ខេត្តកំពង់ចាម ៖ ស្របពេលដែលជំងឺប៉េសជ្រូកអាហ្វ្រិកបានផ្ទុះឡើងនៅប្រទេសវៀតណាមនោះគេបានសង្កេតឃើញស្ថាប័នជំនាញបានសហការជាមួយនឹងសមត្ថកិច្ចនានា នៅតាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំធ្វើការបង្ក្រាបទប់ស្កាត់មិនឲ្យនាំចូលជ្រូកមកកម្ពុជា ។ ទោះជាបែបនេះក្តីក៏មានជ្រូកត្រូវបានក្រុមឈ្មួញប្រើប្រាស់គ្រប់រូបភាពដោយបន្លំដឹកតាមម៉ូតូចូលមកដល់ក្រុងកំពង់ចាម ដើម្បីយកទៅកាប់សាច់លក់នៅតាមទីសត្តឃាតមួយចំនួន ។
តាមប្រភពឲ្យដឹងថា កន្លងទៅថ្មីៗនេះមានឈ្មួញម្នាក់បានដឹកជ្រូកចំនួន២ក្បាលដែលនាំចូលមកពីប្រទេសវៀតណាមចេញពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយបានដឹកឆ្លងស្ពានគីហ្ស៊ុណាឆ្លងចូលមកដល់ក្រុងកំពង់ចាមដោយបានជិះផុតពីមុខផ្ទះមេឆ្នោតម្នាក់នៅម្តុំក្បាលស្ពានត្រូវបានក្រុមមន្ត្រីបសុពេទ្យខេត្តបានចាប់ឃាត់មិនឲ្យយកទៅកាប់សាច់លក់លើទីផ្សារទេ។
តាមប្រភពដដែលបន្តថា ក្នុងពេលដែលចាប់យកជ្រូកនោះត្រូវបានឈ្មួញម្ចាស់ជ្រូកបាននិយាយសុំអង្វកុំឲ្យចាប់យកទៅណា តែមិនត្រូវបានមន្ត្រីបសុពេទ្យយល់ព្រមនោះទេ ដោយកន្លងមកធ្លាប់បានណែនាំដល់អ្នកដឹកជ្រូកឲ្យបញ្ឈប់សកម្មភាពការដឹកជ្រូកពីវៀតណាមចូលមកក្រុងកំពង់ចាមតែឈ្មួញរូបនោះនូវតែផ្គើនក៏បានចាប់យកជ្រូកតែម្តង ។ ក្រោយពីបានចាប់យកជ្រូកទាំងម៉ូតូឈ្មួញនោះមានការសោកស្តាយដោយបានលើកហេតុផលថា គាត់បានចំណាយលុយទិញជ្រូក២ក្បាលស្មើជាង២០០គីឡូក្រាម អស់លុយជាង២លានរៀល ខាតទាំងដើម និងម៉ូតូទៀត ។ មានការលើកឡើងថា មូលហេតុដែលជ្រូកដឹកតាមម៉ូតូហូរចូលមកដល់ក្រុងកំពង់ចាមបាន អាចជាការខ្វះចន្លោះប្រហោងរបស់មន្ត្រីពេទ្យសត្វខេត្តត្បូងឃ្មុំក៏ថា បានដែរ ។
លោកស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១២ ឧសភា ២០១៩ថា ចាប់តាំងពីពេលដែលជំងឺប៉េសជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាមដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យមន្ត្រីពេទ្យសត្វខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង បានពង្រីកវិសាលភាពដោយបានពង្រីកដែន ដើម្បីតាមបង្ក្រាបមិនឲ្យមានការនាំជ្រូកចូលពីវៀតណាម ។ សម្រាប់នៅខេត្តកំពង់ចាមវិញបង្ក្រាបបានចំនួនជាង១០០ក្បាល ហើយបានធ្វើតេស្តយកឈាមទៅពិនិត្យមិនឃើញមានមេរោគតែក៏បានផាកពិន័យជ្រូកដឹក១រថយន្តចំនួនពី១០ទៅ១៥លានរៀល ។ ហើយជ្រូកដែលចាប់លើកចុងក្រោយនឹងបូមឈាមទៅពិនិត្យបន្តបន្ទាប់ទៀត រូបលោកនឹងប្តេជ្ញាចិត្តទប់ស្កាត់បង្ក្រាបជ្រូកបន្តទៀតតាមការណែនាំរបស់អាជ្ញាធរខេត្តឲ្យមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ