វ៉ាស៊ីនតោន/ប៉េកាំង ៖ ប្រភពចំនួនបីរូបដែលមកពីរដ្ឋាភិបាលអាមេរិក និងបីរូបទៀតមកពីវិស័យឯកជនបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បត្តិ៍មកថា ក្រុមប្រតិភូតំណាងប្រទេសចិនបានទៅកាន់សហរដ្ឋអាមេរិកដោយភ្ជាប់ជាមួយឯកសារព្រៀងដែលត្រូវបានកែសម្រួលដល់ទៅជិត១៥០ទំព័រ។
ប្រភពខាងលើបានបន្ថែមថា ឯកសារខាងលើពោរពេញទៅដោយការលេបពាក្យសម្តីដែលប្រទេសចិនបានសន្យាជាមួយនឹងសហរដ្ឋអាមេរិកលើចំណុចសំខាន់ៗនៃការទាមទាររបស់អាមេរិក។
ប្រទេសចិនបានលុបបំបាត់ការប្តេជ្ញាក្នុងការធ្វើវិសោដនកម្មលើច្បាប់ដើម្បីដោះស្រាយបណ្តឹងសំខាន់ៗដែលបង្កឲ្យសហរដ្ឋអាមេរិកចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មដែលរូមមានដូចជាការលួចកម្មសិទ្ធិបញ្ញា និងរឿងសម្ងាត់ពាណិជ្ជកម្មអាមេរិក ការបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យា គោលនយោបាយប្រកួតប្រជែង ការបើកទូលាយទីផ្សារហិរញ្ញវត្ថុ និងការបន្ទាបតម្លៃរូបិយប័ណ្ណជាដើម។
លោកប្រធានាធិបតូដូណាល់ត្រាំ(Donald Trump) បានឆ្លើយតបលើ Twitter របស់លោកកាលពីថ្ងៃអាទិត្យដោយសន្យាថានឹងបង្កើនពន្ធលើផលិតផលចិនប្រមាណ ២០០ប៊ីលានដុល្លារពី១០ទៅ២៥% នៅថ្ងៃសុក្រនេះ។
សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធផងដែរថា កំណើនពន្ធនឹងមានប្រសិទ្ធិភាពនៅថ្ងៃសុក្រ។ លោកប្រធានាធិបតីត្រាំបានឲ្យដឹងកាលពីថ្ងៃពុធថាប្រទេសចិនយល់ខុសហើយប្រសិនបើពួកគេចង់ចរចាពាណិជ្ជកម្មនាពេលដែលមានរដ្ឋាភិបាលមកពីគណបក្សប្រជាធិបតេយ្យ។យ៉ាងណាក្តី វិនិយោគិន និងអ្នកវិភាគចោទជាសំណួរថាតើការគម្រាមកំហែងរបស់លោកប្រធានាធិបតីត្រាំគ្រាន់តែជាវិធីសាស្ត្រក្នុងការចរចាឬទេ។
អ្នកចរចាតំណាងប្រទេសចិនបាននិយាយ ថាពួកគេមិនអាចប៉ះពាល់ច្បាប់ដែលសហរដ្ឋ អាមេរិកចង់ឲ្យខ្លួនធ្វើវិសោដនកម្មឡើយ។ មន្ត្រីចិនម្នាក់បាននិយាយថា ការធ្វើវិសោដនកម្មច្បាប់ក្នុងប្រទេសចិនត្រូវឆ្លងកាតដំណើរការដែលត្រូវការរយៈពេលយូរមួយ។ មន្ត្រីនេះក៏បានបដិសេធការចោទប្រកាន់ថាប្រទេសចិនបានលេបពាក្យសម្តីដែរ និងបានបន្ថែមថាការទាមទារពីសហរដ្ឋអាមេរិកកាន់តែមានភាពធ្ងន់ធ្ងរឡើង ហើយដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងកាន់តែតូចចង្អៀតផងដែរ ៕
ចែករំលែកព័តមាននេះ