទំព័រ Japan Mall បន្ថែមលើគេហទំព័រ e-commerce បរទេសធំៗ។
កម្មវិធីនេះត្រូវបានចាប់ផ្តើមក្នុងប្រទេសសិង្ហបុរីនិងប្រទេសដទៃទៀតជាការសាកល្បងក្នុងឆ្នាំ ២០១៨ ដោយមានការសហការជាមួយនឹងអង្គការពាណិជ្ជកម្មបរទេសជប៉ុន (JETRO) ។ ក្រោមកម្មវិធីនេះ ក្រុមហ៊ុនអាចទិញផលិតផលដូចជាអាហារនិងគ្រឿងសម្អាងពីក្រុមហ៊ុនជប៉ុនតាមរយៈ Japan Mall បាន។
ប្រព័ន្ធនេះអនុញ្ញាតឲ្យក្រុមហ៊ុនតូចៗឲ្យចៀសវាងហានិភ័យ និងការចំណាយដែលទាក់ទិននឹងការស្តុកទំនិញនៅបរទេស ។ មកដល់បច្ចុប្បន្នមានក្រុមហ៊ុនតូចៗចំនួន ៤០ ដែលកំពុងស្វែងរកទីផ្សារសម្រាប់ទំនិញ ២០០មុខ ដែលរួមមានសូកូឡាផងដែរ។ មន្ត្រីថ្នាក់ខ្ពស់ម្នាក់ប្រចាំក្រសួងខាងលើបាននិយាយថាពួកគេទទួលបានការឆ្លើយតបល្អ ។
ពេលដែលឆ្នាំហិរញ្ញវត្ថុ ២០១៩ ចាប់ផ្តើមក្នុងខែមេសា ក្រសួងនឹងចាប់ផ្តើមបន្ថែមគេហទំព័រ Japan Mall ក្នុងគេហទំព៏រលក់ទំនិញធំៗក្នុងប្រទេសចំនួន ១៨ ដែលរួមមានប្រទេសចិន សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ជាដើម ។ ក្នុងប្រទេសចិនដែលជាទីផ្សារ e-commerce ធំជាងគេរបស់ពិភពលោក METI នឹងសហការជាមួយនឹង Alibaba Group Holding Ltd និងក្រុមហ៊ុនដទៃផងដែរ ។ JETRO នឹងគាំទ្រដល់ដល់ការស្វែងរកផលិតផលជប៉ុនដែលគេហទំព័រចិនចង់លក់ដូចជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃនិងគ្រឿងសម្អាងជាដើម ។
ក្នុងសហរដ្ឋអាមេរិកដែលជាទីផ្សារ e-commerce ធំជាងគេលេខពីរវិញ METI ចង់បង្កើតទីផ្សារសម្រាប់អាហារជប៉ុនដោយបើកដំណើរការគេហទំព័រមួយលើ Rakuten USA ដែលស្ថិតក្រោមក្រុមហ៊ុន Rakuten Inc. ពួកគែក៏មានគម្រោងជួយដល់ការលក់ស្រាអង្ករជប៉ុន និងផលិតផលជប៉ុនដទៃក្នុងប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុប (EU) ដែរដូចជាអាល្លឺម៉ង់និងបារាំងជាដើម ។
JETRO នឹងផ្តល់ទីប្រឹក្សាដល់ក្រុមហ៊ុនតូចៗទាក់ទិននឹងដំណើរការនាំចេញដែលត្រូវបានសម្រួលសម្រាប់ EPA និងគម្រោងជំរុញដល់ការលក់លើអ៊ីនធើណែតនៃផលិតផលឧស្សាហកម្មជប៉ុនដទៃក្នុងប្រទេសស៊ីលី វៀតណាម និងសមាជិកដទៃនៃកិច្ចព្រមព្រៀងស៊ីជម្រៅនិងដំណើរការទៅមុខនៃភាពដៃគូពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក (TPP) ៕
ចែករំលែកព័តមាននេះ