ខេត្ដប៉ៃលិន ៖ ជនសង្ស័យលួចម៉ូតូម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិនធ្វើការចាប់ឃាត់ខ្លួនបន្ទាប់ពីពលរដ្ឋបាត់ម៉ូតូ១គ្រឿង ហើយក៏ធ្លាប់បាត់ពីមុនៗមកដែរទើបប្តឹងឱ្យស្រាវជ្រាវរកឃើញតែម្តង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវចូលផ្សារសាមគ្គីកែងចំណតរថយន្តចាស់ ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ថុច ថន ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ប្រភពបន្តទៀតថា ក្រោយពីទទួលបានការប្តឹងរាយការណ៍តាមរយៈទូរស័ព្ទរួចមកលោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានចាត់តាំងអោយលោកអនុសេនីយ៍ឯក ជ ម៉ាញ អធិការរង និងលោកអនុសេនីយ៍ឯក គង់ សំណាង អធិការរងធ្វើការតាមដានរហូតដល់ចំណុចស្ពានសន្តិភាព ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ប្រទេះឃើញជនសង្ស័យ និងម៉ូតូរួចក៏ធ្វើការឃាត់ខ្លួនតែម្ដង ។
ពាក់ព័ន្ធបញ្ហានេះបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើរការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ