ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ឆ្ងល់​ពេក​… កាលណា​មាន​រដ្ឋអំណាច​មូលដ្ឋាន​ជា​ឈ្មួញ​ដី វា​ចប់​ហើយ​…

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដី​បឹង​ក្រចាប់ បឹង​ប្រា និង​ដី​ជុំវិញ​បឹង​ទាំង​២​នេះ កំពុង​ត្រូវ​បាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ ដោយ​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​លក់​ក្នុង​តម្លៃ​ថោក​ៗ​ទាំង​ដែល​ដី​នេះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ចំណែក​​ខាង​អាជ្ញាធរ​បែរជា​ធ្វើ​មិនដឹងមិនលឺ​សំងំ​ស្ងាត់ឈឹង​។ ដី​បឹង​ទាំង​២​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​តាសរ…

ខេត្តព្រៃវែង ៖ ដី​បឹង​ក្រចាប់ បឹង​ប្រា និង​ដី​ជុំវិញ​បឹង​ទាំង​២​នេះ កំពុង​ត្រូវ​បាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ ដោយ​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​លក់​ក្នុង​តម្លៃ​ថោក​ៗ​ទាំង​ដែល​ដី​នេះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ចំណែក​​ខាង​អាជ្ញាធរ​បែរជា​ធ្វើ​មិនដឹងមិនលឺ​សំងំ​ស្ងាត់ឈឹង​។ ដី​បឹង​ទាំង​២​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង មាន​ទំហំ​សរុប​ចំនួន​១៧​ហិ​កតា និង​ត្រូវ​បាន​ឈ្មួញ​ចាប់​ប្រមូល​ទិញ​យក​កាល​ពី​អំឡុង​ចុងខែ​មីនា​ថ្មី​ៗ​នេះ ហើយ​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​ដើរ​បោះបង្គោល​កំណត់​ព្រំ​ដី​រួចរាល់​អស់ហើយ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​តាសរ បានឱ្យ​ដឹង​ថា ដី​បឹង​ប្រា​ឈ្មួញ​ទិញ​បាន​ចំនួន​១៥​ហិ​កតា និង​ដី​បឹង​ក្រចាប់​ទិញ​បាន​៧​ហិ​កតា​ហើយ ដោយ​ការ​ទិញ​លក់​ដី​បឹង​សាធារណៈ​ទាំង​២​នេះ មាន​មន្ត្រី​ជាន់ខ្ពស់​សាលាស្រុក​ពោធិ​រៀង​ម្នាក់ ជា​អ្នក​រៀបចំ​ឯកសារ​ប្លង់​ដី និង​មន្ត្រី​សាលាស្រុក​ខ្សាច់កណ្តាល​ម្នាក់ ជា​អ្នករក​ម៉ូយ​ចិន​មក​ទិញ​បន្ត​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ បាន​លើក​ឡើង​ថា បឹង​ក្រចាប់ និង​បឹង​ប្រា នេះ​ពី​មុន​ស្ថិត​ក្នុង​តំបន់​ឡូ​តិ៍​នេសាទ​លេខ​២ វា​មាន​ចម្ងាយ​តែ​ជាង​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ទន្លេតូច ហើយ​ក៏​ស្ថិត​នៅ​ជិត​ផ្ទះ​អ្នកស្រុក​ដែរ អ្នកស្រុក​បាន​ត្រាយព្រៃ​លិច​ទឹក ឆ្កា​យក​ដី​បន្តិច​ម្តង​ៗ ដើម្បី​រុករាន​ដី​ធ្វើស្រែ​ប្រាំង ហើយ​នៅ​ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​បាន​រំលាយ​តំបន់​ឡូ​តិ៍​នេសាទ​ទាំងអស់​ប្រគល់​ឲ្យ​ពលរដ្ឋ​សហគមន៍​គ្រប់​គ្រង ម្នាក់​ៗ​ប្រឹង​ធ្វើស្រែ ហើយ​ដើមឆ្នាំ​២០១៩​នេះ មន្ត្រី​សាលាស្រុក​ពោធិ​រៀង និង​មន្ត្រី​សាលាឃុំ​ព្រែក​តាសរ សហការ​ជាមួយ​លោក សយ សុ​ធន បាន​ដើរ​ចរចា​ជាមួយ​អ្នក​ភូមិ​ប្រមូល​ទិញ​ដី​ទាំងនោះ ដោយ​ឲ្យ​តម្លៃ​ទាប​ៗ គឺ​ចាប់ពី​៣,០០០​ដុល្លារ​ទៅ​៤,៥០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិ​កតា ។

ប្រជាពលរដ្ឋ​បន្ត​ថា ការ​ប្រមូល​ទិញ​នេះ មន្ត្រី​សាលាស្រុក​ពោធិ​រៀង សាលាឃុំ​ព្រែក​តាសរ ប្រាប់​អ្នកស្រុក​ថា បើ​គេ​សួរ​ត្រូវ​ឆ្លើយ​ថា លក់​ដី​ក្រុមសាមគ្គី (​កំឡុង​ឆ្នាំ​១៩៧៩-១៩៨០ ) ទេ មិនមែន​លក់​ទិញ​ដី​បឹង​ទេ ដោយ​អ្នក​ឈរ​ទិញ​ដី​ឈ្មោះ​លោក សយ សុ​ធុន និង​ក្រោម​ការ​រៀបចំ​ពី​លោក ម៉ៅ ថេ​ត អភិបាលរង​ស្រុក​ពោធិ៍​រៀង​។

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ៅ ថេ​ត អភិបាលរង​ស្រុក​បាន​ទេ រីឯ​លោក យស ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បានដឹង​រឿង​នេះ​ទេ ព្រោះ​លោក​ជាប់​ទៅ​រៀន​នៅ​ភ្នំពេញ បើ​ចង់​ដឹង​សួរ​លោក​មេឃុំ​ចុះ​។

ចំណែកឯ​លោក ម៉ែ​ន សា​រឿ​ន មេឃុំ​ព្រែក​តាសរ បាន​បដិសេធ​ថា ដី​បឹង​ទាំងនោះ​មិន​មានការ​ទិញ​-​លក់​នោះ​ទេ តែ​ដី​ជុំវិញ​បឹង​អ្នកស្រុក​លក់​មែន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ចុះហត្ថលេខា​ទទួលស្គាល់​ទេ ហើយ​តំបន់​មេទឹក ក៏​មិន​អាច​ធ្វើការ​ទិញ​លក់​បាន​ដែរ ព្រោះ​វា​ខុសច្បាប់​។

រីឯ​លោក សយ សុ​ធុន ដែល​ជា​ឈ្មួញ​ទិញ​ដី​បាន​ទទួលស្គាល់​ថា លោក​ពិតជា​បាន​ទិញ​ដី​របប​ក្រុម​នៅ​បឹង​ក្រចាប់ និង​បឹង​ប្រា មែន​។ ហើយ​ដី​បឹង​ក្រចាប់​សរុប​៧​ហិ​កតា ប៉ុន្តែ​អាជ្ញាធរ​ដក​ទុក​១​ហិ​កតា​ចំ​កណ្ដាល​​ដី ហើយ​លោក​ទិញ​បាន​៦​ហិ​កតា​។ ដោយឡែក​ដី​បឹង​ប្រា សរុប​១៥​ហិ​កតា អាជ្ញាធរ​ដក​ទុក​២​ហិ​កតា ចំ​កណ្ដាល​ដី ក្នុង​នោះ​លោក​ទិញ​បាន​តែ​មួយ​ចំនួន​ទេ នៅ​សល់​មួយ​ចំនួន​ទៀត នៅ​លើ​ពលរដ្ឋ​អាស្រ័យ​ផល​ដដែល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ