ខេត្តព្រៃវែង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី៨ ខែឧសភា
ធ្វើឱ្យអ្នកស្រុកនាំគ្នាទៅចោម រោមមើលយ៉ាងកកកុញ ដោយសារគេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់លេខ២០៧ នៃផ្ទះសំណាក់រំចង់ ស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ។ ខណៈទើបតែស្រាវជ្រាវរកឃើញថា នាងដែលស្លាប់នេះ មានប្តីជាមន្ត្រីអាវុធហត្ថស្រុកលើកដែកម្នាក់ ។
ដំបូងឡើយ សពស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ដោយសារពុំមានឯកសារអ្វីនៅជាប់នឹងខ្លួនទាំងអស់ ។ នាងមានអាយុប្រមាណជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល ១AD-៩៦០១ មានកាបូបស្ពាយមួយដែលក្នុងនោះមានក្រដាសប៉ុន្មានសន្លឹក រួមជាមួយនិងស៊ីមទូរស័ព្ទចំនួន១ ។ ចំពោះមូលហេតុនៃការស្លាប់របស់ស្ត្រីវ័យក្មេងរូបនេះ ជាជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីឃាតកម្ម ដោយសារតែពេលពិនិត្យខ្លួនប្រាណសពឃើញមានស្លាកស្នាមរឹតកនឹងខ្សែអ្វីមួយ ។
ទោះជាយ៉ាងណាក្តី ចំពោះករណីនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា កើតឡើងដោយសារតែមូលហេតុអ្វីពិតប្រាកដនោះទេ ប៉ុន្តែសន្និដ្ឋានថា ឃាតករអាចជាប្រុសស្នេហ៍របស់ស្ត្រីរងគ្រោះ ដែល
មកជួលបន្ទប់ដេកជាមួយគ្នា ហើយបុរសនោះបានចេញទៅវិញបាត់ មុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងប្រមាណជា១០នាទី ។
បើតាមម្ចាស់ផ្ទះសំណាក់និយាយថា នៅវេលាម៉ោង៣រសៀលថ្ងៃនោះ ស្ត្រីរងគ្រោះនិងបុរសម្នាក់ជិះម៉ូតូម្នាក់មួយគ្រឿង បានមកជួលបន្ទប់មួយដោយប្រាប់ថា ជួលសម្រាកមួយម៉ោង ។ តាមរយៈពេលនៃការជួលនេះ នរណាក៏ដឹងដែរថា ពួកគេជួលកន្លែងសម្រាប់តែរួមរ័កគ្នាប៉ុណ្ណោះ ដែលការជួលបន្ទប់បែបនេះ
វាជារឿងធម្មតាទៅហើយ សម្រាប់ផ្ទះសំណាក់ទ្វារនាគ ។ លុះប្រមាណ១ម៉ោងក្រោយមក ឃើញបុរស
ម្នាក់នោះចេញទៅវិញតែម្នាក់ឯង ក្នុងអាកប្បកិរិយាប្រញាប់ប្រញាល់ និងមានអាការភ័យស្លន់ស្លោផង
ដែរ ។
ដោយមានការសង្ស័យ រូបគាត់ជាម្ចាស់ផ្ទះសំណាក់ក៏ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ស្រាប់តែឃើញស្ត្រីរងគ្រោះស្លាប់់ទៅហើយ ទើបមានការឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ ជុំវិញករណីមនុស្សឃាតនេះ ភ្លាមៗសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយកំពុងតែញាប់ដៃញាប់ជើងក្នុងការស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងប្រុសស្នេហ៍ដៃដល់
ដែលរត់គេចខ្លួន ។ គេជឿជាក់ថា នៅពេលចាប់ឃាត់ខ្លួនប្រុសស្នេហ៍នោះបានហើយ គេនឹងអាចដឹងបានថា តើបុរសរូបនោះសម្លាប់ស្រីស្នេហ៍របស់ខ្លួនដោយសារតែមូលហេតុអ្វី ។
ក្រោយពីការស្រាវជ្រាវរបស់សមត្ថកិច្ច ពេលនេះអត្តសញ្ញាណស្ត្រីរងគ្រោះត្រូវបានគេស្គាល់ហើយ នាងឈ្មោះ ហែ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ស្ត្រីរងគ្រោះរូបនេះមានប្តីហើយ គឺប្តីនាងជាមន្ត្រីអាវុធហត្ថស្រុកលើកដែក តែតាមប្រភពថានាងបានលួចទាក់ទង មានសហាយ គឺឃាតករដែលសម្លាប់រូបនាង ។
តាមរយៈនៃការស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះ មូលហេតុនៃការសម្លាប់ត្រូវគេសន្និដ្ឋានជាបឋមថា គឺជាការសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ព្រោះក្រុមគ្រួសារស្ត្រីរងគ្រោះបានអះអាងថា មុនពេលស្លាប់ នៅនឹងខ្លួននាងមានលុយជាង២ពាន់ដុល្លារ និងខ្សែកមាស ចិញ្ចៀនមាស សរុបជិត២តម្លឹង ប៉ុន្តែក្រោយពេលស្លាប់ ទ្រព្យសម្បត្តិទាំងនោះបាត់អស់រលីងសូម្បីក្នុងកាបូបនាងក៏អត់មានប្រាក់ដែរ ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការអះអាង របស់ក្រុមគ្រួសារអ្នកស្លាប់ប៉ុណ្ណោះ ឯមូលហេតុពិតយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត។
សម្រាប់ផ្ទះសំណាក់រំចង់ ដែលជាកន្លែងកើតហេតុ មិនមានបំពាក់កាមេរ៉ាសុវត្ថិភាពទេ តែតាមព័ត៌
មានថា នៅផ្ទះទល់មុខនោះ មានដាក់កាមេរ៉ាដែលថតបានបុរសដៃដល់ជិះម៉ូតូចេញពីផ្ទះសំណាក់នោះ
តែមុខមើលមិនច្បាស់ ដោយសារពាក់មួកសុវត្ថិភាពបិទជិត រីឯផ្លាកលេខម៉ូតូមើលឃើញព្រាលៗ ។
យ៉ាងណាក៏ដោយ ជនដៃដល់នោះមិនអាចរួចខ្លួននោះទេ ព្រោះតែអត្តសញ្ញាណស្ត្រីរងគ្រោះត្រូវបានគេស្គាល់ និងដឹងពីរឿងស្នេហាត្រីកោណអស់ទៅហើយនោះ ។អារឿងអុីចឹងឃាតករប្រាកដជារត់អត់រួច យូរឡើយគ្មានរួចខ្លួនទេ ជាមួយជំនាញនគរបាលព្រហ្មទណ្ឌ ។
ដរាបណាមានព័ត៌មានប្លែក យើងនឹងឡាយបន្តទៀត តើឃាតករពិត មុខមាត់ដូចមនុស្សលោកដែរឬ
អត់ ?
ចែករំលែកព័តមាននេះ