ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផុស​ឱ្យ​ពលរដ្ឋ​លក់​ក្នុង​តម្លៃ​ថោក​យក​លក់​ឱ្យ​ចិន

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដី​បឹង​ក្រចាប់ បឹង​ប្រា និង​ដី​ជុំវិញ​បឹង​ទាំង​២​នេះ កំពុង​ត្រូវ​បាន​ឈ្មួញ​ដើរ​ប្រមូលទិញ ដោយ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​លក់​ក្នុង​តម្លៃ​ថោក​ៗ ទោះបី​ដី​នេះ​ជា​ដីសាធារណៈ​របស់​រដ្ឋ​ក្តី ចំណែក​ខាង​អាជ្ញាធរ​បែរជា​ធ្វើ​មិនដឹងមិនឮ​សម្ងំ​ស្ងាត់ឈឹង ។ដី​បឹង​ទាំង​២​នេះ…

ខេត្តព្រៃវែង ៖ ដី​បឹង​ក្រចាប់ បឹង​ប្រា និង​ដី​ជុំវិញ​បឹង​ទាំង​២​នេះ កំពុង​ត្រូវ​បាន​ឈ្មួញ​ដើរ​ប្រមូលទិញ ដោយ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​លក់​ក្នុង​តម្លៃ​ថោក​ៗ ទោះបី​ដី​នេះ​ជា​ដីសាធារណៈ​របស់​រដ្ឋ​ក្តី ចំណែក​ខាង​អាជ្ញាធរ​បែរជា​ធ្វើ​មិនដឹងមិនឮ​សម្ងំ​ស្ងាត់ឈឹង ។ដី​បឹង​ទាំង​២​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង មាន​ទំហំ​សរុប​១៧​ហិ​កតា ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​កាលពី​អំឡុង​ចុងខែ​មីនា​ថ្មី​ៗ​កន្លង​មកនេះ ហើយ​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​ដើរ​បោះបង្គោល​កំណត់​ព្រំ​ដី​រួចរាល់​អស់ហើយ ។

ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​តាសរ បាន​ឲ្យ​ដឹង​ថា ដី​បឹង​ប្រា ឈ្មួញ​ទិញ​បាន​ចំនួន​១៥​ហិ​កតា និង​ដី​បឹង​ក្រចាប់​ទិញ​បាន​៧​ហិ​កតា​ហើយ ដោយ​ការ​ទិញ​-​លក់​ដី​បឹង​សាធារណៈ​ទាំង​២​នេះ មាន​មន្ត្រី​សាលាស្រុក​ពោធិ៍​រៀង​ម្នាក់​ជា​អ្នក​រៀបចំ​ឯកសារ​ប្លង់​ដី និង​មន្ត្រី​សាលាស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ម្នាក់ ជា​អ្នករក​ម៉ូយ​ចិន​មក​ទិញ​បន្ត ។

ពលរដ្ឋ​នៅ​ឃុំ​ព្រែក​តាសរ បាន​លើក​ឡើង​ថាបឹង​ក្រចាប់ និង​បឹង​ប្រា​នេះ ពី​មុន​ស្ថិត​ក្នុង​តំបន់​ឡូត៍​នេសាទ​លេខ​២ មាន​ចម្ងាយ​តែ​ជាង​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទន្លេតូច ហើយ​ក៏​ស្ថិត​នៅ​ជិត​ផ្ទះ​អ្នកស្រុក​ដែរ ។ អ្នកស្រុក​បាន​ត្រាយព្រៃ​លិច​ទឹក ឆ្ការ​យក​ដី​បន្តិច​ម្តង​ៗ ដើម្បី​រុករាន​ដី​ធ្វើស្រែ​ប្រាំង ហើយ​នៅ​ឆ្នាំ​២០១១​រាជរដ្ឋាភិ​បាល​​បាន​រំលាយ​តំបន់​ឡូត៍​នេសាទ​ទាំងអស់​ប្រគល់​ឲ្យ​ពលរដ្ឋ​សហគមន៍​គ្រប់គ្រង ម្នាក់​ៗ​ប្រឹង​ធ្វើស្រែ ។

លុះ​នៅ​ដើមឆ្នាំ​២០១៩​នេះ មន្ត្រី​សាលាស្រុក​ពោធិ៍រៀង និង​មន្ត្រី​សាលាឃុំ​ព្រែក​តាសរ សហការ​ជាមួយ​លោក សយ សុ​ធន ជា​អ្នក​ឈរឈ្មោះ​ទិញ​ដី បាន​ដើរ​ចរចា​ជាមួយ​អ្នក​ភូមិ​ប្រមូល​ទិញដី​ទាំងនោះ​ដោយ​ឲ្យ​តម្លៃ​ទាប​ៗ គឺ​ចាប់ពី​៣.០០០ដុល្លារ​ទៅ​៤.៥០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិ​កតា ។ប្រជាពលរដ្ឋ​បន្ត​ថា ការ​ប្រមូល​ទិញ​នេះ មន្ត្រី​សាលាស្រុក​ពោធិ៍​រៀង និង​សាលាឃុំ​ព្រែក​តាសរ ប្រាប់​អ្នកស្រុក​ថា បើ​គេ​សួរ​ត្រូវ​ឆ្លើយ​ថា លក់​ដី​ក្រុមសាមគ្គី​(​កំឡុង​ឆ្នាំ​១៩៧៩-១៩៨០) ទេ មិនមែន​លក់​-​ទិញ​ដី​បឹង​ទេ ដោយ​អ្នក​ឈរ​ទិញ
ដី​ឈ្មោះ សយ សុ​ធុន និង​ក្រោម​ការ​រៀបចំ​ពី​លោក ម៉ៅ ថេ​ត អភិបាលរង​ស្រុក​ពោធិ៍​រៀង ។

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ កោះ​សន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ៅ ថេ​ត អភិបាល​រង​ស្រុក​បាន​ទេ រីឯ​លោក យស ស៊ី​ណាត អភិបាល​ស្រុក​ពោធិ៍​រៀង មាន​ប្រសាសន៍​ថា លោក​ពុំ​បានដឹង​រឿង​នេះ​ទេ ព្រោះ​លោក​ជាប់​ទៅ​រៀន​នៅ​ភ្នំពេញ បើ​ចង់​ដឹង​សួរ​លោក​មេឃុំ​ចុះ ។ចំណែកឯ​លោក ម៉ែ​ន សា​រឿ​ន មេឃុំ​ព្រែកតាសរ បាន​បដិសេធ​ថា ដី​បឹង​ទាំងនោះ​មិន​មានការ​ទិញ​-​លក់​ទេ តែ​ដី​ជុំវិញ​បឹង​អ្នកស្រុក​លក់​មែន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ចុះហត្ថលេខា​ទទួលស្គាល់​ទេ ហើយ​តំបន់​មេទឹក ក៏​មិន​អាច​ធ្វើការ​ទិញ​-​លក់​បាន​ដែរ ព្រោះ​ខុសច្បាប់ ។

រីឯ​លោក សយ សុ​ធន ដែល​ជា​ឈ្មួញ​ទិញ​ដី​បាន​ទទួលស្គាល់​ថា គាត់​ពិតជា​បាន​ទិញ​ដី​ក្រុមសាមគ្គី​នៅ​បឹង​ក្រចាប់ និង​បឹង​ប្រា​មែន ។ ដី​បឹង​ក្រចាប់​សរុប​៧​ហិ​កតា ប៉ុន្តែ​អាជ្ញាធរ​ដក​ទុក​១​ហិ​កតា​ចំ​កណ្ដាល​ដី ហើយ​គាត់​ទិញ​បាន​៦​ហិ​កតា ។ ដោយឡែក​ ដី​បឹង​ប្រា​សរុប​១៥​ហិ​កតា អាជ្ញាធរ​ដក​ទុក​២​ហិ​កតា ចំ​កណ្ដាល​ដី ក្នុង​នោះ​គាត់​ទិញ​បាន​តែ​មួយ​ចំនួន​ទេ នៅ​សល់​មួយ​ចំនួន​ទៀត នៅ​លើ​ពលរដ្ឋ​អាស្រ័យ​ផល​ដដែល ។បើ​តាម​​ពលរដ្ឋ​បន្ថែម​ថា បើ​ការ​ទិញ​ដី​បឹង​ទាំង​២​នេះ​បាន​ជោគជ័យ ក្រុម​ឈ្មួញ​នឹង​ប្រមូល​ទិញ​ដី​ជុំវិញ​បឹង ដី​បឹង​រលា បឹង​ផលិត និង​បឹង​ត្រាវ​បន្ត​ទៀត ព្រោះថា​តំបន់​ទាំងនេះ​ចិន​ចង់ទិញ មក​ពី​ជាប់​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​បា​វិត ។

ចំណែក​ករណី​ទិញ​-​លក់​បឹង​នេះ លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត មាន​ប្រសាសន៍​ថា មិន​បានដឹង​ទេ​ចាំ​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ ។រីឯ​លោក អេ​ង ផេង​អាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​ខេត្ត មាន​ប្រសាសន៍​ថា ដី​បឹង​មិន​អាច​ប្រគល់​ឲ្យ​ឯកជន​ទេ ហើយ​ការងារ​នេះ​ប្រសិនបើ​មន្ទីរ​ធនធានទឹក​ថា​មិនមែន​ជា​ដី​បឹង លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល ៕​

អត្ថបទសរសេរ ដោយ