រាជធានីភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា បានផ្លោងពាក្យសម្តីដាក់គ្នាជាមួយអតីតារាសម្តែងនាងវ៉ាន់ ម៉ូនិច ។ ការផ្លោងពាក្យសម្តីនេះបន្ទាប់ពីចន ច័ន្ទលក្ខិណា បានរិះគន់ម៉ូនិច ក្នុងការសាករថយន្តថ្មីមានល្បឿនលឿននៅលើផ្លូវសាធារណៈ ។
ថ្មីៗនេះអ្នកទាំងពីរបានបោះសម្តីដាក់គ្នាទៅវិញទៅមកនៅតាមហ្វេសប៊ុក ក្នុងនោះគេសង្កេតឃើញប្រិយមិត្តគាំទ្រទាំងសងខាងក៏ចូលរួមក្នុងជម្លោះនេះដែរ ។ ផ្តើមពីជម្លោះនេះអ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរនៅលើហ្វេសប៊ុកដោយបានសម្តែងការព្រួយបារម្ភ ក្រោយពីបានឃើញវីដេអូរបស់វ៉ាន់ ម៉ូនិច បើកសាករថយន្តដែលស្វាមីរបស់នាងទើបទិញឲ្យនៅលើផ្លូវវសាធារណៈមួយ ក្នុងល្បឿនលឿន។
ជាមួយនឹងការចែកចាយវីដេអូនេះនាងភ្ជាប់សារថា «ល្បឿនជិត 200 ? Wow ផ្លូវមានប្រជាជនរស់នៅសងខាងទៀត បើកលឿនលើតំបន់ផ្លូវប្រជុំជនបែបនេះអាចគ្រោះថ្នាក់ណាអូន ហើយអាចគ្រោះថ្នាក់ដល់អ្នកដែលធ្វើដំណើររួមផ្លូវជាមួយយើងផងដែរដែលគ្នាបើកល្បឿនធម្មតា ហើយតាមមើលផ្លូវនោះគឺមានផ្ទះប្រជាជនរស់នៅសងខាងទៀត រឹតតែគ្រោះថ្នាក់បំផុត ជាពិសេស ក្មេងៗ បើអូនចង់សាកឡានអូនគួរសាកនៅផ្លូវដែលគ្មានផ្ទះប្រជាជនរស់នៅអមសងខាងផ្លូវ ។ បំណងល្អទេ »។
បន្ទាប់ពីបានឃើញសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា នេះ អតីតតារាសម្តែងនាងវ៉ាន់ ម៉ូនិច បានឆ្លើយតបវិញភ្លាម ដោយនាងបានចាត់ទុកការសាកល្បងឡានរបស់នាង គឺគ្រាន់តែសាកបន្តិចប៉ុណ្ណោះ ខណៈពេលដែលស្ថានភាពផ្លូវស្ងប់ស្ងាត់ ។ នាងចាត់ទុកពាក្យសម្តីរបស់អ្នកនាងចន ច័ន្ទលក្ខិណា គឺជាការចាំតែទើសនិងរិះគន់ ដោយសារនាងយល់ថា នេះជាជីវិតរបស់នាង ក្នុងពេលដែលនាងក៏ចេះគិត ព្រោះខណៈនៅក្នុងឡានក៏មានឪពុក ម្តាយ និងកូនរបស់នាងដែរ ។
បើតាមវ៉ាន់ ម៉ូនិច អ្វីដែលនាងធ្វើនោះ គឺនាងដឹងច្បាស់ ហើយនាងក៏ចេះស្តាយរបស់ដែរ ព្រោះវាមានតម្លៃថ្លៃ ខណៈពេលដែលអាយុជីវិតរបស់នាងក៏មានតម្លៃថ្លៃជាងអ្វីទាំងអស់ ។
វ៉ាន់ ម៉ូនិច សរសេរទៀតថា «ជីវិតរបស់ខ្ញុំៗដឹងច្បាស់ណាស់ ហេីយក៏ចេះគិតដែរបង មិនបាច់បងមកចេះដឹង ហើយដាក់ព័ត៌មានអ៊ីចឹងទេ សុំតែបងធ្វើ ល្អៗសម្រាប់គ្រួសារបងទៅ កុំឲ្យគេគុំកួនច្រើនពេក»។
ឆ្លើយតបទៅកាន់ពាក្យសម្តីរបស់វ៉ាន់ ម៉ូនិច នេះ អ្នកនាងចន ច័ន្ទលក្ខិណា ថា«ខ្ញុំនិយាយរឿងបើកឡានហួសល្បឿនបែរជាថាខ្ញុំទើសគ្រប់រឿង មិនមែនទើសទេ គឺមកពីដឹងច្បាប់ ព្រោះធ្លាប់ចូលរួមជួយការងារសង្គមជាមួយយុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ នៅបរទេសចប់ហើយ សំខាន់ថតបង្ហោះខ្លួនឯងជាសាធារណៈទៀត អត់មានអ្នកលួចថតយកមកបង្ហោះទេ ។
សុំទោសលោកជំទាវ ដែលនាងខ្ញុំថ្លើមធំហ៊ាននិយាយប៉ះពាល់លោកជំទាវ នាងខ្ញុំលែងហ៊ាននិយាយទៀតហើយ ឋានៈធំផងវីវរអាងខ្នងប្តីប្តឹងឯងទៀត ! កាលនៅជាអ្នកសិល្បៈដូចសំដីមិនបែបនេះទេ កាលហ្នឹងឯងខំការពារទៀត ។ ប្អូនប្រុស២នាក់ធ្លាប់ត្រូវឡានបើកលឿនដូចហោះមកបុកដល់ចិញ្ចើមផ្លូវ បាក់ជើងទាំង២ ម្នាក់កាត់ជើងម្ខាង បែកថ្លើម បែកប្លោកនោម ម្នាក់ទៀតបាក់ជើងតែមិនពិការ ហើយគ្នាកំព្រា ហើយក្រណាស់ កុំបានបងឡុង តវ៉ាផ្នែកច្បាប់ខ្លាំងដែរទេកុំអីគេសងតែ៣០០០ដុល្លារទេ»។
មានអ្នកលេងហ្វេសប៊ុកជាច្រើនសម្តែងការគាំទ្រអ្នកនាងចន ច័ន្ទលក្ខិណា ដ្បិតអត្ថន័យសាររបស់នាងក្នុងបំណងល្អទេ ៕
ចែករំលែកព័តមាននេះ